ក្នុងការស្រាវជ្រាវខាងបុរាណវិទ្យា ដោយការធ្វើកំណាយតាមវិធីសាស្ត្រ នៅក្នុងស្ថានីយភូមិមួយ នៅវត្តជើងឯកដែលជាទីប្រជុំជន នាសម័យ បុរេប្រវត្តិសាស្ត្រ លោក ផន កសេកា បានឲ្យដឹងថា កន្លងមកនេះកាលពីឆ្នាំ ២០០៩ លោកបានជួបប្រទះ កុលាលភាជន៍មួយចំនួន មានចោះរន្ធនៅបាត តែលោកមិនទាន់យល់ដឹងអំពីមូលហេតុនៅឡើយ ។
ដោយមានបំណងធ្វើការសិក្សាបន្ថែមលើបញ្ហានេះ យើងក៏បានស្នើឲ្យលោកផ្តល់នូវ ទិន្នន័យជារូបភាព និងឯកសារមួយចំនួនពាក់ព័ន្ធ ។ បន្ទាប់មក លោកក៏បានទទួលសំណូមពរនេះដោយសោមនស្ស ។
ការបញ្ចុះសពលើកទី ២ នៅថ្មបាំង ខេត្តកោះកុង ដោយជនជាតិស្អូច ឬ ជង
ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ចំណេះដឹងទូទៅ ដោយហេតុថាជិតពីរឆ្នាំមកហើយ ពុំទាន់មានការពន្យល់អំពីករណីភាជន៍ខាងលើនេះនៅឡើយ ដូច្នេះតទៅនេះយើងសូមផ្តល់ដោយសង្ខេប នូវពន្លឺថ្មីៗ ជុំវិញបញ្ហាដ៏សំខាន់នេះ។
បើយើងប្រៀបធៀបជាមួយកុលាលភាជន៍មួយចំនួន នាដើមសម័យប្រវត្តិសាស្ត្រ នៅអង្គរបុរី ភូមិស្នាយ និងថ្មីៗនេះ នៅភូមិព្រែកតាគាំ ក្បែរស្ពានជ្រោយចង្វារ យើងឃើញថាកុលាលភាជន៍នៅវត្តជើងឯក ជាពិសេសប្រភេទកណ្ឌី មានលក្ខណៈដូចគ្នា ពោលគឺមានចោះរន្ធនៅបាតក្រឡ ។ គឺប្រការនេះហើយ ដែលបង្ហាញឲ្យដឹងថា ការចោះរន្ធបែបនេះគឺជាប្រពៃណី ទំនៀមទម្លាប់មួយមានលក្ខណៈទូទៅ ក្នុងសម័យបុរាណ ដ៏យូរលង់ ។
ក្នុងការស្រាវជ្រាវរបស់យើង ពីប្រពៃណីកប់សព នៅអង្គរបុរីកន្លងមក យើងក៏បានឃើញមានការនិយមភាជន៍ សម្រាប់បញ្ចុះធាតុដោយមានចោះរន្ធនៅបាតភាជន៍ ដូចគ្នាដែរ ។ ហើយសំខាន់ជាងនេះទៀតប្រពៃណីប្រជាប្រិយនេះក៏នៅតែត្រូវបានបន្ត រហូតដល់សព្វថ្ងៃ ដោយគ្រាន់តែមានលក្ខណៈបែបពុទ្ធនិយមទៅវិញប៉ុណ្ណោះ ។
នៅខេត្តកោះកុង ដោយឡែកនៅថ្មបាំងក៏ដូច្នេះដែរ គឺបងប្អូន ជង ឬ ស្អូច ដែលជាជនជាតិដើមខ្មែរភាគតិច កន្លងមក ក៏បានបញ្ចុះធាតុក្នុងក្តារមឈូសឈើ ឬក្រឡ ពាង នៅក្នុងគុហារ ដែលស្ថិតតាមចង្កេះភ្នំ។ តែអ្វីដែលខុសប្លែកនៅតំបន់ព្រៃភ្នំនេះ គឺគេមិនប្រើកោដ្ឋ ដើម្បីផ្ទុកអដ្ឋិធាតុ ឬ ធាតុរបស់បុព្វបុរសគេដូចពុទ្ធសាសនិកទេ ។ តែទោះជាយ៉ាងណាក៏ដោយ តើអត្ថិភាពនៃទំនៀមទម្លាប់បញ្ចុះសពលើកទីពីរដ៏មានប្រជាប្រិយខាងលើនេះ មានទំនាក់ទំនងនឹងប្រពៃណីបញ្ចុះធាតុនៅវត្តជើងឯកដែរទេ ។
កណ្ឌីសម័យនគរភ្នំ បានពីវត្តជើងឯក (ឯកសាររបស់លោក ផុន កសិកា នៅ Southeast Asian Cultural Values : Cultural Industry, December 17-18 2009, Siem Reap)
សូមជម្រាបថា ការពិសោធន៍ដោយចុះទៅតាមស្រុកភូមិ ដោយធ្វើសំនួរផ្ទាល់មាត់ ចាស់ទុំ ដើម្បីពង្រីកការចេះដឹង បានផ្តល់នូវពត៌មានជាវិជ្ជមាន ដោយបានបង្ហាញបញ្ជាក់ឲ្យយើងដឹងថា ប្រពៃណីចោះរន្ធនៅបាតភាជន៍ខាងលើនេះ ពិតជាពាក់ព័ន្ធនិងការបញ្ចុះសពលើកទីពីយ៉ាងប្រាកដ ។ ដោយហេតុថា ជាទូទៅ រហូតដល់បច្ចុប្បន្ន ក្រោយពីការគាស់ឆ្អឹងសព ទៅបូជានិងភ្លើងឲ្យសល់តែសំណុះឆ្អឹងតូចៗ គេក៏រើសយកធាតុទាំងនោះ ដើម្បីយកទៅដាក់ក្នុងកោដ្ឋ ឬក្នុងក្រឡមួយជាទីគោរពរបស់គេ ។ ការធ្វើអង្កេតបានឲ្យដឹងទៀតថា មុននឹងដាក់កំទេចឆ្អឹងទាំងនោះក្នុងកោដ្ឋធ្វើអំពីស្ពាន់ ឬប្រាក់ ឬក៏ដីដុត កូនចៅសពរមែងតែងយកកំទេចឆ្អឹងទាំងនោះ ដាក់ក្នុងចានហើយលាងឲ្យស្អាតដោយប្រើទឹកដូងខ្ចី ហើយថែមទាំងហាលឲ្យស្ងួតជាមុនសិនផងដែរ ។ បន្ទាប់មកពួកគេយកកោដ្ឋផ្ទុកធាតុទាំងនោះ ទៅដាក់តម្កល់លើអាសនៈ ឬនៅលើក្បាលទូនៅលើផ្ទះខ្ពស់ពីដីដើម្បីជាទីគោរពសក្ការៈ ។
ឆ្នាំងដែលមានចោះរន្ធសំរាប់បញ្ចុះអដ្ឋិធាតុ (ឯកសាររបស់លោក ផុន កសិកា នៅ Southeast Asian Cultural Values : Cultural Industry, December 17-18 2009, Siem Reap)
នៅទីបំផុត ក្រោយពេលដែលបានគោរពបូជាធាតុទាំងនោះបានប្រមាណជាមួយ ឬពីតំណ មនុស្សរួចមក គេយកកោដ្ឋនោះទៅបញ្ចុះក្នុងចេតីយ ។ ចំណែកអ្នកក្រវិញ គេគ្រាន់តែយកធាតុឪពុក-ម្តាយ យាយ-តា របស់ខ្លួនទៅបញ្ចុះលើទួលណាមួយ ដែលទឹកមិនលិច ហើយស្ថិតមិនឆ្ងាយប៉ុន្មានពីស្រុកភូមិ តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ។
ការសិក្សាស្រាវជ្រាវបានឲ្យដឹងទៀតថា គេមានទម្លាប់និមន្តព្រះសង្ឃដើម្បីសូត្រធម៌បង្សុកូល ឧទ្ទិស បុណ្យកុសលជូនដល់មាតាបិតា ជីដូនជីតា ជារៀងរាល់ឆ្នាំមិនដាច់ទេ ។ ពីរឬបីឆ្នាំ គេធ្វើបុណ្យម្តង ដោយមានវត្តមានរបស់កូនចៅយ៉ាងច្រើនកុះករ ដែលអញ្ជើញមកគ្រប់ច្រកល្ហក ។
សូមជម្រាបផងដែរថា ប្រពៃណីបូជាសពលើកទីពីរខាងលើនេះ (ដូចបង្ហាញរូបភាពភ្ជាប់មកនេះ) ដោយគ្រាន់តែយកអដ្ឋិធាតុមកបញ្ចុះក្នុងកុលាលភាជន៍ ដូចករណីវត្តជើងឯក ឬ អង្គរបុរី ស្ថិតក្នុងអំឡុង ស.ត ទី១ ដល់ ទី៥ទី៦ នៃ គ.ស ពោលគឺសម័យឥណ្ឌានីយកម្ម នេះបើយោងតាមការសិក្សាស្រាវជ្រាវ លទ្ធផលនៃបុរាណវិទ្យា ។
ការធ្វើកំណាយនៅស្ថានីយ៍កោះតាមាសនៅខេត្តសៀមរាប, សពមានសំណែនជាប់នឹងខ្លួន (ថត ២០០៤)
យោងតាមការវិភាគ យើងអាចកត់សំគាល់ថា ការចោះរន្ធនៅបាតភាជន៍ កណ្ឌី ដើម្បីឲ្យធាតុបុព្វការីជនរលាយតាមធម្មជាតិ នៅវត្តជើងឯក មានលក្ខណៈគួរឲ្យចាប់អារម្មណ៍ ព្រោះថាប្រពៃណីបានបង្ហាញពីទំនាក់ទំនង វប្បធម៌រវាងតំបន់វត្តជើងឯក និងខេត្តផ្សេងៗទៀត ប្រកបដោយឧត្តមគតិ គឺការដឹងគុណបុព្វការីជន ។
មានន័យថា ទង្វើនេះទាក់ទងផ្ទាល់និងចារិកលក្ខណៈរបស់មនុស្សខ្មែរ ដែលសម្តែងឲ្យឃើញពីអាកប្បកិរិយាយ៉ាងច្បាស់គឺ កត្តញ្ញូតាធម៌ចំពោះដូនតា ដែលបានចែកឋានទៅ ។ ទន្ទឹមនឹងនេះដែរ គឺការផ្លាស់ប្តូរទម្រង់ប្រពៃណី ពិសេសការកប់សព ទៅការបូជាសពដោយភ្លើង ដោយជ្រើសធាតុសពដាក់ក្នុងកណ្ឌី ឬកោដ្ឋ ដើម្បីបញ្ចុះក្នុងដី ឬក៏សម្រាប់ទុកជាទីសក្ការៈ នៅលើទីតាំងណាមួយដូចក្នុងចេតីយជាដើម ៕ (ម.ត្រាណេ)