ភ្នំពេញ ៖ ការដាក់ដំណើរការដឹកជញ្ជូនតាមផ្លូវទឹក ព្រែកព្នៅ ភ្នំពេញ តាខ្មៅ លើកដំបូង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នឹងមានទូកដឹកអ្នកដំណើរ ចំនួន ៣គ្រឿង ២គ្រឿង ជាទូករបស់ក្រុមហ៊ុន Royal Express Boat អាចផ្ទុកមនុស្ស ៦០នាក់ ៣គ្រឿងទៀត ជាទូករបស់កំពង់ផែស្វយ័តភ្នំពេញ ដែលកំពុងសាងសង់ អាចផ្ទុកបាន ៥៤នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងពោងសុវត្ថិភាព។
ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ចំណតកំពង់ផែដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ឋិតនៅត្រង់ចំណុចទីលានប្រជាធិបតេយ្យថ្មី តាមបណ្តោយផ្លូវជាតិ៥។
នាឱកាសនោះ លោក ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ រាជរដ្ឋា ភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គ្រោងដាក់ឱ្យដំណើរការការដឹកអ្នកដំណើរទៅមក ព្រែកព្នៅ ភ្នំពេញ តាខ្មៅ នៅថ្ងៃទី៦ ខែមេសា ខាងមុខនេះ ដែលជាប្រវត្តិសាស្ត្រលើកដំបូង របស់កម្ពុជាដើម្បីចូលរួមចំណែក កាត់បន្ថយការកកស្ទះចរាចរណ៍ តាមផ្លូវគោក និងបង្កើនសុវត្ថិភាពចរាចរណ៍ដល់អ្នកធ្វើដំណើរ ចូល-ចេញ និងឆ្លងកាត់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។
ក្រោយការដាក់ដំណើរការ ទូករបស់កំពង់ផែស្វយ័តភ្នំពេញនឹងមកដល់ បន្ថែមមួយគ្រឿងផ្សេងទៀត។
ជាមួយទូក ៣គ្រឿងជាជំហ៊ានដំបូងនេះ នឹងធ្វើចរាចរណ៍ផ្តល់សេវា ចេញដំណើរពីព្រែកព្នៅទៅក្រុងតាខ្មៅ ចម្ងាយសរុបប្រមាណ២៥គីឡូ ម៉ែត្រ ចំណាយពេលវេលា ជាមធ្យម៣៤នាទី មានចំណតផែចំនួន ៥ រួមមាន៖ ចំណតផែព្រែកព្នៅ ទីលានប្រជាធិបតេយ្យថ្មី ផ្សាររាត្រី កោះពេជ្រ និងក្រុងតាខ្មៅ។
លោក ទេសរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះ នឹងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណោះស្រាយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងធ្វើអោយចំណេញពេលវេលា និងចូលរួមកាត់បន្ថយការភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ៕ ដោយ៖បញ្ញាស័ក្តិ