ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្តមណ្ឌលគិរី ឯកឧត្ដម ស្វាយ សំអ៊ាង បានជំរុញឲ្យស្ត្រីជាមន្ត្រីរាជការឲ្យខិតខំពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងឲ្យបានប្រសើរថែមមទៀត ដើម្បីអាចបង្ហាញសមត្ថភាព ព្រមទាំងមានឱកាសដឹកនាំអង្គភាព-ស្ថាប័ននានា ឲ្យបានច្រើនជាងពេលនេះ ក្នុងទិសដៅបម្រើសង្គមជាតិ និង ប្រជាពលរដ្ឋ ស្របតាមការលើកកម្ពស់ស្ត្រី របស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ ឯកឧត្តម បានឲ្យដឹងដូច្នេះ នៅក្នុងពិធីទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ ដែលបានរៀបចំកាលពីព្រឹកថ្ងៃទី១២ ខែមីនា ២០១៨ នៅសាលាខេត្តមណ្ឌលគិរី។
ឯកឧត្ដម ស្វាយ សំអ៊ាង បានឲ្យដឹងទៀតថា ប្រសិនបើស្ត្រីមិនព្យាយាមពង្រឹងសមត្ថភាពនោះទេ គឺមិនអាចមានលទ្ធភាពទទួលបានតួនាទីដឹកនាំខ្ពស់ៗនោះទេ ជាពិសេសមិនអាចមានឱកាសក្នុងការងាររួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលឲ្យបានច្រើនទេ។
ឯកឧត្ដម បន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ កំពុងលើកកម្ពស់តម្លៃដល់ស្ត្រីយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដើម្បីឲ្យស្ត្រីមានតួនាទី និងសិទ្ធិសេរីភាពស្មើជាមួយបុរស នៅតាមគ្រប់ល័ក្ខខណ្ឌ គ្រប់បរិបទសង្គម ដែលកត្តាទាំងនេះ គឺជាចំណុចចម្បងមួយផ្ដល់សិទ្ធិទៅលើស្ត្រីយ៉ាងទូលំទូលាយ ក្នុងការស្វែងរកឱកាសនៃភាពជោគជ័យដូចបុរសដែរ។ ផ្តើមពីបញ្ហានេះ ឯឧត្តមអភិបាលខេត្តមណ្ឌលគិរី ស្នើរដល់ស្ត្រីគ្រប់រូប គួរតែបង្កើនសន្ទុះក្នុងការប្រកួតប្រជែងសមត្ថភាពជាមួយបុរស លើកិច្ចការកសាងអភិវឌ្ឍន៍ជាតិ ឲ្យរីកចម្រើនថែមទៀតនាថ្ងៃខាងមុខ។
ជាមួយគ្នានេះដែរ លោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី បានឲ្យដឹង ក្នុងពិធីអបអរ សាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ២០១៨ នាឱកាសនេះថា ក្រសួងកិច្ចការនារី បានលើកយកប្រធានបទមួយ គឺ ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ ក្នុងគោលបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាល កំពុងគាំទ្រ និងជម្រុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស និងស្ត្រី។ លោកស្រី បន្តថា ការជំរុញ និងលើកកម្ពស់ដល់ស្ត្រី របស់រាជរដ្ឋាភិបាលរាល់ថ្ងៃនេះ គឺក្នុងគោលបំណងលើកកម្ពស់វឌ្ឍនៈភាពសង្គមឆ្ពោះទៅរកការផ្ដល់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី៕ ដោយ៖ សមុទ្រឈើ