បន្ទាយមានជ័យ ៖ ជាងធ្វើផ្ទះប្រមាណ៨នាក់ បានដូយផ្ទះឈើ២ល្វែង បណ្តាលបាក់សង្កត់ស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ទល់មុខសាខាពន្ធដាខេត្តបន្ទាយមានជ័យ នៅភូមិក្បាលស្បាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
លោកអនុសេនីយ៍ឯក ទិន សំបូរ នាយនគរបាលប៉ុស្តិ៍សង្កាត់ព្រះពន្លាប្រាប់ថា ជនរងគ្រោះដែលស្លាប់២នាក់រួមមានទី១.ឈ្មោះ ខ្លូត សារួន ភេទប្រុស អាយុ៥៩ឆ្នាំ (មេជាង)រស់នៅភូមិស្វាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ទី២.ឈ្មោះ ធុច ពិសិដ្ឋ ភេទប្រុស អាយុ៤០ឆ្នាំ (មេជាង)រស់នៅភូមិអង្គាបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ និងរបួសធ្ងន់ម្នាក់ ឈ្មោះ ឆាវ បួត ភេទប្រុស អាយុ២៩ឆ្នាំ (កម្មករ)រស់នៅភូមិអង្គាបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ។ នៅពេលគ្រោះថ្នាក់កើតឡើងគឺមានជាងឈើនិងកម្មករប្រមាណជា៨នាក់ បាននាំគ្នាដូយផ្ទះឈើ២ល្វែងខាងលិចផ្លូវជាតិលេខ៥ ស្ថិតចំការស្វាយ ក្នុងភូមិក្បាលស្បាន សង្កាត់ព្រះពន្លាក្រងសិរីសោភ័ណដែលមានម្ចាស់ឈ្មោះ ទី ភេទប្រុស មុខរបរលក់ម៉ូតូ ។ នៅពេលដូយផ្ទះឈើ២ល្វែងដើម្បីរៀបចំកល់ឥដ្ឋខាងក្រោមពេលដែលដូយដាក់កំណល់ក្រោមបណ្តាលភ្លាត់សង្កត់មកលើជាងដែលនៅខាងក្រោមបណ្តាលស្លាប់២នាក់នៅហ្នឹងកន្លែង ត្រូវបានគាស់យករបួសធ្ងន់ម្នាក់ត្រូវបានសង្គ្រោះបន្ទាន់បញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី៕ ដោយ៖បញ្ញាស័ក្តិ