រាជធានីភ្នំពេញ៖នាយកដ្ឋានព័ត៌មាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្ស ព្រះបាទភូមិបុល អាឌុលយ៉ាតេជ នៃព្រះរាជាណាចក្រថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
អមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។
ការអញ្ជើញចូលរួម របស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងពិធីនេះ គឺដើម្បីសម្តែងនូវសមានចិត្ត និងមរណទុក្ខដ៏ស្មោះស្ម័គ្រ ថ្វាយ និងជូនចំពោះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជនថៃ ព្រមទាំងសម្តែងការគោរពចុងក្រោយចំពោះព្រះវិញ្ញាណក្ខ័ន្ធអតីព្រះមហាក្សត្រថៃ ដែលបានសោទីវង្គត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦៕ ដោយ៖ សត្យា