សៀមរាប ៖ កម្មវិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាប លោកឃឹម ប៊ុនសុង បានលើកឡើងពីបញ្ហាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង ចរាចរណ៍ គឺត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេរឡើង ហើយគ្រប់មន្ទីរ ស្ថាប័ន អង្គភាព និង វិស័យឯកជន ដែលមានការពាក់ព័ន្ធ ចំពោះបញ្ហាអនាម័យ បរិស្ថាន សំខាន់នូវបង្គន់អនាម័យ និង ទីចំណតរថយន្ត ។
នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែ មីនា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា បានជួបធ្វើកិច្ចប្រជុំជាមួយអាជ្ញាធរខេត្ត នៃគណៈកម្មការរៀបចំកម្មវិធីអង្គរសង្ក្រាន្តខេត្តដឹកនាំដោយលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាសមាជិកអនុគណៈកម្មការរៀបចំ កម្មវីធីអង្គរសង្ក្រាន្តខេត្ត ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប ។
លោកបណ្ឌិត អភិបាលខេត្តក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង ចរាចរណ៍ នៅតំបន់គោរពពិធី ទោះបីយើងធានាបានល្អយ៉ាងណា ក៏យើងមិនត្រូវមានមោទនភាព និង ការធ្វេសប្រហែស កិច្ចការទាំងនេះឡើយ គឺត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេរឡើង ចំពោះកម្លាំងសមត្ថកិច្ច ប្រដាប់អាវុធគ្រប់ប្រភេទ ដោយ ត្រូវមានការចូលរួមពី ប្រជាពលរដ្ឋផងដែរ ។ ម្យ៉ាងទៀតគ្រប់មន្ទីរ ស្ថាប័ន អង្គភាព និង វិស័យឯកជន ដែលមានការពាក់ព័ន្ធ ចំពោះបញ្ហាអនាម័យ បរិស្ថាន សំខាន់នូវបង្គន់អនាម័យ និង ទីចំណតរថយន្ត គ្រប់ប្រភេទទៀតផង ។
មានប្រសាសន៍នោះដែរលោក ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់ថា ការប្រារព្ធធ្វើអង្គរសង្ក្រាន្តនៅលើទឹកដីប្រវត្តិ សាស្ត្រនៃខេត្តសៀមរាប គឺជាប្រវត្តិសាស្ត្រមួយសម្រាប់យុវជន ប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរណ៍បរទេសផងដែរ ។ ការប្រារព្ធអង្គរសង្ក្រាន្ត ដែលជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងជួបជុំយុវជន និង មហាជន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាមហាគ្រួសារខ្មែរតែមួយ និង ធ្វើឲ្យមានភាពរស់រវើក នៃសម្បត្តិបេតិកភណ្ឌអរូបិយខ្មែរយើង នៅលើទីតាំងបេតិកភណ្ឌរូបិយ ។ ក្នុងនោះដែរលោក ហ៊ុន ម៉ានី ក៏បានបញ្ជាក់ថា ការពង្រីកព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ឲ្យក្លាយជាព្រឹត្តិការណ៍អន្តរជាតិ ដើម្បីរឹតនូវចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និង ប្រជាជាតិលើសកលលោក ។ ម្យ៉ាងទៀតក៏បានផ្តល់ ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានធ្វើការស្វែងយល់ អំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា នាសម័យមហានគរ មកដល់បច្ចុប្បន្ន និង បន្តថែរក្សា កេរ្តិ៍មរតឲ្យបានគង់វង្ស និង បន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ ។
លោកក៏បានបន្តទៀតថា នេះជាការបំផុសនូវ គំនិតរួបរួមកម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយ ក្នុងការបណ្តុះស្មារតីអភិរក្ស អភិវឌ្ឍន៍វប្បធម៌ បាវចនាជាតិ ព្រលឹងជាតិ អត្តសញ្ញាណជាតិខ្មែរ ក្នុងបរិបថនៃសមាហរណកម្មសហគមន៍ប្រជាជាតិអាស៊ី អាគ្នេយ៍(រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ) ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ ។ ក្នុងនោះដែរលោក ហ៊ុន ម៉ានី ក៏បានលើកឡើងពីការ បង្ហាញនូវវប្បធម៌ និង សិល្បៈនៃការចែករំលែក ការរាប់អាន ភាពទន់ ភ្លន់របស់ប្រជាពលរដ្ឋខ្មែរ ក្នុងការជួយទុកធុរៈគ្នា ទៅវិញទៅមកដូចបងប្អូនតែមួយ ព្រមទាំងសំណូមពរមួយចំនួន ដល់អាជ្ញាធរខេត្ត និង សមត្ថកិច្ចខេត្ត និង សុំនូវការណែនាំមួយចំនួនពីអាជ្ញាធរខេត្ត នូវចំណុចសំខាន់ៗមួយចំនួន ក្នុងការផ្តល់ឱកាសឲ្យពាណិជ្ជករ សហគ្រិន អាជីវករ ចូលរួមបង្ហាញនូវម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ ផលិតផលសិប្បកម្ម ក្នុងការបង្ហាញផលិតផលវប្បធម៌ក្នុងតំបន់ និង ជម្រុញ បន្ថែមកំណើននៃភ្ញៀវទេសចរណ៍ នៅក្នុងព្រះរាជា ណាចក្រកម្ពុជាផងដែរ ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨នេះ និង មានធ្វើការបង្ហាញ ពីផលិតផលរបស់ខ្មែរ គឺ(ក្រម៉ាខ្មែរ ដែលមានប្រវែង ១ពាន់ម៉ែត្រ) ដែលមានរយៈពេល៤ថ្ងៃ ចាប់ពី ព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ហើយពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេច គតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕ ដោយ៖បញ្ញាស័ក្តិ