Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសង្គមស៊ីវិល ដាក់លិខិតចំហមួយជូនរដ្ឋមន្ត្រីក្រសួងចំនួន ៣ ស្នើសូមឱ្យចាត់ការតាមផ្លូវច្បាប់ ទៅលើមនុស្សល្បីចំនួន ៣ នាក់ពាក់ព័ន្ធនឹងករណីអំពើហិង្សាក្នុងគ្រួសារ ការបៀតបៀន និងការប្រើអំពើហិង្សាផ្លូវភេទលើស្ត្រី

spot_img

ភ្នំពេញ ៖ អង្គការសង្គមស៊ីវិល និងស្ថាប័ន ដែលកំពុងធ្វើការដើម្បីលើកកម្ពស់ សិទ្ធិមនុស្សរបស់ស្ត្រី និងសមភាពយេនឌ័រនៅកម្ពុជា បានដាក់លិខិតចំហមួយជូនរដ្ឋមន្ត្រីក្រសួងចំនួន ៣ ស្នើសូមឱ្យចាត់ការតាមផ្លូវច្បាប់ទៅលើមនុស្សល្បីចំនួន ៣ នាក់ ជាអតីតស្នងការនគរបាល អតីតឧកញ៉ា និងឧកញ៉ា ពាក់ព័ន្ធនឹងករណីអំពើហិង្សាក្នុងគ្រួសារ ការបៀតបៀន និងការប្រើអំពើហិង្សាផ្លូវភេទលើស្ត្រី។

នៅ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លិខិតចំហរបស់អង្គការសង្គមស៊ីវិល បានជូនចំពោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ លោកជំទាវបណ្ឌិត ម៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កម្មវត្ថុ៖ សំណើសុំចំណាត់ការតាមផ្លូវច្បាប់ទៅលើ ករណីរបស់ ឧកញ៉ា ហេង សៀ អតីតឧកញ៉ា ឌួង ឆាយ និង លោក អ៊ុក កុសល អតីតស្នងការនគរបាលខេត្តកំពង់ធំ លើករណីអំពើហិង្សាក្នុងគ្រួសារ ការបៀតបៀន និង ប្រើអំពើហិង្សាផ្លូវភេទលើស្ត្រី ។

ក្នុងលិខិតនោះ បានលើកឡើងថា ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល កំពុងធ្វើការ ដើម្បីលើកកម្ពស់សិទ្ធិមនុស្សរបស់ស្ត្រី និងសមភាពយេនឌ័រនៅកម្ពុជា មានការខកចិត្ត ជាខ្លាំងដែលស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមិនបានអនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពតាមគោលការណ៍ ច្បាប់ទៅលើករណីហិង្សា និងការបៀតបៀនផ្លូវភេទកន្លងមក ។ នៅក្នុងករណីទាំងនេះ ជនរងគ្រោះមិនបានទទួលនូវយុត្តិធម៌ពេញលេញ ដែលជាហេតុបង្កឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា និងជំរុញឱ្យមានការកើនឡើងនូវអំពើហិង្សា និងការបៀតបៀនផ្លូវភេទលើស្រ្តី និង ក្មេងស្រី ។ ចំណាត់ការកន្លងមក ក្នុងការបញ្ឈប់តំណែង និងបន្ថយឋានន្តរសក្ដិ ឬការស្ងាត់ស្ងៀម ចំពោះមន្ត្រីដែល មានអំណាច មិនបានផ្តល់នូវយុត្តិធម៌សម្រាប់ស្ត្រីរងគ្រោះឡើយ ហើយនេះបង្កជាវប្បធម៌និទណ្ឌភាពផងដែរ ។ ការប្រើអំពើហិង្សាក្នុងគ្រួសារ ការបៀតបៀនផ្លូវភេទ និងប៉ុនប៉ងរំលោភសេពសន្ថវៈ ជាបទល្មើសឧក្រិដ្ឋ ដែល ជនល្មើសគួរតែត្រូវបានផ្តន្ទាទោសទៅតាមច្បាប់ ។ ជាការសង្វេគណាស់ទៅហើយ ដែលស្រ្តីរងគ្រោះត្រូវរស់នៅ ជាមួយនឹងអតីតកាលដ៏អាក្រក់នេះអស់មួយជីវិតរបស់គាត់ នៅពេលដែលស្ត្រីខំជម្នះនិយាយចេញមក នូវ រូបភាព និងបទពិសោធន៍ដ៏ឈឺចាប់នេះ ក្នុងគោលបំណងតែមួយគត់គឺដើម្បីទទួលបានយុត្តិធម៌សម្រាប់ពួកគាត់ ។ ពេលនេះ ប្រជាពលរដ្ឋ បានសម្ដែងចេញនូវការស្អប់ខ្ពើមចំពោះអំពើហិង្សាលើស្ត្រី និងកំពុងរង់ចាំតាមដាន ចំណាត់ការរបស់ រាជរដ្ឋាភិបាលជាពិសេសស្ថាប័នមានសមត្ថកិច្ចទៅលើករណីរបស់ ឧកញ៉ា ហេង សៀ ក៏ដូចជាករណី លោក ឌួងឆាយ និង លោក អ៊ុក កុសល ផងដែរ ខណៈករណីផ្សេងៗទៀតដែលមិនត្រូវទទួលបានការចាប់អារម្មណ៍ ឬ ត្រូវបានដឹងឮ ដោយសារតជនរងគ្រោះជាច្រើន មិនអាចទម្លាយនូវរឿងរ៉ាវ ដែលបានកើតឡើងចំពោះពួកគាត់ ដោយសារកត្តាជាច្រើន រួមទាំងកត្តាសង្គមវប្បធម៌ផងដែរ ។ ចំណាត់ការដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ក្រសួងមាន សមត្ថកិច្ចពាក់ព័ន្ធ នៅពេលនេះ មានសារៈសំខាន់ណាស់ ក្នុងការឱ្យសារទៅ ស្ត្រីជាច្រើនទៀតដែលកំពុងរងគ្រោះ ឱ្យមានទំនុកចិត្តនិងជឿជាក់ឡើងវិញ លើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងជាសារទៅដល់សង្គមទាំងមូលថាកម្ពុជា ពិតជាមិនអត់ឱនជាដាច់ខាតចំពោះអំពើហិង្សាលើស្រ្តី ហើយអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចដែលរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាទទួលស្គាល់លើលិខិតតូបករណ៍ និង វិធានការលុបបំបាត់ហិង្សាលើស្ត្រី និងក្មេងស្រី ទាំងក្នុងច្បាប់ជាតិ និងអន្តរជាតិ ។

នៅក្នុងសេចក្តីសង្កេតសន្និដ្ឋានចុងក្រោយរបស់គណៈកម្មាធិការ នៃអង្គការសហប្រជាជាតិទទួលបន្ទុក លើអនុសញ្ញាស៊ីដ សម្រាប់ប្រទេសកម្ពុជា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ត្រង់កថាខណ្ឌ ១១(ង) និង កថាខណ្ឌ ៣៧(ឃ) បានចែងតម្រូវអោយរដ្ឋ “ចាត់វិធានការជាក់ស្ដែង ដើម្បីពង្រឹងឯករាជ្យភាព និងភាពមិន លម្អៀងនៃប្រព័ន្ធយុត្តិធម៌ និងធានាថាករណីរើសអើងផ្អែកលើយេនឌ័រ និងអំពើហិង្សាលើស្ត្រី ត្រូវបានស៊ើបអង្កេត ពេញលេញ ដោយជនល្មើសត្រូវបានកាត់ទោស និងទទួលទណ្ឌកម្ម ហើយជនរងគ្រោះទទួលបានដំណោះស្រាយ គ្រប់គ្រាន់” និង “អនុម័ត និងអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តទូលំទូលាយ ដើម្បីទប់ស្កាត់ និងឆ្លើយតបនឹងអំពើ ហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ ដោយរួមបញ្ចូលទាំងការបៀតបៀនផ្លូវភេទ ព្រមទាំងបង្កើតនូវយន្តការ ទទួលបណ្តឹងឯករាជ្យមួយ ដើម្បីធានាថា ជនរងគ្រោះអាចទទួលបាននូវដំណោះ ស្រាយប្រកបដោយប្រសិទ្ធភាព និងធានាថា ជនល្មើសត្រូវបានផ្តន្ទាទោសចំពោះទង្វើរបស់ខ្លួន” ។

ទន្ទឹមនឹងការធានាដល់យុត្តិធម៌ចំពោះជនរងគ្រោះ ជាការចាំបាច់បំផុតដែលអាជ្ញាធរពាក់ព័ន្ធក៏ត្រូវធានា ដល់សុវត្ថិភាព សុខភាពផ្លូវកាយ និងផ្លូវចិត្តដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ។ ការចូលរួមទាំងអស់គ្នាពីស្ថាប័នមានសមត្ថកិច្ច ព្រមទាំងសាធារណជនទាំងអស់ក្នុងការលុបបំបាត់នូវប្បធម៌បន្ទោសលើជនរងគ្រោះក៏ជាកត្តាសំខាន់ដែរព្រោះវាបានបង្កជាឧបសគ្គរាំងស្ទះដល់ការស្វះស្វែងរកយុត្តិធម៌ ព្រមទាំងធ្វើឱ្យស្ត្រីរងគ្រោះ កាន់តែរងគ្រោះបន្ថែមទៀត ។ ដល់ពេលវេលាដែលយើងត្រូវលុបបំបាត់វប្បធម៌និទណ្ឌភាព និងវប្បធម៌បន្ទោស ជនរងគ្រោះ និងបង្កើនការគាំទ្រ និងគាំពារដល់ស្ត្រីដើម្បីទទួលបាននូវយុត្តិធម៌សម្រាប់ទាំងខ្លួនគាត់និងសង្គម ជាតិផងដែរ ។

អាស្រ័យហេតុនេះ យើងខ្ញុំទាំងអស់គ្នា សង្ឃឹមជឿជាក់ថា សម្ដេចក្រឡាហោម លោកជំទាវបណ្ឌិត និង ឯកឧត្តម នឹងអន្តរាគមន៍ លើករណ៍ទាំងបីខាងលើប្រកបដោយប្រសិទ្ធភាពទៅតាមនីតិវិធីច្បាប់ ដើម្បីលើកស្ទួយ ស្ថានភាពប្រសើរឡើង នៃសិទ្ធិមនុស្សរបស់ស្ត្រីកម្ពុជា និងឈានទៅលុបបំបាត់រាល់ទម្រង់នៃការរើសអើង និងការប្រើអំពើហិង្សា គ្រប់រូបភាពលើស្រ្តីនិងក្មេងស្រី ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×