ភ្នំពេញ-តារាចម្រៀង ឡេង ណាវ៉ាត់ត្រា គ្រោងបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ឲ្យលេចធ្លោ គ្រាដែលបទចម្រៀង បែបបែកស្លុយមួយបទនោះ នឹងត្រូវចំណាយថវិកាគួរសមក្នុងការថតចម្រៀង MV។
តារាចម្រៀងមានងារជា ឧកញ៉ា លោក ឡេង ណាវ៉ាត់ត្រា បាននិយាយថា បទចម្រៀង “រាំបិទគូទ” របស់លោកគឺជាបទសាកល្បងដំបូងបំផុត ចាប់តាំងពីលោកបានក្លាយជាតារាចម្រៀង និងជាម្ចាស់ផលិតកម្ម ដែលមានបទប្រភេទបែកស្លុយបែបនេះប្រកួតប្រជែង។
ចម្រៀងមួយបទនេះ លោកមានការតាក់តែងទំនុកច្រៀងពីការចូលរួមគំនិតរបស់លោក ហើយមានក្រុមការងារជាអ្នកធ្វើភ្លេងអោយ ដោយទម្រាំសម្រេចបានមួយបទនេះ គឺលោកបានចំណាយពេលច្រើន ហើយបើនិយាយពីការឆ្លងយោបល់ចុះឡើងៗទម្រាំតែបានចេញបទ និងសម្រេចយកសាច់ភ្លេងនោះក៏ឆ្លងកាត់ច្រើនដែរ។
លោកថា បទចម្រៀងនេះ ស្ថិតក្នុងការរៀបចម្រៀងរៀបចំចេញថតយ៉ាងយកចិត្តទុកដាក់បំផុត ខណៈដែលគ្រាន់តែលោកជួលគ្រូអោយមកបង្កើតក្បាច់រាំដើម្បីអោយប្លែក និងបង្ហាត់តារាសម្ដែងអោយរាំស្រុះគ្នានៅក្នុង MV ផង ក៏ចំណាយអស់ខ្ពស់ ដើម្បីធ្វើអោយបទចម្រៀងទាំងមូលកាន់តែមានភាពទាក់ទាញនៅពេលដាក់បង្ហាញជាឈុតឆាកវីដេអូ។
លោករំពឹងថា បទចម្រៀងមួយបទនឹងទទួលបានចំនួនអ្នកចូលទស្សនា កាន់តែច្រើននៅពេលដាក់បង្ហោះ MV ដោយលោករំពឹងថា ផ្ទុះសម្រាប់អាជីពចម្រៀងរបស់លោកផង ក្នុងពេលដែលលោកនឹងមានគម្រោងជ្រើសយកបទនេះ ទៅច្រៀងអោយសប្បាយនៅក្នុងប្រទេសកូរ៉េ នៅពេលលោកធ្វើការប្រគំតន្ត្រីជាថ្មីម្ដងទៀតផងដែរ។ យ៉ាងណាមិញ លោកថា នឹងមិនមានគម្រោងផលិតបទបែកស្លុយសម្រាប់ច្រៀងខ្លួនឯងបន្ថែមទៀតនោះទេ
ដោយលោកនឹងងាកមកផលិតបទបែបប្រពៃណី ឬបែបមនោសញ្ចេតនាសម្រាប់ជំហានបន្តបន្ទាប់វិញជាជាង
បើទោះជាបទ«រាំបិទគូទ»នេះទទួលបានការគាំទ្រខ្លាំង នៅអំឡុងបុណ្យចូលឆ្នាំខ្មែរ៕ ដោយ-គីមស្រីរ័ត្ន