បន្ទាយមានជ័យ ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាចាត់តាំង កម្លាំងអាវុធហត្ថចេញល្បាតការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា រាល់បទល្មើសដែលកើតមានឡើង ជាពិសេសគ្រប់គ្រងនិងស្រាវជ្រាវរកគ្រប់មុខសញ្ញាប្រតិបត្តិការទាំងអស់ ដើម្បីផ្តល់សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ។
នៅព្រឹកថ្ងៃអង្គារ៍ទី១៣ ខែមីនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ ឆ្នាំ២០១៨ និងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារថ្នាក់មេបញ្ជការរងខេត្ត ចំនួន ២រូប ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់ចេញនូវផែនការសម្រាប់អនុវត្តន៍បន្ត ដោយចាត់តាំងជំនាញចុះស្រាវជ្រាវរុករុមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗ និងបង្កើនបណ្តាញផ្តល់ព័ត៌មាននៅតាមមូលដ្ឋានអោយបានច្រើន ។ អនុវត្តន៍បង្ការ បង្ក្រាប បទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ព្រៃឈើខុសច្បាប់ កាប់រានទន្ទ្រានយកដីរដ្ឋ រុករករ៉ែខុសច្បាប់ ចាប់ ឬនាំសត្វព្រៃខុសច្បាប់ និងបទល្មើសនេសាទខុសច្បាប់។ ត្រួតពិនិត្យ និងការអនុចត្តន៍ច្បាប់ចរាចរផ្លូវគោក ការគ្រប់គ្រងអាវុធជាតិផ្ទុះ បង្ក្រាបការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្ត ក៏ដូចតាមមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខផងដែរ។
លោកមេបញ្ជាការក៏បានណែនាំឲ្យប្រើប្រាស់កម្លាំងជំនាញ ធ្វើការស្រាវជ្រាវ តាមដាន ក្តាប់សភាពការណ៍ដែលអាចកើតមានឡើង ធ្វើការសន្និដ្ឋានវាយតម្លៃ ដើម្បីចាត់វិធានការដោះស្រាយឲ្យបានទាន់ពេលវេលា ។
ប្រុងប្រៀបរៀបចំសម្ភារៈ គ្រឿងបំពាក់ ចាត់តាំងវេណយាម ប្រចាំបញ្ជា និងចាត់តាំងកម្លាំងចេញល្បាតការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា រាល់បទល្មើសដែលកើតមានឡើង ។ គ្រប់មុខសញ្ញាប្រតិបត្តិការទាំងអស់ ត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះគ្រប់ហេតុការណ៍ ពិសេសចាត់វិធានការគ្រប់លទ្ធភាព ដើម្បីផ្តល់សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ្យបានល្អប្រសើរ ។
លោកបានថ្លែថា បន្តការអប់រំផ្សព្វផ្សាយ ស្ដីពីច្បាប់សិទ្ធមនុស្ស និងក្រមសីលធម៌ របស់កងយោធពលខេមរភូមិន្ទ ដល់កម្លាំងក្រោមឱវាទជាប្រចាំ ។ ត្រូវផ្សព្វផ្សាយ បទបញ្ជា សារាចរ សេចក្ដីណែនាំ ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលបានដាក់ជូន។ បន្តការងារមនុស្សធម៌ និងចុះសួរសុខទុក្ខក្រុមគ្រួសារអាវុធហត្ថជួបការលំបាក។
លោកមេបញ្ជាការបានបន្តទៀតថា តាមបណ្ដាអង្គភាពមូលដ្ឋានក្រុង ស្រុក ត្រូវជំរុញការងារប្រឡងប្រណាំង បង្កបង្កើនផល ដាំដុះ ចិញ្ចឹមសត្វ ដើម្បីឧបត្ថម្ភបន្ថែមលើការហូបចុករបស់កងកម្លាំង និងបន្តការងារជួសជុល កសាងសំណង់ផ្សេងៗ និងបន្តការយកចិត្តទុកដាក់ លើសុខមាលភាពកងទ័ពឲ្យមានអនាម័យ ការពារជម្ងឺឆ្លងគ្រប់ប្រភេទផងដែរ។ ក្នុងកិច្ចប្រជុំនោះដែរ លោកមេបញ្ជាការបានបញ្ជាក់បន្ថែមទៀតថា គ្រប់អាវុធហត្ថទាំងអស់ត្រូវយកចិត្តទុកដាក់បន្តការងារ បង្ការ បង្រាប និង សង្គ្រោះបន្ថែមទៀត លោកបានសង្កត់ធ្ងន់ថា អាវុធហត្ថគ្រប់មូលដ្ឋានក្រុង ស្រុកត្រូវយកចិត្តទុកដាក់ក្តាប់សភាពការណ៍ និងការពារសន្តិសុខសណ្តាប់ធ្នាប់ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ធគ្រប់ពេលវេលា ទៅតាមផែនការដែលសេនាធិការដ្ឋានបានដាក់ចេញផងដែរ ៕ ដោយ ៖ បញ្ញាស័ក្តិ