Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​គ​.​ជ​.​ប ស្នើ លោកស្រី រ៉ូ​ណា​ស្មី​ត ដាក់​ការិយាល័យ​របស់ UN នៅ គ​.​ជ​.​ប

spot_img

​ភ្នំពេញ ​៖​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជុំវិញ​លទ្ធផល​នៃ​ជំនួប​រវាង​លោក ស៊ិក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជាមួយនឹង​លោក​ស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ទីស្នាក់ការ​របស់​គ​.​ជ​.​ប នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ បាន​ពិភាក្សា​ការងារ​ស្តីពី​ការបោះឆ្នោត​ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​ពិភាក្សា​ជាមួយ​លោកស្រី​រ៉ូ​ណា ស្មី​ត លោក​ហង្ស ពុទ្ធា សមាជិក​និង​ជា​អ្នកនាំពាក្យ​គ​.​ជ​.​ប មានប្រសាសន៍ថា ជំនួប​រយៈពេល​កន្លងមក​នេះ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស មាន​ជំហរ​គាំទ្រ និង​មាន​ទំនុកចិត្ត​មក​លើគ​.​ជ​.​ប ដែល​បាន​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ បាន​បង្ហាញ​ពី​ការ​គោរ​សិទ្ធិមនុស្ស សិទ្ធិ​បោះឆ្នោត និង​បាន​ទទួលស្គាល់​ការងារ​របស់​គ​.​ជ​.​ប កន្លងមក​។​

​លោកស្រី​រ៉ូ​ណា​ស្មី​ត បានលើកឡើង​ពី​ក្តីព្រួយបារម្ភ​ថា ក្នុង​ស្ថាប័ន​ព្រឹទ្ធសភា​មាន​បក្ស​តែ​មួយ ប៉ុន្តែ​ករណី​នេះ​លោក​ហង្ស ពុទ្ធា បាន​ពន្យល់ថា ការ​ដែល​មាន​បក្ស​តែមួយ គឺ​ដោយសារតែ​នេះ​ជា​លទ្ធផល​ដែល​បាន​ពី​ការបោះឆ្នោត គ្មាន​នរណា​ម្នាក់​អាច​កែប្រែ​លទ្ធផល​នេះ​បានទេ​។ លោក​បាន​បន្ថែមថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ខាងមុខនេះ អ្នករាយការណ៍​ពិសេស មាន​ការជឿជាក់​ថា គ​.​ជ​.​ប នឹង​គោរព​បាន​នូវ​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ មានន័យ​ថា ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ផ្លូវការ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការចូលរួម​បោះឆ្នោត​នាពេលខាងមុខ ហើយ​សន្លឹកឆ្នោត​របស់​ពួកគាត់​នឹង​ត្រូវ​បាន​រាប់​យ៉ាង​ត្រឹមត្រូវ​។ ចំពោះ​ការចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ និង​ការចុះបញ្ជី​គណបក្សនយោបាយ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៣០​ខែ​មេសា​ឆ្នាំ​២០១៨ គ​.​ជ​.​ប ស្វាគមន៍​គ្រប់​គណបក្ស​នយោបាយ ឲ្យតែ​បំពេញ​បាន​ត្រឹមត្រូវ​តា​ម​ទម្រប់​ច្បាប់​។ លោក​បាន​សង្កត់ធ្ងន់ថា គ​.​ជ​.​ប បាន​អះអាង​ចំពោះ​មុខ​លោក​ស្រី​រ៉ូ​ណា​ស្មី​ត​ថា នឹង​រៀបចំ​ការបោះឆ្នោត​មួយ​អាច​ទទួលយកបាន ដែល​គណបក្ស​នយោបាយ​ទាំងអស់​មាន​ភាពស្មើគ្នា ចំពោះ​មុខ​ច្បាប់ ស្មើភាព​គ្នា​ក្នុងការ​ធ្វើ​សកម្មភាព​ផ្សេងៗ​ស្របតាម​ច្បាប់​។​

​លោក ស៊ិក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បាន​ស្នើ​ទៅ​កាន់​លោ​ស្រី​រ៉ូ​ណា​ស្មី​ត តំណាង​អង្គការសហប្រជាជាតិ ឱ្យ​ដាក់​អ្នកសង្កេតការណ៍ ឬ​រៀបចំ​ឲ្យមាន​ការិយាល័យ​អង្គការស​ហ​ប្រជាជាតិ​នៅ​ទីស្នាក់ការ គ​.​ជ​.​ប ដើម្បី​ឃ្លាំមើល​សុចរិត​ភាព​របស់​គ​.​ជ​.​ប ដែល​តាំងពី​មុន​មក គ​.​ជ​.​ប តែង​គោរព​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ​។

​លោក​បាន​បញ្ជាក់ថា តាម​បទពិសោធន៍​សម្រាប់​ការបោះឆ្នោត​សកល​ក្នុង​ឆ្នាំ​២០១៧ និង​សម្រាប់​ការបោះឆ្នោត​អសកល​ឆ្នាំ​២០១៨ គ​.​ជ​.​ប ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ហើយ​បទពិសោធន៍​ដ៏​ល្អ​នេះ គ​.​ជ​.​ប សង្ឃឹមថា ការឃោសនាបោះឆ្នោត នឹង​គ្មាន​បញ្ហា​អ្វី​ធំដុំ​នោះទេ ព្រោះ គ​.​ជ​.​ប មាន​កម្មវិធី​ច្បាស់លាស់ សម្រាប់​គណបក្ស​នយោបាយ​នី​មួយៗ ជាពិសេស គ​.​ជ​.​ប អនុវត្ត​ការងារ​ទៅ​តាម​បទបញ្ជា នីតិវិធី និង​ច្បាប់ ដែល​មាន​ជា​ធរមាន​។​

​លោក​បាន​ថ្លែង​ដូច្នេះ​ថា “​គ​.​ជ​.​ប ក៏​ស្នើសុំ​ឲ្យ​លោកស្រី រ៉ូ​ណា ស្មី​ត ដាក់​តំណាង​សង្កេតការណ៍​របស់ខ្លួន ឬ Office របស់​ខ្លួន​នៅ​ទីស្នាក់ការ គ​.​ជ​.​ប នេះ​ឯង​តែ​ម្ដង​។ ជុំវិញ​ការស្នើសុំ​នេះ មិនទាន់​មាន​ការបញ្ជាក់​ពី​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅឡើយ​ទេ​”​។​

​ចុងបញ្ចប់​នៃ​កិច្ច​ជំនួប លោកស្រី រ៉ូ​ណា ស្មី​ត លើកឡើងថា លោកស្រី​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​សកម្មភាព​ការងារ​រៀបចំ​ដំណើរ​ការបោះឆ្នោត​របស់​គ​.​ជ​.​ប​។ លោកស្រី​សង្ឃឹមថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ នឹង​ទទួលបាន​ជោគជ័យ​ដូច​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ផង​ដែរ ប៉ុន្តែ​លោកស្រី​នៅតែ​បាន​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​ខាងមុខ ដោយ​លោកស្រី​បាន​ជំរុញ​ឲ្យ គ​.​ជ​.​ប ត្រូវ​ធានា​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ស្មើៗ​គ្នា ក្នុង​ការជ្រើសរើស​តំណាង​របស់​ខ្លួន​ប្រកប​ដោយ​ក្តីពេញចិត្ត និង​បាន​ជំរុញ​ឲ្យ គ​.​ជ​.​ប អនុវត្ត​នូវ​បទ​ប្បញ្ញត្តិ​នានា​ដែល​មានចែង​ស្រាប់ ដើម្បី​ធានា​ឲ្យមាន​ការប្រកួត​ប្រជែង​ដោយ​ស្មើៗ​ភាព​គ្នា​។​

​សូមជម្រាបថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ត្រូវ​ដំណើការ​ឡើង​នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×