ភ្នំពេញ ៖ ក្រោយពីបណ្តាញសង្គមហ្វេសប៊ុក បង្ហាញមុខជនដៃដល់ វាយបុរសម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរនោះ រដ្ឋបាលខណ្ឌដូនពេញ ដែលមានលោកសុខ ពេញវុធ ជាចៅហ្វាយខណ្ឌ បានប្រកាសឲ្យអាជ្ញាធរ ចាត់វិធានការចាប់ជនដៃដល់ ដែលជាអតីតកងកម្លាំងសណ្តាប់ធ្នាប់ប្រចាំខណ្ឌដូនពេញ យកមកផ្តន្ទាទោសតាមច្បាប់។ អតីតកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ រូបនោះ ឈ្មោះ ភាជ គីមហាក់។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខណ្ឌដូនពេញ ដែលចេញនៅថ្ងៃទី១៣ មីនា ឆ្នាំ២០១៨ បានបញ្ជាក់ថា រដ្ឋបាលខណ្ឌដូនពេញ សូបជម្រាបជូនដំណឹងដល់ សាធារណជន បណ្តាញសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ឲ្យបានជ្រាបថា ករណីបុគ្គលឈ្មោះ ភាជ គីមហាក់ អតីតកម្លាំងប្រជាការពារខណ្ឌដូនពេញ ដែលបានប្រើអំពើហិង្សា ទៅលើលោក ស៊ុយ សារ៉េត ក្នុងព្រឹត្តការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១១ មីនា ឆ្នាំ២០១៨ កន្លងទៅ។
រដ្ឋបាលខណ្ឌដូនពេញ សូមបញ្ជាក់ថា ករណីបុគ្គល ដែលប្រព្រឹត្តអំពើហិង្សាខាងលើ គឺជារឿងទទួលខុសត្រូវផ្ទាល់របស់បុគ្គលនោះតែម្តង។ រដ្ឋបាលខណ្ឌ មិនគាំទ្រឲ្យមានការប្រព្រឹត្តអំពើហិង្សា ដូចករណីខាងលើឡើយ ហើយសូមឲ្យអាជ្ញាធរ ចាត់វិធានការចាប់ជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ ជាធរមាន។
សេចក្តីជូនដំណឹង បានឲ្យដឹងទៀតថា រដ្ឋបាលខណ្ឌដូនពេញ មានការសោកស្តាយនូវទង្វើអមនុស្សធម៌ របស់ជនបង្ក និងសូមឲ្យជនរងគ្រោះ ឆាប់ជាសះស្បើយឆាប់ៗ។
សូមបញ្ជាក់ថា លោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត ដែលត្រូវមហាជនព្រួតវាយស្ទើរស្លាប់រឿងគ្រោះថ្នាក់ចរាចរណ៍បើករត់ ។ រសៀលថ្ងៃទី១៣ ខែមីនានេះតាមរយៈមេធាវី ឈី សម្បត្តិ ដែលជាមេធាវីការពារឲ្យលោកបណ្ឌិតស៊ុយ សារ៉េត បានដាក់ពាក្យប្តឹងចូលដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ស្នើសមត្ថកិច្ចស្វែងរកជនដៃដល់វាយប្រហារលើគាត់ ដោយទារសំណង ១២០០ លានរៀល ដោយប្តឹងជនពាក់ព័ន្ធទាំងអស់ដែលប្រព្រឹត្តអំពើហិង្សាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ ។
ក្នុងបណ្តឹងនេះ បណ្ឌិត ស៊ុយ សារ៉េត ស្នើសមត្ថកិច្ចស្វែងរកជនពាក់ព័ន្ធទាំងអស់ និង ទាមទារសំណងជំងឺចិត្តចំនួនមួយពាន់ពីររយលានរៀល ដោយកូនស្រីរបស់លោកបណ្ឌិតឈ្មោះសារ៉េត សុផាធីតាពេជ្រ អាយុ១៨ឆ្នាំ ជាអ្នកផ្ទេរសិទ្ធិទៅអោយលោកមេធាវីដើម្បីចាត់ចែងបណ្តឹងមួយនេះ៕ ដោយ៖បញ្ញាស័ក្តិ