ភ្នំពេញ ៖ សម្តេចពិជ័យសេនា បានថ្លែងថា សាកលវិទ្យាល័យការពារជាតិ បានរួមចំណែកយ៉ាងសកម្ម លើកកម្ពស់ពង្រឹងសមត្ថភាពកងទ័ព ឲ្យមានវិជ្ជាជីវៈ ចំណេះដឹង និងចំណេះធ្វើយ៉ាងពិតប្រាកដ ក្នុងការទទួលខុសត្រូវបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព និងការរស់នៅរបស់ប្រជាជន។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឹន ឆ្នាំ២០១៧ និងប្រកាសតែងតាំង នាយឧត្តមសេនីយ៍ ជា តារា ជាសកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ នៅសាកលវិទ្យាល័យការពារជាតិ (ឫស្សីកែវ)។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងក្នុងឱកាសនោះថា ការបណ្តុះបណ្តាល និងហ្វឹកហ្វឹន ឆ្នាំ២០១៧ និងបើកវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឹន ឆ្នាំ២០១៨ របស់សាកលវិទ្យាល័យការពារជាតិ នាពេលនេះ គឺជាការខិតខំប្រឹងប្រែង និងជាលទ្ធផលវិជ្ជមានមួយ ដែលបានរួមចំណែកយ៉ាងសកម្មលើកកម្ពស់ពង្រឹងសមត្ថភាពកងទ័ព ឲ្យមានវិជ្ជាជីវៈ ចំណេះដឹង និងចំណេះធ្វើយ៉ាងពិតប្រាកដ ក្នុងការទទួលខុសត្រូវបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម បង្កលក្ខណៈសម្បត្តិងាយស្រួលដល់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចេរភាព និងការរស់នៅរបស់ប្រជាជនប្រកបដោយសុខដុមរមនា។ ចំពោះការផ្ទេរមុខតំណែងនិងផ្ទេរត្រាសិទ្ធរបស់សាកលវិទ្យាល័យការពារជាតិ នាពេលនេះ គឺជាកិច្ចដំណើរការនៃការកែទម្រង់ដ៏ស៊ីជំរៅ និងទូលំទូលាយនៅក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងផែនការកែទម្រង់របស់ កងយោធពលខេមរភូមិន្ទ សំដៅពង្រឹងការងារហ្វឹកហ្វឺនបណ្តុះបណ្តាលការងារគ្រប់គ្រង និងអភិបាលការងាររដ្ឋបាលឲ្យបានល្អកាន់តែមានប្រសិទ្ធភាពថែមទៀត។
ជាមួយគ្នានេះដែរសម្តេចពិជ័យសេនា ក៏បានសម្តែងនូវការកោសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកឧត្តមសេនីយ៍ឯក អ៊ុង ស៊ាន អតីតសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ ដែលបានខិតខំដឹកនាំសាកលវិទ្យាល័យឲ្យទទួលបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈនាពេលកន្លងមកនេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ស្របពេលការរីកចម្រើនរបស់ប្រទេសជាតិ និងការពារបូរណភាពទឹកដី កងយោធពលខេមរភូមិន្ទបានដើរតួនាទីសំខាន់ក្នុងការចូលរួមការពារសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ ការអភិវឌ្ឍ ព្រមទាំងរួមចំណែកក្នុងបុព្វហេតុសន្តិភាពនិងមនុស្សធម៌ លើពិភពលោក។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា កងយោធពលខេមរភូមិន្ទបន្តការកែទម្រង់លើគ្រប់វិស័យឲ្យស្របនឹងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាកងកម្លាំងដែលមានឧត្តមគតិស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ គោរពស្រលាញ់ប្រជាជន មានឆន្ទៈប្រយុទ្ធប្តូរផ្តាច់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការពារជាតិ ការពារនៅរាល់សមិទ្ធផលនៃសង្គម ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីប្រជាជន និងបន្តធ្វើទំនើបកម្ម បង្កើនការអភិវឌ្ឍន៍ធានធានមនុស្ស ក្នុងវិស័យការពារជាតិ តាមរយៈការលើកកម្ពស់ការបណ្តុះបណ្តាល និងហ្វឹកហ្វឺនយោធិន ទាំងនាយទាហាន និងពលទាហាន និងមានការបំពាក់ គ្រប់គ្រងអាវុធយុទ្ធភណ្ឌ ធានាភស្តុភារហិរញ្ញវត្ថុ និងជីវភាពរបស់យោធិន ព្រមទាំងការជំរុញអប់រំចិត្តសាស្ត្រ និងការងារគោលនយោបាយចំពោះយោធិននិងអតីតយុទ្ធជន ដើម្បីធានាឲ្យកងយោធពលខេមរភូមិន្ទ បំពេញបាននូវតួនាទីនិងភារកិច្ចរបស់ខ្លួន។
ក្នុងឱកាសនោះ ក៏មានប្រកាសព្រះរាជក្រឹត្យ អនុក្រឹត្យតែងតាំងផ្លាស់ប្តូរមុខងារនាយទាហាននៃកងយោធពលខេមរភូមិន្ទ ដោយ ឧត្តមសេនីយ៍ឯក អ៊ុង ស៊ាន ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ដោក សុផា ជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យការពារជាតិ បន្ថែមលើមុខងារបច្ចុប្បន្ន ហើយនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទៅជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ និងតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។ ជាមួយគ្នានេះដែរ ក៏បានប្រកាសក្រុមប្រឹក្សាអភិបាល នៃសាកលវិទ្យាល័យការពារជាតិ ដែលមាននាយឧត្តមសេនីយ៍ នាង ផាត ជាប្រធាន នាយឧត្តមសេនីយ៍ ភួង ស៊ីផាន និងនាយឧត្តមសេនីយ៍ ជា តារា ជាអនុប្រធាន៕ ដោយ ៖ បញ្ញាស័ក្តិ