តាកែវ ៖ ថ្លែងនៅចំពោះមុខមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ជាង៥០០នាក់ នៅក្នុងពិធីប្រជុំបូកសរុបសភាពការណ៏លទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមប្រចាំខែ និងប្រកាសផ្ទេរកិច្ច តែងតាំងមុខតំណែងបំពាក់ឋានន្តរស័ក្តជូនមន្ត្រីនគរបាលជាតិកាលពីរល្ងាចថ្ងៃទី ១៣ ខែមិនា ២០១៨ ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានចាត់អោយស្នងការរងទទួលផែនព្រំដែនចំនួន ២រូប ត្រូវចុះពិនិត្យរាល់ចំនុចអសកម្មដែលលោក កែវ សឿន មេបញ្ជាការ វរៈសេនាតូចការពារព្រំដែនគោកលេខ៦០៣ ធ្វើកន្លងមកមិនមានភាពរីកចម្រើនក្នុងទីបញ្ជាការ និងធ្វើអោយទីបញ្ជាការដ្ឋានកាន់តែអន់ថយទៅៗ ខណៈដែលមានប្រាក់ឧបត្តម្ភពីភាគីមិត្តនៃប្រទេសវៀតណាមជារាងរាល់ឆ្នាំដើម្បីធ្វើការអភិវឌ្ឍន៏នៅក្នុងទីបញ្ជាការ ។
ឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង បានលើកឡើងថា ទីបញ្ជាការពារវរៈមួយទាំងមូលមិនអាចថាគ្មានកន្លែងសម្រាប់កូនចៅដេក និងច្រកកោណនោះទេ ចំបាច់ណាស់នៅក្នុងទីបញ្ជាការវរៈការពារព្រំដែននេះ គឺត្រូវមានកំលាំងច្រើនជានិច្ច ពីព្រោះកងកំលាំងទាំងនេះ គឺជាកំលាំងស្នូល និងជាកំលាំងជួរមុខ ដែលត្រៀមលក្ខណៈជានិច្ច ២៤ម៉ោង លើ២៤ម៉ោង សម្រាប់ការមានអាសន្នអ្វីផ្សេងៗ ។ តែបែជាទីបញ្ជាការវរៈការពារព្រំដែនដ៏ធំមួយទាំងមូល នៅសល់តែកងកំលាំងតែ ៨ទៅ ៩នាក់ទៅវិញ មិនស្មើនិងកំលាំងប៉ុស្តិ៏រដ្ឋបាលផង ដូច្នេះលោកស្នងការរង ទាំងពីររូបដែលទទួលផែនលើកិច្ចការងារព្រំដែនត្រូវពិនិត្យឡើងវិញ និងពង្រឹងកំលាំងឡើងវិញ តែបើសិនជាលោកមេបញ្ជាការនោះធ្វើមិនកើត គឺមានអ្នកថ្មី ដែលគេអាចធ្វើអោយទីបញ្ជាការដ្ឋាននេះមានការអភិវឌ្ឍន៏និងរីកចម្រើនទៅមុខ មិនអាចបណ្តោយអោយគាត់បំបាក់ស្មារតីកងកំលាងនគរបាលរបស់យើងនោះទេ ។
ឯកឧត្តមស្នងការបានបន្តថា ជាមេបញ្ជាការវរៈការពារព្រំដែនមួយរូប ដែលឋិតនៅជាប់ភាគីមិត្តនៃប្រទេសវៀតណាម យើងត្រូវចេះទំនាក់ទំនងល្អ សហការគ្នាលើការងារព្រំដែន និងចេះដោះស្រាយដោយសន្តិវិធី រវាងភាគីមិត្តនៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ។
សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសផ្ទេរកិច្វ និងបំពាក់ឋាន្តរសិក្តជូនមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នាល្ងាចនេះគឺ មានចំនួន ៥១៥រូប ស្រី៨រូប ក្នុងនោះមន្ត្រីនគរបាលដែលត្រូវបំពាក់ឋានន្តរសិក្ត ថ្នាក់វរសេនីយ៍ទោ ចំនួន០៤នាក់ ថ្នាក់វរសេនីយ៍ត្រី ចំនួន០៤នាក់ ថ្នាក់អនុសេនីយ៍ឯក ចំនួន២៩០នាក់ ថ្នាក់អនុសេនីយ៍ទោ ចំនួន៧៥នាក់ ថ្នាក់អនុសេនីយ៍ត្រី ចំនួន៥៣នាក់ ថ្នាក់ព្រិន្ទបាលឯក ចំនួន០៨នាក់ និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ចំនួន១៤នាក់៕ តាកែវ