បុរស ៤រូបបាននាំគ្នាលូនចូលក្នុងអន្ទាក់ក្រពើ១ នៅ Port Douglas Marina, Queensland ប្រទេសអូស្ត្រាលី ត្រូវបានប្រសិទ្ធនាមថា “ពពួកល្ងង់ប្រចាំសតវត្សរ៍”។
តាមកាសែត Asia One រូបភាពីបុរស៤រូបលូនចូលអន្ទាក់ក្រពើក្រោយពីបានចែករំលែកលើបណ្តាញសង្គម Facebook ភ្លាមក៏ធ្វើឲ្យមានការចាប់អារម្មណ៍ភ្លែនដែរ ។
បុរស៤នាក់ លូនចូលអន្ទាក់ក្រពើ ដ៏សែនគ្រោះថ្នាក់
ព្រោះថា តំបន់នេះជាទីប្រមូលផ្តុំនូវហ្វូងក្រពើដ៏គ្រោះថ្នាក់។ ថ្មីៗនេះគេទើបដាក់អន្ទាក់ដើម្បីប្រមាញ់ចាប់ក្រពើប្រវែង ៤,៣ម៉ែត្រ ដែលបានវាយប្រហារអ្នកស្រី Anne Cameron អាយុ៧៩ឆ្នាំមុននេះ ២សប្តាហ៍។ គេទើបចាប់បានក្រពើនេះនៅទន្លេ Mowbray ។
ទង្វើឆ្កួតលីលានេះធ្វើឲ្យមនុស្សជាច្រើនបានដាក់ងារឲ្យបុរស ៤រូបខាងលើថា ជា “បុរសល្ងង់បំផុតប្រចាំសតវត្សរ៍”។
ស្ត្រីចៅហ្វាយក្រុង Julia Leu ពិតជាស្រឡាំងកាំងពេលឃើញរូបនេះ អ្នកស្រីពោលថា “ខ្ញុំពិតជាស្លុតចិត្តណាស់។ នេះជាទង្វើភ្លីភ្លើ ហើយគ្រោះថ្នាក់។ ខ្ញុំកំពុងសួរខ្លួនឯងថា តើបុរសទាំងនោះ កំពុងដណ្តើមពានរង្វាន់ល្ងង់ខ្លៅប្រចាំឆ្នាំ ឬប្រចាំសតវត្សរ៍?” ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃរដ្ឋ Queensland លោក Steven Miles ក៏ភ្ញាក់ផ្អើលខ្លាំងពេលឃើញរូបភាពនេះ។ លោកសរសេរលើ Twitter ថា ៖ “ពិតមែនឬ? យើងខ្ញុំដាក់សាច់ក្នុងនោះដើម្បីធ្វើនុយបញ្ឆោតក្រពើ។ កុំហែលចូលក្នុងនោះ។ វាជារឿងល្ងង់ខ្លៅ ហើយល្មើសច្បាប់”។
លោកបានឲ្យដឹងបន្ថែមទៀតថា ៖ ក្រុមនេះពិតជាប្រថុយប្រថានណាស់។ ពួកគេអាចរងពិន័យម្នាក់ៗ ១៥.០០០ដុល្លារ ប្រសិនត្រូវបានកាត់ទោសថា រារាំងអន្ទាក់ក្រពើនោះ…!៕ ដោយ៖ សូយន