ភ្នំពេញ៖ ប្រទេសកម្ពុជា បាននាំចូលជ្រូកសាច់(ជ្រូករស់) ពីប្រទេសជិតខាង មានប្រទេសថៃ និងវៀតណាម ជាដើម ដោយនៅក្នុងរយៈពេល ០៥ខែ ឆ្នាំ២០២១នេះ បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម បានបង្ហាញថា កម្ពុជាបាននាំចូលជ្រូកសាច់(ជ្រូករស់) ពីប្រទេសថៃ ប្រមាណជាង ៤៥ម៉ឺន ៥ពាន់ក្បាល ដើម្បីឆ្លើយតបតម្រូវការក្នុងស្រុក ដែលពុំទាន់មានសមត្ថភាពផ្គត់ផ្គង់បានគ្រប់គ្រាន់នៅឡើយ។

របាយការណ៍ដដែលនេះ បានបង្ហាញថា ក្រៅពីនាំចូលជ្រូករស់ កម្ពុជាក៏បាននាំចូលសាច់ជ្រូកពីប្រទេសជិតខាងមកដែរ ដែលមានទម្ងន់ប្រមាណ ១៣០តោន ក្នុងចន្លោះពីខែមករា ដល់ខែឧសភា ឆ្នាំនេះ។ ចំណែកការនាំចូលជ្រូកឆ្លងកាត់ប្រទេសកម្ពុជា មានប្រមាណជាង ៥ម៉ឺនក្បាល។
កន្លងទៅ មន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បានអនុញ្ញាតឲ្យនាំចូលជ្រូករស់តែពីប្រទេសថៃប៉ុណ្ណោះ ខណៈប្រទេសវៀតណាម ត្រូវបានផ្អាកការនាំចូលចាប់តាំងពីឆ្នាំ ២០១៩មកម្លេះ បន្ទាប់ពីមានករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅតាមបណ្តាកសិដ្ឋានជាច្រើននៅក្នុងប្រទេសនេះ ដែលបង្កក្តីបារម្ភពីការឆ្លងចូលមកក្នុងប្រទេសកម្ពុជាយើង។
នៅក្នុងអំឡុងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ផលិតកម្មចិញ្ចឹមជ្រូករបស់ប្រទេសកម្ពុជា មានកំណើនគួរឲ្យកត់សម្គាល់។ ផ្អែកតាមរបាយការណ៍ក្រសួងកសិកម្ម នៅឆ្នាំ ២០២០ កសិដ្ឋានចិញ្ចឹមជ្រូកនៅកម្ពុជា មានចំនួន ៥៤៧កន្លែង និងមានសត្វក្នុងស្តុកចំនួន ១,៣៣លានក្បាល កើនឡើង ១៥,៩០% បើធៀបនឹងឆ្នាំ២០១៩។

លោក ស្រ៊ុន ពៅ ដែលជាប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះ ស្ថានភាពចិញ្ចឹមជ្រូកនៅកម្ពុជា គឺមានភាពល្អប្រសើរណាស់ ប៉ុន្តែនៅពេលផ្ទុះជំងឺបេស្តជ្រូកអាហ្វ្រិក ឡើងមក វាអាចប៉ះពាល់ខ្លាំងដល់អ្នកប្រកបរបរមួយនេះ។ ដោយឡែក នៅក្នុង១ថ្ងៃ អ្នកចិញ្ចឹមក្នុងស្រុកអាចផ្គត់ផ្គង់ជ្រូកសាច់ មានចន្លោះពី ៤ពាន់ក្បាល ទៅ ៦ពាន់ក្បាល រីឯតម្លៃសាច់ជ្រូកដែលលក់ចេញពីកសិដ្ឋានផ្ទាល់ មានតម្លៃពី ១ម៉ឺន ៣ពាន់ ទៅ ១ម៉ឺន ៤ពាន់រៀល និងជ្រូករស់ដែលកសិករលក់ចេញជាមធ្យមតម្លៃ ២០០ដុល្លារ ក្នុង ១ក្បាល។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ បានឲ្យដឹងថា នៅឆ្នាំ ២០២០កន្លងទៅ កម្ពុជា បាននាំចូលជ្រូកសាច់ (ជ្រូករស់) ប្រមាណ ១,៦៧លានក្បាល បានកើនឡើងប្រមាណ ១៩៣ភាគរយ បើធៀបនឹងឆ្នាំ ២០១៩៕ រក្សាសិទ្ធិដោយ ៖ CEN


