Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​ប្រកាស​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ចំនួន​ពីរ​រូប​

​ភ្នំពេញ ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​សម្រេច​ប្រកាស​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ចំនួន​ពីរ​រូប សម្រាប់​ព្រឹទ្ធសភា​នីតិកាល​ទី​៤​។ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៨ ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា រដ្ឋសភា​បាន​ប្រគល់​ភារកិច្ច​ដល់​អគ្គលេខាធិកា​រដ្ឋា​ន​រដ្ឋសភា ធ្វើ​សេចក្តីជូនដំណឹង​ប្រកាស​ជ្រើសរើស​ឥស្សរជន​បេក្ខជន​ចាប់ពី​ថ្ងៃនេះ​ទៅ ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​នៅក្នុង​រយៈពេល​១៥​ថ្ងៃ​។​

​សូមជម្រាបថា កម្ពុជា​ទើបតែ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ កាលពី​ថ្ងៃអាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ កន្លងមកនេះ​។ ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ មាន​គណបក្សនយោបាយ​ចំនួន​៤​ចូលរួម​ប្រកួតប្រជែង​រួមមាន គណបក្ស ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​រាជានិយម​ហ្វ៊ុន​ស៊ិនប៉ិច​។ ជា​លទ្ធផល​បណ្តោះអាសន្ន គណបក្ស​ប្រជាជន​កម្ពុជា​បានឈ្នះ​អាសនៈ​ចំនួន​៥៨​។​

​អាសនៈ​ព្រឹទ្ធសភា​មាន​ចំនួន​៦២​។ ៥៨​បានមកពី​ការបោះឆ្នោត​អសកល​។ ២​អាសនៈ​តែងតាំង​ដោយ​ព្រះមហាក្សត្រ និង​២​អាសនៈ​ទៀត​ជ្រើសតាំង​ដោយ​រដ្ឋសភា​។ ការប្រកាស​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ចំនួន​ពីរ​រូប​នា​ពេល​នេះ គឺជា​ការបំពេញ​តាម​ច្បាប់​ដែល​បាន​កំណត់​។​

​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិកា​រ​អិចន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៥​មីនា​នេះ រដ្ឋសភា​ក៏បាន​អនុម័ត​យល់ព្រម​បញ្ចូល​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នូវ​សេចក្តីព្រាងច្បាប់​ស្តីពី អាជ្ញា​បណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ និង​បាន​អនុម័ត​លើ​របាយការណ៍​ស្តីពី សកម្មភាព​របស់​រដ្ឋ​សភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ និង​លើក​ទី​១០ នីតិកាល​ទី​៥ ដោយ​បាន​ប្រគល់​ភារកិច្ច​ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ពិនិត្យ​បញ្ចូល​បន្ថែមទៀត​នូវ​សកម្មភាព​របស់​រដ្ឋសភា រហូត​ដល់​ថ្ងៃ​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នាពេលខាងមុខ​៕​ ដោយ ​៖ ​ប​ញ្ញា​ស័ក្តិ​

×