ភ្នំពេញ៖ ការជក់បារី ផ្តល់ផលវិបាកយ៉ាងច្រើនដល់សុខភាព អ្នកជក់បារីនឹងក្លាយជាញៀនបារីយ៉ាងឆាប់រហ័សដោយសារនីកូទីន និងអាចបណ្តាលឱ្យស្លាប់ និងមានជំងឺធ្ងន់ធ្ងរជាច្រើន ដែលបណ្តាលឱ្យមានការប្រឈមនឹងការស្លាប់មុនអាយុ ។
ក្នុងវគ្គបំប៉ន ស្តីពីការអនុវត្តបរិស្ថាន ទីក្រុងគ្មានផ្សែងបារី កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៧ នៅសាលាខណ្ឌមានជ័យ លោកមា សុភាព បានថ្លែងថា ផ្សែងបារី ដែលជាសារធាតុញៀនមួយដែលធ្វើឱ្យអ្នកជក់បារីកាន់តែចង់ជក់បារីថែមទៀត ។ មិនតែប៉ុណ្ណោះ ធ្វើឱ្យមានរោគសញ្ញាញៀនដែលពិបាកទ្រាំ ។ ក្រសួងកំពុងស្វែងរកកិច្ចសហការពីបណ្ដាក្រសួងស្ថាប័នរដ្ឋនានា ចូលរួមបង្កើតកន្លែងធ្វើការគ្មានផ្សែងបារី នៅគ្រាដែលរដ្ឋាភិបាលក៏បានជំរុញឱ្យមានការអនុវត្តវិធានការនេះឱ្យបាននៅទូទាំងប្រទេស។ ការចូលរួមបង្កើតទីកន្លែងធ្វើការក្នុងស្ថាប័នរបស់ខ្លួនគ្មានផ្សែងបារី ជាប្រយោជន៍ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។
លោកបានបន្តថា ផលិតផលថ្នាំជក់បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទាំងអ្នកជក់ និងអ្នកស្រូបផ្សេងបារីពីគេ។ ហើយនៅកម្ពុជាជាមនុស្សប្រមាណ៣០នាក់ បានស្លាប់ជារៀងរាល់ថ្ងៃដោយសារជំងឺដែលបង្កពីការប្រើប្រាស់ថ្នាំជក់។ ថ្នាំជក់ជាឃាតករលាក់មុខ ហើយវាជាឧបសគ្គនៃការអភិវឌ្ឍប្រទេស។ យើងសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមចំណែកក្នុងការកសាងសមត្ថភាព អាជ្ញាធរមានសមត្ថកិច្ចបានមួយកម្រិតទៀត ដើម្បីចូលរួមអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងដើម្បីចូលរួមកែប្រែរាជធានីភ្នំពេញជាទីក្រុងគ្មានផ្សែងបារី។ ទីក្រុងគ្មានផ្សែងបារីគឺសំដៅដល់ការហាមមិនឲ្យជក់បារីនៅកន្លែងដែលមានដំបូល ក្រៅពីកន្លែងដែលមានដំបូល អ្នកជក់មានសិទ្ធិជក់។ ដោយឡែកកន្លែងមួយចំនួនដូចជា សាលារៀន វត្តអារាម រមណីយដ្ឋានប្រវត្តិសាស្ត្រ គ្រឹះស្ថានសុខាភិបាល សួនកុមារ កន្លែងងាយឆាបឆេះ ជាដើម ត្រូវបានហាមឃាត់មិនឲ្យជក់ក្នុងបរិវេណទាំងស្រុង។
សូមបញ្ជាក់ថា ក្នុងបណ្តាប្រទេសអាស៊ាន មានទីក្រុងជាច្រើនដែលបានប្រកាសថាទីក្រុងគ្មានផ្សែងបារី រួចហើយ ដូចជា ទីក្រុងម៉ាឡាកា ទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី វៀងចន្ទន៍ ហ្លួងប្រាបាង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ទីក្រុងហាយឡុង ហ៊័យអាន ប្រទេសវៀតណាម ខេត្តក្រាបី ប្រទេសថៃ ទីក្រុងម៉ាកាទី ក្រុងអីឡូអីឡូ ប្រទេសហ្វីលីពីន ជាដើម។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានសាទរចំពោះចំណាត់ការរបស់ក្រសួងសុខាភិបាល ដែលជំរុញឲ្យស្ថាប័នរដ្ឋបង្កើតទីកន្លែងគ្មានផ្សែងបារីនេះឡើង។ ក្រៅពីនេះលោកបានស្នើទៅរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ត្រូវបង្កើតជាគោលនយោបាយច្បាស់លាស់ ដើម្បីគ្រប់ដណ្ដប់ការហាមជក់បារីឲ្យបានទូលំទូលាយ។
លោក មុំ គង់ មានប្រសាសន៍បន្ថែមថា ចាប់ពីកន្លែងធ្វើការទៅដល់ភោជនីយដ្ឋាន មធ្យោបាយធ្វើដំណើរសាធារណៈ សួនកុមារ និងកន្លែងសាធារណជនដទៃទៀតប្រមូលផ្ដុំគ្នា ។ល។ ត្រូវបានហាមឃាត់ក្នុងការជក់បារី ហើយបើអ្នកចង់ជក់បារី ត្រូវប្រើប្រាស់ទីសាធារណៈ ដែលគ្មានមនុស្ស ចៀសវាងប៉ះពាល់ដល់អ្នកដទៃ។ ការអនុវត្តការហាមឃាត់ការជក់បារីនៅតាមកន្លែងធ្វើការរដ្ឋ និងទីសាធារណៈ គឺជាកាតព្វកិច្ចដែលកម្ពុជា ត្រូវតែអនុវត្តទៅតាមមាត្រា៨ នៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ ដែលកម្ពុជាបានផ្តល់សច្ចាប័នចូលជាសមាជិកតាំងពីឆ្នាំ២០០៥។
មាត្រា៨ នៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ បានចែងថា រាល់ភាគីនីមួយៗជាសមាជិក គឺត្រូវមានវិធានការច្បាស់លាស់ពីការការពារប្រជាពលរដ្ឋរបស់ខ្លួនពីការស្រូបផ្សែងបារី និងត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព។
កញ្ញា ម៉ក់ ទេវិន ប្រធានគម្រោងនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឲ្យដឹងថា ស្ថិតិនៃការខាតបង់ដោយសារការប្រើប្រាស់ថ្នាំជក់នៅកម្ពុជា ដោយក្នុងនោះនៅឆ្នាំ២០១៣ កម្ពុជាមានអ្នកជក់បារីសរុបប្រមាណ១៤៧៨១១៣ឬជិត១,៥លាននាក់ ក្នុងនោះប្រុស៣៩ភាគរយ និងស្រី៣,៤ភាគរយ។ កញ្ញា បានបន្ថែមថា ការជក់បារីបណ្តាលឲ្យប្រជាពលរដ្ឋកម្ពុជា ប្រមាណ១ម៉ឺននាក់បានស្លាប់ ជារៀងរាល់ថ្ងៃដោយសារជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ហើយចំណាយទៅលើការទិញបារីស្នើនឹង២០០លានដុល្លារ។ នៅឆ្នាំ២០១៣ គ្រាន់តែចំណាយទៅលើការព្យាបាលជំងឺ៥មុខស្នើនឹង១៦២លានដុល្លារ។
គួរឲ្យដឹងផងដែរថា ក្រសួងសុខាភិបាលព្រមានផាកពិន័យក្រុមហ៊ុនផលិតផលថ្នាំជក់ ដែលមិនអនុវត្តតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ អនុក្រឹត្យស្តីពីការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ទំហំ៥៥% បានចូលជាធរមាន តាំងពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៦ ។ ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតផលថ្នាំជក់មួយចំនួនពុំទាន់អនុវត្តបានពេញលេញនៅឡើយ។ បន្ថែមលើសពីនេះទៀត គ្រប់ក្រុមហ៊ុនផលិតផលថ្នាំជក់នៅមិនទាន់គោរពបានលើវិធានការចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហកម្មថ្នាំជក់ ដូចដែលមានចែងក្នុងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់នៅឡើយទេ ដោយបន្តការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ក្រោមរូបភាពជាច្រើនដូចជាតាមរថយន្ត និងក្រុមស្ត្រីចល័តជាដើម ដោយឡែកចំពោះការដាក់តាំងផលិតផលថ្នាំជក់តាមកន្លែងលក់វិញ ក្រុមហ៊ុនផលិតផលថ្នាំជក់ នៅតែបន្តដាក់តាំងទូលក់ផលិតផលមិនត្រឹមត្រូវតាមប្រកាសរបស់ក្រសួងសុខាភិបាលទេ ដូចជាដាក់តាំងធុងបារីលើសពីមួយ ហើយធុងបារី និងផ្ទៃតាំងផលិតផលថ្នាំជក់មានចំនួនលើសការកំណត់ ដោយវាមានទំហំធំ និងពណ៌ខុសពីការកំណត់របស់ក្រសួងដោយសារធុងទាំងនោះមានរូបភាពផ្សាយពាណិជ្ជកម្មបារីជាពណ៌ ជាមិត្តសញ្ញាក្រុមហ៊ុនជាដើម។
ក្រសួងសុខាភិបាល ក៏បានព្រមានដល់ក្រុមហ៊ុនផលិតផលថ្នាំជក់ទាំងអស់ កុំឲ្យបន្តរំលោភច្បាប់ទៀត។ ក្នុងករណីមិនគោរពលិខិតព្រមាននេះ ក្រសួងសុខាភិបាលនឹងធ្វើការផាកពិន័យក្រុមហ៊ុនផលិតផលថ្នាំជក់ដែលល្មើសទាំងនេះ ដូចមានចែងក្នុងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ជាធរមាននាពេលខាងមុខឆាប់ៗនេះ។
បើតាមការស្រាវជ្រាវបានឲ្យដឹងថា ការជក់បារីអាចបណ្ដាលឲ្យស្ទះផ្លូវដង្ហើម រលាកទងសួត កើតរោគមហារីក និងការចុះខ្សោយផ្លូវភេទជាដើម។ ក្រៅពីនេះ ការជក់បារីអាចធ្វើឲ្យអ្នកគេងមិនលក់ បាយមិនបាន ឆាប់ហេវហត់អស់កម្លាំង និងកាត់បន្ថយអាយុផងដែរ។
ចំពោះស្ត្រីមានផ្ទៃពោះវិញ ការជក់បារីអាចបណ្ដាលឲ្យទារកកើតមិនគ្រប់ខែ ឬស្លាប់ និងបង្កគ្រោះថ្នាក់ចំពោះម្ដាយ។ ជាតិនីកូទីននៅក្នុងថ្នាំជក់ អាចបណ្ដាលឲ្យត្បៀតសរសៃឈាមក្នុងទងសុក ដែលធ្វើឲ្យបរិមាណអុកស៊ីហ្សែនផ្គត់ផ្គង់ទៅគភ៌មានការថយចុះ ជាហេតុបង្កហានិភ័យយ៉ាងខ្លាំងក្នុងពេលទារកប្រសូត។ បារីគ្មានប្រយោជន៍ចំពោះសុខភាពនោះទេ គឺមានតែផលប៉ះពាល់ម្យ៉ាងប៉ុណ្ណោះ។
បើតាមការស្រាវជ្រាវមួយផ្សេងទៀតបានឲ្យដឹងថា មនុស្សដែលឈប់ជក់បារីនៅអាយុ ៤០ឆ្នាំ អាចបង្កើនអាយុបាន ១០ឆ្នាំទៀត។ ការឈប់ជក់បារីនៅពាក់កណ្ដាលវ័យ អាចបញ្ចៀសការស្លាប់មុនអាយុជាងអ្នកជក់ដល់ទៅ ៩០ភាគរយ។
កញ្ញា ម៉ក់ ទេវិន បានឱ្យដឹងផងដែរថា កន្លងមកក៏ធ្លាប់ផ្សព្វផ្សាយទៅកាន់ម្ចាស់អាជីកម្ម សេវាកម្មទេសចរណ៍មួយចំនួនក្នុងនៅរាជធានីភ្នំពេញ។ កញ្ញា បានបន្តថា បន្ទាប់ពីធ្វើការផ្សព្វផ្សាយរួច ឃើញថាម្ចាស់អាជីវកម្ម មានការយកចិត្តទុកដាក់ចំពោះបរិស្ថានគ្មានផ្សែងបារីនេះ ប៉ុន្តែនៅមានតំបន់មួយចំនួនដែលនៅតែមានអ្នកជក់នៅក្នុងភោជនីយដ្ឋាន និងសណ្ឋាគារនៅឡើយ៕ ដោយ៖កូឡាប