ភ្នំពេញ ៖ អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងជាច្រើននាក់ បានបរិច្ចាគអាហារនិងគ្រឿងឧបភោគបរិភោគជាច្រើនផ្សេង ទៀតដល់ជនដែលងាយរងគ្រោះបំផុត ពីជំងឺកូវីដ១៩តាមរយៈវីងម៉ល អស់រយៈពេលជាងពីរសប្តាហ៍កន្លងមកនេះ។
ប្រជាជនរាប់ពាន់នាក់ត្រូវបានហាមឃាត់ មិនឲ្យចេញពីកន្លែងរាំងខ្ទប់កាលពីខែមុន ដើម្បីការពារនិងកាត់បន្ថយ ពីការរីករាលដាលនៃជំងឺកូវីដ១៩។ ទាំងនេះបានធ្វើឲ្យប្រជាជនមួយចំនួន បាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ជាពិសេស អ្នកដែលប្រកបរបរក្រៅប្រព័ន្ធ។

យី សុធារី អ្នកបរិច្ចាគម្នាក់បាននិយាយថា៖ «ខ្ញុំបានឃើញអ្នករើសសំរាម និងអ្នកធាក់ស៊ីក្លូជាច្រើន នៅតាមដងផ្លូវដែលពួកគាត់បាត់បង់សមត្ថភាព ក្នុងការរកប្រាក់ចំណូលប្រចាំថ្ងៃ។ ពេលខ្លះពួកគាត់ស្ទើរតែគ្មានអាហារបរិភោគក៏មានដែរ»។
ដោយមើលឃើញពីទុក្ខលំបាក នៅក្នុងសហគមន៍យ៉ាងដូចច្នេះ សុធារី និងមិត្តភក្តិប្រមាណ៥០នាក់ផ្សេងទៀត បានរួមវិភាគទានចំនួន៣៧០ដុល្លារ និងបានសម្រេចជ្រើសរើសយកវីងម៉ល ដើម្បីបញ្ជាទិញអាហារដើម្បីដឹកជូនដល់អ្នកខ្វះខាត រហូតទៅដល់៧០នាក់ក្នុងក្រុងភ្នំពេញ ដោយចំណាយពេលត្រឹមតែមួយម៉ោងតែប៉ុណ្ណោះ។

សុធារី បានបន្ថែមទៀតថា៖ «អ្វីដែលធ្វើឲ្យយើងពេញចិត្តនោះ គឺយើងបានជួយសហគមន៍របស់យើង បានដូចយើងបានជួបពួកគាត់ដោយផ្ទាល់អញ្ចឹង ។ យើងគ្រាន់តែចុចពីរបីប៉ក់ បន្ទាប់មកយើងអាចបញ្ជូនបាយឆាក្តាម៧០កញ្ចប់ រួមទាំងទឹកសុទ្ធដើម្បីចែកជូនដល់ពូពូអ្នកធាក់ស៊ីក្លូ និងអ្នករើសសំរាមបានយ៉ាងរហ័ស។ រយៈពេល២ទៅ៣នាទីបន្ទាប់ពីចែកអាហាររួច ក្រុមដឹកជញ្ជូនវីងម៉លបានចែករំលែករូបភាព នៃសកម្មភាពចែកអាហារបស់ពួកយើង។ វីងម៉លមិនត្រឹមតែអាចជួយ ដល់អ្នកកំពុងជួបទុក្ខលំបាកតែប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ភាពងាយស្រួលសម្រាប់ជួយគ្នាក្នុងគ្រាលំបាកបាន។»
លោក ឈន ថន អ្នកធាក់ស៊ីក្លូមួយរូបដែលបានទទួលអំណោយ បាននិយាយថា ការចែករំលែកអំណោយទានទាំងនេះ ពិតជាផ្តល់ប្រយោជន៍ខ្លាំងណាស់ដល់កម្មករ អ្នករើសសំរាម និងអ្នកដ៏ទៃផ្សេងទៀត ដែលកំពុងជួបទុកលំបាក។

លោក ថន បាននិយាយថា៖ «ចាប់តាំងពីការរីករាលដាលនៃមេរោគកូវីដ១៩ អស់ជាច្រើនថ្ងៃមកហើយ ដែលភាគច្រើនខ្ញុំទៅផ្ទះដោយដៃទទេ។ វាពិតជាលើកទឹកចិត្តដល់ពួកខ្ញុំណាស់ ដែលមានសប្បុរសជនដឹងពីទុកលំបាករបស់ពួកយើង។ ខ្ញុំនិងអ្នកក្បែរខ្ញុំដែលកំពុងទីទ័ល បានទទួលជំនួយឧបត្ថម្ភជាច្រើនពីសប្បុរសជន ។ ខ្ញុំពិតជាសូមថ្លែងអំណរគុណ ដល់បងប្អូនម្ចាស់ជំនួយទាំងឡាយណាស់»។
ម្ចាស់ជំនួយគ្រាន់តែបើកកម្មវិធីស្មាតហ្វូនវីង(Wing Money App) រួចចូលទៅកាន់ “វីងម៉ល”( WingMall) បន្ទាប់មកបញ្ជាក់ ទីកន្លែង ឈ្មោះ ឬលេខទំនាក់ទំនងរបស់អ្នកទទួល នោះក្រុមដឹកជញ្ជូនរបស់ វីងម៉លនឹងនាំយកជំនួយទាំងនោះទៅចែកជូនដល់ជនខ្វះខាត ព្រមទាំងមានការផ្ញើររូបភាពត្រឡប់មកវិញ ដើម្បីធ្វើជាភស្តុតាងដល់សប្បុរសជន។
លោក សាក់សាម ស៊ូបាម នាយកគ្រប់គ្រងការទូទាត់អាជីវកម្មអេឡិកត្រូនិកវីងម៉ល មានប្រសាសន៍ថា បែបបទនៃការផ្តល់ជំនួយទាំងនេះ ត្រូវបានរៀបចំឡើង ដើម្បីភ្ជាប់ទំនាក់ទំនងរវាងម្ចាស់ជំនួយនិងជនទីទាល់។

លោកសាក់សាម បានបន្តថា៖« ការផ្តួចផ្តើមទាំងនេះ គឺដើម្បីជួយគ្រួសារដែលកំពុងជួបទុក្ខលំបាក។ វាមិនត្រឹមតែជួយអ្នកដែលកំពុងខ្វះខាតតែប៉ុណ្ណោះទេ តែវាបានបង្ហាញពីសាមគ្គីភាពជាតិ តែមួយ ដើម្បីជួយគ្នាក្នុងគ្រាមានអាសន្ន»។
អតិថិជនរបស់វីងម៉ល អាចទិញទំនិញជាច្រើន ពីហាងរាប់ពាន់ នៅទីក្រុងភ្នំពេញជាមួយអាហារ និងភេសជ្ជៈដ៏សំបូរបែបដែលបានដាក់បង្ហាញនៅលើវីងម៉ល។
សម្បុរសជននិងទទួលបានការបញ្ចុះតម្លៃ និងសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ។ អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងទាំងអស់ អាចបន្តផ្តល់ជំនួយដល់ជនដែលងាយរងគ្រោះ ដោយជំងឺកូវីដ១៩ តាមរយៈវីងម៉ល ប្រកបដោយភាពងាយស្រួល៕រក្សាសិទ្ធិដោយ៖CEN
