Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងជូនបុគ្គលិក

ភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបញ្ចប់ការចាក់វ៉ាក់សាំងជិត ៨០% នៃបុគ្គលិក និងអ្នកម៉ៅការចំនួន ៧០០នាក់ នៅក្រុមហ៊ុន ដែលជាផ្នែកមួយនៃយុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល ៣សប្តាហ៍របស់ក្រុមហ៊ុន។

ដោយមានការយកចិត្តទុកដាក់ជាចំបងទៅលើសុខភាព និងសុវត្ថិភាពរបស់បុគ្គលិក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានរៀបចំព្រឹត្តិការណ៍ចាក់វ៉ាក់សាំងនេះឡើង នៅឯរោងចក្រផលិតស្រាបៀរដ៏ទំនើបរបស់ក្រុមហ៊ុន ក្រោមការសហការជាមួយ នឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ យុទ្ធនាការចាក់វ៉ាក់សាំងនេះបានចំណាយពេល ៣សប្តាហ៍។

លោកស្រី អ៊ែន អូលីវ័រ (Anne Ollivier) នាយកផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា៖ “បុគ្គលិក គឺជាកម្លាំងស្នូលរបស់ក្រុមហ៊ុនយើង ហើយសុវត្ថិភាពគឺជាកត្តាអាទិភាពរបស់យើង។ ដូច្នេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចាំបាច់ត្រូវរៀបចំឲ្យបានលឿនបំផុត តាមដែលអាចធ្វើបាននូវកម្មវិធីចាក់វ៉ាក់សាំងជូនបុគ្គលិកនេះ ដើម្បីធានាថា បុគ្គលិករបស់យើង ដែលជាកម្លាំងចលកររបស់អាជីវកម្មយើងមានសុវត្ថិភាព។”

ក្រុមការងារមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានក្រុមវេជ្ជបណ្ឌិត និងគិលានុប្បដ្ឋាក បានសហការយ៉ាងលល្អដើម្បីពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងនេះផងដែរ។

លោកស្រី អ៊ែន អូលីវ័រ បានបន្ថែមថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំកម្មវិធីចាក់វ៉ាក់សាំងនាថ្ងៃនេះសម្រាប់ក្រុមហ៊ុនរបស់យើង។ ក្រុមការងារមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងធ្វើការងារនៅតាមមូលដ្ឋានរបស់ពួកគាត់បានយ៉ាងល្អ ដើម្បីចាក់វ៉ាក់សាំងជូនក្រុមហ៊ុនឲ្យបានច្រើនបំផុត តាមដែលអាចធ្វើបាន ដោយរក្សាឲ្យបានជានិច្ចនូវសុវត្ថិភាពខ្ពស់។

ជាការលើកទឹកចិត្តបន្ថែម និងជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏បានរៀបចំកម្មវិធីផ្សងសំណាងផងដែរសម្រាប់អ្នកដែលបានបញ្ចប់ការចាក់វ៉ាក់សាំងរបស់ពួកគេ។ ឈ្មោះរបស់អ្នកដែលបានចាក់វ៉ាក់សាំងរួច ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ជាកង់។

ដោយមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ ១៩៩៤មក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផ្ដល់ការងារជូនដល់បុគ្គលិកចំនួនជិត ៧០០នាក់ ព្រមទាំងផ្ដល់ការងារជាប្រយោល ជូនដល់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ផ្សេងទៀត ដែលបំពេញការងារជាផ្នែកមួយ នៃបណ្ដាញអាជីវកម្មរបស់ក្រុមហ៊ុន ពោលគឺរាប់ចាប់ពីកសិករដំណាំស្រូវ រហូតដល់អាជីវករលក់ដូរ។ ថ្មីៗនេះ ក្រុមហ៊ុនផលិតស្រាបៀរមួយនេះ បានផ្លាស់ប្ដូរឈ្មោះរបស់ខ្លួនពី CBL (Cambodia Brewery Limited) មកជាក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) វិញ។

នៅក្នុងសេចក្ដីប្រកាសមួយកាលពីពេលថ្មីៗនេះ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា (GDT) បានទទួលស្គាល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ថាជា ក្រុមហ៊ុនដែលបង់ពន្ធជូនរាជរដ្ឋាភិបាលច្រើនជាងនៅកម្ពុជា។ ក្រុមហ៊ុនរំពឹងថានឹងត្រូវបានផ្តល់កិត្តិយស នៅក្នុងពិធីផ្លូវការមួយនៅឆ្នាំនេះ នៅពេលដែលឯកឧត្តម គង់ វិបុល រំពឹងថានឹងផ្តល់ជូនលិខិតថ្លែងអំណរគុណ និងកោតសរសើរមួយ ដែលមានការចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកស្រី អ៊ែន អូលីវ័រ ថ្លែងថា៖ “នៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងទទួលខុសត្រូវលើកាតព្វកិច្ចរបស់យើងចំពោះប្រទេសជាតិយ៉ាងម៉ុតមាំ។ ក្នុងនាមជាក្រុមហ៊ុនបង់ពន្ធច្រើនជាងគេនៅកម្ពុជា និងជាក្រុមហ៊ុនផលិតស្រាបៀរធំបំផុតមួយក្នុងប្រទេស ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានភាពសកម្មខ្លាំងនៅក្នុងសង្គមកម្ពុជា ដែលហេតុដូច្នេះហើយបានជាយុទ្ធនាការចាក់វ៉ាក់សាំងនេះមានសារៈសំខាន់ខ្លាំង”។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានវិនិយោគទឹកប្រាក់ចំនួនជាង ២៣០លានដុល្លារសហរដ្ឋអាមេរិក ទៅក្នុងរោងចក្រផលិតស្រាបៀររបស់ខ្លួន នៅកម្ពុជានាអំឡុងពេល ៥ឆ្នាំកន្លងចុងក្រោយនេះ។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតស្រាបៀរចំនួន ៥ម៉ាកយីហោក្នុងប្រទេសកម្ពុជាដោយអនុលោមតាមស្តង់ដារគុណភាពខ្ពស់បំផុត។ ផលិតចេញពីគ្រឿងផ្សំធម្មជាតិ ១០០% ក្នុងប្រទេសកម្ពុជា ផលិតផលរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រួមមាន ស្រាបៀរ Heineken®, ABC, Tiger, Anchor និង Gold Crown។

ស្ថិតក្រោមពាក្យស្លោក “ចូលរួមអភិវឌ្ឍពិភពលោកដ៏ល្អប្រសើរ” ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានកាត់បន្ថយបរិមាណទឹកយ៉ាងច្រើនដែលក្រុមហ៊ុនប្រើប្រាស់ដើម្បីផលិតស្រាបៀររបស់ខ្លួន ដោយសម្រេចបានឋានៈថា ជាក្រុមហ៊ុនផលិតស្រាបៀរដែលមានប្រសិទ្ធភាព សន្សំសំចៃទឹកបំផុតមួយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនក៏បានកាត់បន្ថយការបញ្ចេញ កាបូនឌីអុកស៊ីត ៥០% ផងដែរគិតចាប់ពីឆ្នាំ២០១៣មក។
ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារ លើរោងចក្រប្រព្រឹត្តិកម្មសំណល់រាវ នៅរោងចក្រផលិតស្រាបៀររបស់ខ្លួននៅជាយរាជធានីភ្នំពេញ ដែលជារោងចក្រប្រព្រឹត្តិកម្មសំណល់រាវដំបូងគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនក៏ប្រើប្រាស់ឡើងវិញនូវជីវឧស្ម័នសម្រាប់ថាមពលកម្តៅផងដែរ។

ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ក៏មានបំណងលើកកម្ពស់ការពិសារគ្រឿងស្រវឹង ប្រកបដោយការទទួលខុសត្រូវផងដែរ។ ១០% នៃថវិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ម៉ាកយីហោ Heineken® ត្រូវបានចំណាយលើការផ្សព្វផ្សាយ ការពិសាគ្រឿងស្រវឹងប្រកបដោយ ការទទួលខុសត្រូវ ជាមួយនឹងយុទ្ធនការ “ពេលស្រវឹង សូមកុំបើកបរ”។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏គាំទ្រដល់ការបង្ហាញតម្លាភាពផងដែរតាមរយៈការផ្តល់ព័ត៌មានអំពីគ្រឿងផ្សំ និងកម្រិតអាហារូបត្ថម្ភនៅលើស្រាបៀរគ្រប់ម៉ាកយីហោទាំងអស់របស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែម
(ភាសាអង់គ្លេស) លោក Glen Felgate, QED 016473057
(ភាសាខ្មែរ) លោក គុណ គួរចេតនា, QED 012 955 233៕

×