ភ្នំពេញ ៖ មន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ មកដល់ពេលនេះ សម្រេចបាន ៦០ភាគរយហើយ ខណៈការសាងសង់ នឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ។ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនេះ គ្រោងចំណាយទឹកប្រាក់ សាងសង់ ១៩០០លានដុល្លារអាមេរិក។
មន្រ្តីអ្នកនាំពាក្យលោក វ៉ាស៊ីម សូរិយា ធ្លាប់បានអះអាងថា ផ្លូវល្បឿនលឿននេះ សាងសង់តាមស្តង់ ដាអន្តរជាតិ ជាប់ធន់ និងប្រើប្រាស់បានយូរ ដោយ សារគម្រោងចំណាយថវិកាច្រើន។

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា ក្រោយការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រួចរាល់ សង្ឃឹមថា គម្រោងនេះនឹងជាផ្នែកមួយដ៏សំខាន់់ ក្នុងការជួយលើកស្ទួយដល់សេដ្ឋកិច្ចនៃប្រទេសកម្ពុជា ព្រោះខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ភ្ជាប់ជាមួយរាជធានីភ្នំពេញ។ ហើយម្យ៉ាងទៀត នេះគឺជាគម្រោងអភិវឌ្ឍន៍បែបបៃតងជាលើកដំបូងបំផុតនៅកម្ពុជា និងជាផ្លូវប្រវត្តិសាស្រ្តរបស់កម្ពុជាដែរ ដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋនេះ ស្ថិតនៅក្នុងគម្រោងខ្សែក្រវ៉ាត់១ ផ្លូវ១របស់ប្រទេសចិន។

អ្នកជំនាញបន្តថា គម្រោងផ្លូវល្បឿនលឿននេះ នឹងជួយជំរុញវិស័យដឹកជញ្ជូនរបស់កម្ពុជាកាន់តែមាន ភាពប្រកួតប្រជែង ជាមួយប្រទេសជិតខាង ដោយផ្លូវនេះនឹងជួយកាត់បន្ថយ ការកកស្ទះចរាចរណ៍ និងសន្សំការចំណាយមួយចំនួនផងដែរ ។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូ ម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕ រក្សាសិទ្ធិដោយ៖CEN



