ភ្នំពេញ ៖ នេះជារឿងមួយដ៏គួរឲ្យអាសូរខ្លាំងណាស់ ខណៈនារីម្នាក់ដែលត្រូវបានដឹងថា ស្ថិតក្នុងវ័យកំពុងមានពន្លឺជីវិតត្រចះត្រចង់ នៃអាជីពការងារដ៏ល្អមួយ ជាមួយនិងសមត្ថភាព កម្រិតវប្បធម៌ចំណេះដឹងភាសាអង់គ្លេសក៏ជ្រៅជ្រះផងដែរ បានធ្លាក់ខ្លួនឈឺជាមួយនិងជំងឺទឹកនោមប្រៃ និងលើសឈាម រហូតវិវត្តទៅជាជំងឺខូចតម្រងនោម ឬ ហៅថាខូចក្រលៀន ដែលរ៉ាំរ៉ៃប្រចាំកាយអស់រយៈពេល ៥ ឆ្នាំ ឥឡូវនេះ នាងកំពុងស្ថិតក្នុងស្ថានភាពជាមួយអាការហត់ដង្ហក់ ដកដង្ហើមផុតៗ បាយទឹកមិនឃ្លាន សម្រាកក៏មិនបាន នៅ សល់តែ ស្បែកដណ្ដប់ឆ្អឹងប៉ុណ្ណោះ។

ជាការពិតណាស់ ដោយសារតែជីវភាពគ្រួសារខ្វះខាតខ្លាំង ខណៈឪពុកក៏មានជំងឺទើបត្រូវបានវះកាត់រួច រីឯម្តាយជាជនពិការភ្នែកអស់រយៈពេលជាង ១០ ឆ្នាំ ពុំអាចធ្វើការងាររកលុយផ្គត់ផ្គង់ជីវភាពគ្រួសារបាន ហើយពុំមានអ្នកណាក្រៅពីរូបនាងជាបង្គោលគ្រួសារដ៏រឹងមាំទៀតនោះ នៅពេលនេះ នាងបានលើកដៃសំពះ អង្វរទៅដល់សប្បុរសជនទាំង និងក្រៅប្រទេស មេត្តាជួយដល់គ្រួសាររបស់នាងផង។

ក្នុងនោះ នារីកំសត់ខាងលើ ដែលមានឈ្មោះថា ផែន ចិន្តា បានបង្ហោះសារសុំការដាក់ទានពីបងប្អូនសប្បុរសជនថា៖ «សុំអភ័យទោស ពុកម៉ែពូមីង បងប្អូន ដែលខ្ញុំតែងតែសុំ ហើយសុំទៀត តែក្រៅពីមិត្តភក្តិ ពូមីងបងប្អូន ខ្ញុំក៏មិនដឹងទៅពឹងអ្នកណាដែរ។ ឥឡូវ នាងខ្ញុំពិតជាកំពុងជួបប្រទះបញ្ហាធ្ងន់ធ្ងរមែនទែន គឺខ្ញុំត្រូវប្រញាប់វះកាត់ដៃ ដែលលាងឈាមបន្ទាន់ ព្រោះវាបណ្តាលគ្រោះថ្នាក់ដល់បេះដូងធ្ងន់ធ្ងរ អាចឲ្យបាត់បង់ជីវិត ហើយវះធ្វើសរសៃដៃថ្មីមួយទៀត។ ហេតុដូចនេះ សូមមិត្តៗ មេត្តាជួយផ្តល់ជាថវិកាជួយផង តាមលទ្ធភាព។ ហើយការវះកាត់នេះ ខ្ញុំត្រូវការចំណាយ ប្រហែលជា 600$ ។ អុីចឹងហើយ ១ដុល្លារ ២ដុល្លារ តាមសន្តានចិត្តផងចុះ។ សូមគោរពជូនពរបងប្អូន ជួបតែសេចក្តីសុខ។ សូមអរគុណ !»។

ចិន្តា បានរៀបរាប់បញ្ចាក់ស្ថានភាពជំងឺរបស់ខ្លួន និងក៏ដូចស្ថានភាពជីវភាពគ្រួសារ ឲ្យពុកម៉ែបងប្អូនបានជ្រាបថា៖ «នាងខ្ញុំសូមជម្រាបសួរ បងៗសប្បុរសជន និងមិត្តក្នុងបណ្តាញសង្គម ! នាងខ្ញុំឈ្មោះ ផែន ចិន្តា អាយុ ៣១ ឆ្នាំ រស់នៅខេត្តតាកែវ។ រាល់ថ្ងៃនាងខ្ញុំកំពុងជួបការលំបាកយ៉ាងខ្លាំង ក្នុងជីវភាពរាល់ថ្ងៃ ព្រោះនាងខ្ញុំមានជំងឺប្រចាំកាយ ៥ ឆ្នាំ មកហើយ គឺជំងឺខូចក្រលៀន ហើយ ម្តាយក៏ពិការភ្នែក១០ឆ្នាំ មកហើយ ។ ជីវភាពគ្រួសារ ក៏ខ្វះខាត ហើយថែមទាំង នាងខ្ញុំត្រូវទៅលាងឈាម រាល់សប្តាហ៍ គឺ ១សប្តាហ៍ ២ដង ហើយ លាងឈាមម្តង គឺ ៥០ដុល្លារ ចឹងហើយ ១ សប្តាហ៍ គឺចំណាយ ១០០ ដុល្លារ យ៉ាងតិច។ នាងខ្ញុំ និងគ្រួសារ ពិតជាមានការលំបាកពិតមែន អុីចឹងហើយ ខ្ញុំសុំអំពាវនាវដល់បងប្អូន មេត្តាជួយដល់នាងខ្ញុំផងចុះ។ បងប្អូនអាចទាក់ទងនាងខ្ញុំ តាមរយៈលេខទូស័ព្ទនាងខ្ញុំ ផ្ទាល់ :070 595 939 ឬ ក៏ លេខកុង ABA នាងខ្ញុំ គឺ:000218781 , Phen Chenda សូមអរគុណ ចំពោះជំនួយបងប្អូន!»។
ដូច្នេះ ប្រសិនបងប្អូនប្រិយមិត្តបានឃើញហើយ សូមមេត្តាជួយទៅដល់រូបគាត់ម្នាក់បន្តិចផងចុះ ព្រោះបើតាមមើលស្ថានភាពជាក់ស្តែង គឺគាត់ពិតជាលំបាកខ្លាំងណាស់ គាត់ពិតជាត្រូវការជំនួយពីបងប្អូនទាំងអស់គ្នា ដើម្បីយកទៅព្យាបាលខ្លួន អាចបានជាសះស្បើយត្រឡប់មកមានសុខភាពល្អប្រសើរឡើងវិញ ដើម្បីបានធ្វើការងាររកលុយចិញ្ចឹមគ្រួសារ ដែលកំពុងជួបការលំបាកយ៉ាងខ្លាំង នាពេលសព្វថ្ងៃនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







