បុរសអាយុ ៦៣ ឆ្នាំម្នាក់ នៅក្នុងប្រទេសចិន បានកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីគាត់ត្រូវបានពស់វែកមួយក្បាលចឹកប៊ិះស្លាប់ នៅពេលដែលគាត់ព្យាយាមចាប់វាទាំងរស់ ដើម្បីយកមកធ្វើស្រាថ្នាំដ៏ពិសេស។
តាម Newsweek បានចុះផ្សាយឲ្យដឹងថា បុរសវ័យចំណាស់រូបនោះ ដែលត្រូវបានគេស្គាល់ឈ្មោះថា Yu កំពុងស្ថិតក្រោមការព្យាបាលរបួសដៃ និងសង្គ្រោះជីវិតជាបន្ទាន់។ Yu ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Hangzhou ក្នុងខេត្ត Zheijiang បន្ទាប់ពីហេតុការណ៍បានកើតឡើងនៅផ្ទះអ្នកជិតខាងរបស់គាត់។

ពស់វែកនោះ ត្រូវបានស្គាល់ថាជាប្រភេទពស់ដ៏កាចសាហាវមួយ ដែលប្រជាជនចិនហៅជាទូទៅថា «ពស់ ៥ ជំហាន ឬ ពស់ល្បឿន១០០» ដែលមានន័យថា បង្ហាញពីចំនួនជំហានដែលជនរងគ្រោះអាចធ្វើបាន មុនពេលចុះចាញ់ពិសរបស់វា។
លោក Yu ដំបូង ចង់សម្លាប់វាដោយប្រើប៉ែល ប៉ុន្តែ បន្ទាប់មក ក៏បានប្តូរចិត្តវិញ និងសម្រេចចាប់វាជំនួសការសម្លាប់ ក្នុងបំណងយកមកត្រាំស្រា។ តែជាអកុសល នៅពេលគាត់ចាប់លើកវាដាក់ចូលក្នុងបាវ ពស់វែកនោះក៏បានខាំនៅត្រង់.កដៃរបស់គាត់តែម្តង។

Yu បានព្យាយាមបឺតជញ្ជក់ពិសចេញ ហើយលាងរបួសរបស់គាត់ ជាមួយទឹកស្អាត ប៉ុន្តែភ្លាមៗនោះ អញ្ចាញធ្មេញរបស់គាត់ចាប់ផ្តើមហូរឈាម ហើយបបូរមាត់របស់គាត់ប្រែជាស្ពឹក។ ហើយបន្ទាប់មក គាត់ចាប់ផ្តើមបង្កើតរោគសញ្ញារួមមានការតឹងទ្រូង និងពិបាកដកដង្ហើម។
គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយទឹកនោមរបស់គាត់ប្រែជាខ្មៅដូចទឹកស៊ីអ៊ីវ។ លោក Yu បានទទួលការបញ្ចូលឈាម និងប្លាស្មា រយៈពេល ២ ម៉ោង ដោយបានប្តូរវត្ថុរាវចំនួន ២៥០០ មីល្លីលីត្រ រហូតដល់ទឹកនោមរបស់គាត់ប្រែជាពណ៌ធម្មតា ហើយមុខងារកំណកឈាមរបស់គាត់ បានត្រឡប់មកវិញ។

ទោះបីជាមានការហើមនៅដៃស្តាំរបស់គាត់ក៏ដោយ ក៏ស្ថានភាពរបស់លោក Yu ត្រូវបានគេនិយាយថា មានស្ថេរភាពសម្រាប់ពេលនេះ។ មន្ទីរពេទ្យមិនបានបញ្ជាក់ថា ពេលណាគាត់នឹងត្រូវចេញពីមន្ទីរពេទ្យនោះទេ។
យោងតាម Times Of India នោះស្រាពស់ត្រូវបានបង្កើតឡើងដោយការបញ្ចូលពស់ទាំងរស់ ទៅក្នុងកែវស្រាអង្ករ ឬ ស្រាផ្សេងទៀត។ វិធីមួយទៀត ស្រាពស់ត្រូវបានរៀបចំរួមមានឈាមពស់ពិតប្រាកដ។ បន្ទាប់ពីសម្លាប់ពស់នោះរួច ឈាម និងទឹកប្រមាត់របស់វា ត្រូវបានលាយជាមួយអាល់កុល ដែលអតិថិជនផឹកស្រវឹងភ្លាមៗនៅនឹងកន្លែង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង