ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរួម នៅថ្ងៃទី២ មិថុនា ២០២១ បានឲ្យដឹងថា នៅសបា្តហ៍នេះ សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក បានប្រកាសថា ស្ថាប័នទាំងពីរបានរួមសហការគ្នាគាំទ្រការត្រៀមបង្ការ និងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ និងការគំរាមកំហែងសនិ្តសុខសុខភាពនាពេលអនាគតនៅកម្ពុជា។
សហភាពអឺរ៉ុប កំពុងវិនិយោគក្នុងទឹកប្រាក់សរុបជាង ២,៨ លានអឺរ៉ូ (៣,៥លានដុល្លារសហរដ្ឋអាមេរិក) សម្រាប់រយៈពេល ៣ឆ្នាំ ខាងមុខ ដើម្បីផ្តល់ការគាំទ្រតាមរយៈអង្គការសុខភាពពិភពលោក ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងការបង្ការ និងការឆ្លើយតបចំពោះវិបតិ្តជំងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាល។ ការផ្តល់មូលនិធិនេះ គឺជាផ្នែកមួយនៃកម្មវិធីសុខភាពថ្នាក់តំបន់ពិសេសមួយរបស់សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក ដើម្បីគំាទ្រដល់ប្រទេសជាសមាជិកអាស៊ាន។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានមានប្រសាសន៍ថា “ភាពជាដៃគូរវាងសហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោកដើម្បីគាំទ្រការតៀមបង្ការ និងការឆ្លើយតប គឺបង្ហាញពីសាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការសម្រាប់ជួយប្រទេសមួយនៅក្នុងគ្រាលំបាក។ ក្រសួងសុខាភិបាល នឹងបន្តធ្វើការយ៉ាងជិតស្និជា មួយនឹងអង្គការសុខភាពពិភពលោក ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា។”
លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ក្នុងរយៈពេលជាងមួយទសវត្សមកនេះ ប្រទេសកម្ពុជា បាននិងកំពុងពង្រឹងប្រព័ន្ធសុខាភិបាលរបស់ខ្លួន រួមទាំងការត្រៀមបង្ការចំពោះជំងឺរាតត្បាតផងដែរ។ ការ ផ្ដល់មូលនិធិពីសហភាពអឺរ៉ុប និងភាពជាដៃគូនេះ នឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយនឹងចូលរួមជួយប្រទេសកម្ពុជាក្នុងការត្រៀមបង្ការសម្រាប់បញ្ហាគ្រោះអាសន្នសុខភាពសាធារណៈបានប្រសើរជាងមុន។”
លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា “សហភាពអឺរ៉ុប និងប្រទេសជាសមាជិករបស់ខ្លួន ដូចជា “ក្រុមការងារប្រចាំអឺរ៉ុប” ទាំងមូល បានប្តេជ្ញារួមគ្នាធ្វើការជាមួយកម្ពុជាដើម្បីដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីកសាងឡើងវិញឲ្យកាន់តែប្រសើរ និងធានាឲ្យបានថាគ្មាននរណាម្នាក់ត្រូវបានមើលរំលងនោះឡើយ។ រហូតមកទល់នឹងពេលនេះ ក្រុមអឺរ៉ុប បានផ្តល់ថវិកាចំនួន ២,២ ពាន់លានអឺរ៉ូ ដល់ប្រទេសចំនួន ៩២ ដែលមានប្រាក់ចំណូលទាបនិងមធ្យមរួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីទទួលបានវ៉ាក់សំាងការពារជំងឺកូវីដ-១៩តាមរយៈយន្តការកូវ៉ាក់។ យើងមានមោទនភាពដែលក្រុមអឺរ៉ុប គឺជាអ្នកចូលរួមចំណែកដ៏ធំបំផុតទៅឲ្យយន្តការកូវ៉ាក់នេះ។”
លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍បន្ថែមទៀតថា “តាងនាមឲ្យសហភាពអឺរ៉ុប ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលសភាពអឺរ៉ុប បានចុះកិច្ចព្រមព្រៀងជាមួយអង្គការសុខភាពពិភពលោក ដើម្បីពង្រឹងសមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត និងកសាងប្រព័ន្ធ សុខាភិបាលមួយដែលធន់។ ការគាំទ្រនេះ កើតឡើងចំពេលគេត្រូវការវាបំផុត។ សាមគ្គីភាព និងសកម្មភាពរួមគ្នា មានសារៈសំខាន់ណាស់ ដើម្បីជំនះវិបតិ្តកូវីដ-១៩នៅកម្ពុជា នៅ អាស៊ាន និងនៅលើពិភពលោកទាំងមូល។ នៅពេលដែលយើងរួមគ្នា យើងខ្លាំងជាងមុន!។”
ដោយអនុលោមតាមនិយ័តកម្មសុខភាពអន្តរជាតិឆ្នាំ ២០០៥ របស់អង្គការសុខភាពពិភពលោក ក៏ដូចជាផែនការត្រៀមបង្ការ និងឆ្លើយតបជាយុទ្ធសាស្រ្តសកល និងយោងតាមយុទ្ធសាស្រ្តអាស៊ីប៉ាស៊ីហ្វិកសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតឡើងថ្មីៗ (APSED III) ការវិនិយោគថ្មីនេះ មានគោលបំណងពង្រឹងប្រព័ន្ធសុខាភិបាល និងដើម្បីគាំទ្រដល់ការត្រៀមបង្ការ និងការឆ្លើយតបចំពោះវិបតិ្តកូវីដ-១៩ នៅកម្ពុជា រួមទាំងអភិក្រមសម្រាប់ធ្វើការ និងជួយគាំទ្រក្រុមពលរដ្ឋដែលគេមិនអាចចូលទៅជួយកន្លងមក។ មូលនិធិនេះ នឹងត្រូវប្រើសម្រាប់៖
គៀងគរវិស័យផ្សេងៗ និងសហគមន៍ដើម្បីធានាឲ្យមានការចូលរួមក្នុងការបង្ការ ការតៀមបង្ការ និងការឆ្លើយតប
ឆ្លើយតបទៅនឹងករណីម្តងម្កាល ករណីចង្កោម និងការឆ្លងសហគមន៍
ការទប់ស្កាត់ការឆ្លងវីរុស ហើយនិង
កាត់បន្ថយករណីស្លាប់ដោយជំងឺកូវីដ-១៩
ជាផ្នែកមួយនៃការងារកំពុងដំណើរការរបស់អង្គការសុខភាពពិភពលោក ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប បានសម្របសម្រួលការឆ្លើយតបជាអន្តរជាតិចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយបាននិងកំពុងពង្រឹងការចូលរួម និងកិច្ចសហប្រតិបតិ្តការរបស់ខ្លួនជាមួយនឹងដៃគូប្រតិបតិ្តការ និងភាគីពាក់ព័ន្ធដទៃទៀតផងដែរ។ សហភាពអឺរ៉ុប គឺជាអ្នកសហការដ៏គួរឲ្យស្វាគមន៍បន្ថែមទៅលើដៃគូនានាដែលបាននិងកំពុងឆ្លើយតបចំពោះវិបត្តិកូវីដ-១៩នៅកម្ពុជា។
កំណត់សម្គាល់សម្រាប់និពន្ធនាយក៖ កិច្ចសហប្រតិបិត្តការសហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក គឺជាភាពជាដៃគូដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសចំនួន ៨ នៅក្នុងតំបន់ និងនៅក្នុងការសម្របសម្រួលរបស់ប្រទេសដែលជាសមាជិកអាស៊ាន ភាពជាដៃគូរវាងសហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោកនៅកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីសហប្រតិបិត្តការរវាងសហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក ដើម្បីត្រៀមបង្ការ និងឆ្លើយតបចំពោះការរាតត្បាតជំងឺនៅ អាស៊ីអាគ្នេយ៍ទាំងមូល។ សហភាពអឺរ៉ុប កំពុងតែផ្តល់ជាថវិកាចំនួន ២០លានអឺរ៉ូដល់ប្រទេសអាទិភាពចំនួន៨ នៅតំបន់អាស៊ីអាគ្នេយ៍។ អង្គការសុខភាពពិភពលោក នឹងប្រើមូលនិធិទាំងនេះដើម្បីបន្តគាំទ្រដល់រដ្ឋាភិបាលនៃប្រទេស កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម។
កម្មវិធីនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោកថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (ដែលរួមមានប្រទេសឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងថៃ) ហើយនិងអង្គការសុខភាពពិភពលោកថ្នាក់តំបន់ប៉ាស៊ីហ្វិកខាងលិច (ដែលរួមមានប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម)។ ដើម្បីធានាឲ្យបានថា កម្មវិធីនៅក្នុងប្រទេសនីមួយៗដំណើរការស្របទៅតាមអាទិភាពថ្នាក់ជាតិដូចដែលគូសបញ្ជាក់នៅក្នុងផែនការឆ្លើយតបថ្នាក់ជាតិ អង្គការសុខភាពពិភពលោកថ្នាក់តំបន់នីមួយៗ ត្រូវធ្វើការយ៉ាងជិតស្និទជាមួយនឹងរដ្ឋាភិបាលនៃប្រទេសនីមួយៗ និងភាគីពាក់ព័ន្ធដទៃទៀត រួមទាំងអង្គការសង្គមស៊ីវិលផងដែរ។
លើសពីនេះទៅទៀត អង្គការសុខភាពពិភពលោក នឹងប្រើឱកាសដែលមានតាមរយៈមូលនិធិរបស់សហភាពអឺរ៉ុប ដើម្បីជម្រុញការចូលរួមរបស់ប្រទេសជាសមាជិកនៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ដែលរួមមាន៨ប្រទេសនៅក្នុងកម្មវិធីនេះ ដើម្បីលើកកំពស់កិច្ចសម្របសម្រួលរវាងប្រទេសជាសមាជិកអាស៊ាន និងលើកស្ទួយអភិក្រមតំបន់នៅក្នុងការឆ្លើយតបចំពោះវិបតិ្តកូវីដ-១៩ ជាទីដែលប្រទេសទាំងនោះពើបប្រទះនឹងបញ្ហាប្រឈមរួមជាច្រើន។
ការចូលរួមចំណែករបស់សហភាពអឺរ៉ុប គឺមានសារៈសំខាន់ណាស់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោក នៅក្នុងការជួយគាំទ្របណ្តាប្រទេសនានារួមទាំងកម្ពុជាផងដែរ ដើម្បីជួយនៅក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតដែលកំពុងតែយារយីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយការរួមចំណែកនេះក៏បង្ហាញអំពីសាមគ្គីភាពរបស់សហភាពអឺរ៉ុប ក៏ដូចជាការប្តេជ្ញាចិត្តជាបន្តទៀតរបស់ខ្លួនចំពោះសុខភាពសកល៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ