Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកឯកសារដេញថ្លៃកញ្ចប់ការងារទី៤ ការងារសាងសង់ផ្លូវចាប់ពីសិរីសោភ័ណ ដល់ប៉ោយប៉ែត និងការបើកឯកសារដេញថ្លៃកញ្ចប់ការងារទី៥ ការងារស្ថាបនាស្ថានីយថ្លឹងយានយន្ដ

ភ្នំពេញ ៖ ការបើកឯកសារដេញថ្លៃកញ្ចប់ការងារទី៤ សម្រាប់ការសាងសង់កំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (សិរីសោភ័ណ-ប៉ោយប៉ែត) និងការបើកឯកសារដេញថ្លៃកញ្ចប់ការងារទី៥ សម្រាប់ការស្ថាបនាស្ថានីយថ្លឹងយានយន្ដនៃគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ខណៈវឌ្ឍនភាពកំណាត់ភាគខាងជើង (បាត់ដំបង-បន្ទាយមានជ័យ) សម្រេច ៩៧,៣០% កំណាត់ភាគកណ្តាល សម្រេច ៣៨,០៨% និងកំណាត់ភាគខាងត្បូង សម្រេច ៤៦,០៥%។

ថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំបើកឯកសារដេញថ្លៃកញ្ចប់ការងារទី៤ ការងារសាងសង់ផ្លូវចាប់ពីសិរីសោភ័ណ ដល់ប៉ោយប៉ែត និងការបើកឯកសារដេញថ្លៃកញ្ចប់ការងារទី៥ ការងារស្ថាបនាស្ថានីយថ្លឹងយានយន្ដ នៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ដោយមានការចូលរួមពីសមាជិកគណៈកម្មការវិវចនាលទ្ធកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន៣៦៦ គីឡូម៉ែត្រ ឋិតក្នុងខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទានសម្បទាន ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA)។ ការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗរួមមាន៖ ផ្នែកខាងជើង ផ្នែកខាងត្បូង និងផ្នែកកណ្តាល ដោយក្នុង នោះ៖ មានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ មានប្រវែងសរុប ៣០៤គីឡូម៉ែត្រ ក្រាលជំនួស ដោយបេតុងកៅស៊ូ AC និងមានសួនច្បារកណ្តាល។

គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាលនេះ មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ ក្នុងនោះការងារសាងសង់ពីសិរីសោភ័ណ ដល់ប៉ោយប៉ែត មានប្រវែងសរុប ៣៥,៤ គីឡូម៉ែត្រ ស្ថាបនាផ្លូវ ពី២គន្លងទៅ៤គន្លង ដោយក្រាលបេតុងកៅស៊ូAC កម្រាស់១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំ កណ្តាល និងប្រើរយៈពេលសាងសង់ប្រមាណ៣២ខែ។

គម្រោងស្ថាបនាស្ថានីយថ្លឹងយានយន្ដ នៃគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ស្ថាបនាឡើង ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក៏ដូចជាចូលរួមចំណែកក្នុងការពង្រឹងគុណភាពផ្លូវ ថ្នល់ឱ្យកាន់តែល្អ និងអាចប្រើប្រាស់បានយូរអង្វែង។

ចំពោះវឌ្ឍនភាពជារួមនៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ (ព្រែកក្តាម-ប៉ោយប៉ែត) ក្នុងនោះ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង ប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ សម្រេចបាន៩៧,៣០% កំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល ប្រវែងសរុប ១៤៦,០៤ គីឡូម៉ែត្រ សម្រេចបាន៣៨,០៨% និងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ប្រវែងសរុប ១៣៥,២៥គីឡូម៉ែត្រ សម្រេចបាន៤៦,០៥%។

គួរកត់សម្គាល់ផងដែរថា៖ កំណាត់ផ្លូវជាតិនេះជាផ្លូវអាស៊ានហាយវេលេខ១ អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់ បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដង ផ្លូវនេះនឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×