ភ្នំពេញ ៖ មន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា បច្ចុប្បន្ននេះ ការនាំចេញប្រេងកម្ពុជាលើកដំបូង របស់ក្រុមហ៊ុន KrisEnergy នៅមិនទាន់អាចធ្វើបាននៅឡើយទេ។
ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការនាំចេញប្រេងកម្ពុជា តាមរយៈក្រុមហ៊ុន KrisEnergy ទៅលក់នៅលើទីផ្សារអន្តរជាតិ មិនទាន់អាចធ្វើទៅបាននៅឡើយទេ ត្បិតថាក្រុមហ៊ុនរុករក និង នាំចេញប្រេងមួយនេះ មានការរាំងស្ទះនីតិវិធីការងារចាំបាច់មួយចំនួន ដែលមិនទាន់បានបញ្ចប់នៅឡើយ ហើយក៏មិនបានបញ្ជាក់លម្អិតពីមូលហេតុ ពាក់ព័ន្ធនិងបញ្ហាអ្វីនេះនៅឡើយផងដែរ។

ឯកឧត្តម ជៀប សួរ បានបញ្ជាក់ថា ក្រុមហ៊ុន KrisEnergy មិនទាន់បានបញ្ចប់ការងារ ដែលជាកាតព្វកិច្ចរបស់ក្រុមហ៊ុនគាត់មួយចំនួន។ ដូចនេះ ការនាំចេញប្រេង គឺមិនទាន់អាចធ្វើបាននៅឡើយទេ។
កន្លងទៅ ក្រុមហ៊ុន KrisEnergy មានផែនការនាំចេញប្រេងឆៅលើកដំបូងរបស់ខ្លួន ក្នុងរង្វង់ ៣០ម៉ឺនបារ៉ែល នៅក្នុងខែឧសភា ទៅកាន់ទីផ្សារក្រៅប្រទេស។ ប៉ុន្តែ នាពេលថ្មីៗនេះ ក្រុមហ៊ុន KrisEnergy បានបញ្ជាក់ថា ការរុករកប្រេងនៅក្នុងអណ្ដូងប្រេងទាំង៥នៅកម្ពុជា គឺទទួលបានទិន្នផលតិចជាងអ្វីដែលក្រុមហ៊ុនបានព្យាករទុក ដែលការបូមប្រេងបានតិចនេះ ក៏បានធ្វើឲ្យក្រុមហ៊ុនជួបបញ្ហារាំងស្ទះ ទាក់ទងនឹងការស្ដារបំណុលរបស់ខ្លួនផងដែរ៕រក្សាសិទ្ធិដោយ៖CEN


