ភ្នំពេញ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ៖ ការទស្សនាការផ្សាយបន្តផ្ទាល់ (live stream) របស់ Facebook Gaming ក្នុងប្រទេសកម្ពុជាបានកើនឡើង ៦៥% កាលពីឆ្នាំមុនដោយហ្គេម Mobile Legends ហ្គេម PUBG Mobile និងហ្គេម Garena Free Fire ស្ថិតនៅលំដាប់កំពូលទាំង៣ ក្នុងនាមជាហ្គេមដែលមានអ្នកមើលច្រើនជាងគេពី Facebook Gaming ក្នុងប្រទេសកម្ពុជា។
អ្នកចូលចិត្តកីឡាអេឡិចត្រូនិច (eSport) និងអ្នកលេងកីឡាអេឡិចត្រូនិចអាជីពដែលកំពុងកើនឡើងមួយចំនួន ប្រើប្រាស់កម្មវិធីបង្កើត Facebook Gaming ដើម្បីបង្កើតមាតិកា ផ្សាយបន្តផ្ទាល់វីដេអូហ្គេម ភ្ជាប់និងចែករំលែកបទពិសោធជាមួយនឹងអ្នកគាំទ្ររបស់ពួកគេ ឬដើម្បីបង្កើតអាជីវកម្មរបស់ពួកគេ។
គ្រាន់តែកាលពីខែមុន អ្នកទស្សនាវីដេអូហ្គេមបានចូលមើលជាង ៨,៥លានដង និងបានផ្ញើផ្កាយជាង ៤លានផ្កាយ ដែលជាលក្ខណៈពិសេសមួយដែលអនុញ្ញាតឱ្យអ្នកបង្កើតវីដេអូហ្គេមអាចរកប្រាក់បានពីការផ្សាយបន្តផ្ទាល់មាតិការបស់ពួកគេ។

អ្នកបង្កើតវីដេអូហ្គេមដ៏មានប្រជាប្រិយភាព និងជាដៃគូហ្គេមម្នាក់របស់ក្រុមហ៊ុន Facebook ដែលហៅថា Ream Angkor បានថ្លែងថា៖ “ការប្រើប្រាស់ឧបករណ៍ចល័តនៅកម្ពុជាមានចំនួនច្រើន ហើយ Facebook ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាស់នៅទូទាំងប្រទេសសម្រាប់គោលបំណងផ្សេងៗគ្នា។ ដោយសារហ្គេម និងកីឡាអេឡិចត្រូនិចគឺជានិន្នាការថ្មីមួយ Facebook Gaming អាចឱ្យអ្នកលេងហ្គេមជាច្រើន រាប់ចាប់ពីអ្នកធម្មតារហូតដល់អ្នកលេងអាជីព បង្ហាញទេព្យកោសល្យរបស់ពួកគេ ក្នុងការផ្សាយបន្តផ្ទាល់ទៅកាន់ពិភពលោក។ អ្នកបង្កើតកីឡាអេឡិចត្រូនិចផ្សេងទៀត ក៏អាចប្រើប្រាស់ Facebook ដើម្បីបង្កើតព្រឹត្តិការណ៍នានាសម្រាប់សហគមន៍ផងដែរ”។
កម្មវិធី Facebook Gaming ផ្តល់ជាមធ្យោបាយមួយសម្រាប់មនុស្សក្នុងការស្វែងរក ទស្សនា លេង និងចែករំលែកមាតិកាផ្ទាល់ខ្លួនទាំងអស់របស់ពួកគេនៅទីកន្លែងតែមួយ។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនបទពិសោធកាន់តែស៊ីជម្រៅអំពីមាតិកា Facebook Gaming និងរួមបញ្ចូលទាំងមុខងារពិសេសថ្មីៗដែលត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់អ្នកលេងហ្គេម។ មុខងារពិសេសមួយចំនួនក្នុងចំណៅមមុខងារពិសេសរបស់កម្មវិធី Facebook Gaming រួមមានការស្វែងរកមាតិកាហ្គេមផ្ទាល់ខ្លួន ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកបង្កើតហ្គេមដើម្បីទស្សនាការលេងហ្គេម ការជជែកជាមួយមិត្តភក្តិអំពីហ្គេមដែលខ្លួនចូលចិត្ត និងការលេងហ្គេមជាមួយមិត្តភក្តិ និងគ្រួសារ។ កម្មវិធី Facebook Gaming តែឯកឯង ក៏អាចរកបានផងដែរនៅលើ Google Play និង iOS។

Ream Angor បានបន្ថែមថា៖ “Facebook មានឥទ្ធិពលយ៉ាងខ្លាំងលើកំណើនឧស្សាហកម្ម កីឡាអេឡិចត្រូនិចនៅកម្ពុជា។ ប្រជាជនកម្ពុជាគ្រប់រូប អាចចូលលេង Facebook បានយ៉ាងងាយស្រួល។ ព្រឹត្តិការណ៍ជាច្រើនត្រូវបានរៀបចំឡើងនៅលើទំព័រ Facebook របស់អ្នករៀបចំព្រឹត្តិការណ៍នីមួយៗ ហើយការគាំទ្រតាមរយៈ Facebook ក៏គួរឱ្យអាស្ចារ្យផងដែរ។ ការដែលអាចលេង ភ្ជាប់ និងបង្កើតហ្គេមបានមានសារៈសំខាន់យ៉ាងពិសេសនាពេលបច្ចុប្បន្ន នៅពេលដែលយើងចាំបាច់ត្រូវនៅផ្ទះ និងរក្សាគម្លាតសុវត្ថិភាពក្នុងគ្រាដែលមានការរីករាលដាលជំងឺកូវីដ-១៩”។
នៅទូទាំងពិភពលោក មនុស្សជាង ៧០០លាននាក់លេង ទស្សនា និងចែករំលេកហ្គេមនៅលើ Facebook រៀងរាល់ខែ ហើយជាង ៥៥% នៃអ្នកដែលមានគណនី Facebook លេងហ្គេមរៀងរាល់ខែ។
លោក Michael Rose ប្រធានផ្នែកអ្នកបង្កើតហ្គេមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Facebook បានថ្លែងថា៖ “តំបន់អាស៊ីអាគ្នេយ៍បានរីកលូតលាស់ក្លាយជាទីផ្សារមួយក្នុងចំណោមទីផ្សារដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ Facebook Gaming ដែលត្រូវបានជំរុញមួយផ្នែកធំដោយសារប្រជាប្រិយភាពរបស់វីដេអូហ្គេម និងអ្នកបង្កើតហ្គេមរបស់យើងក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Facebook គាំទ្រអ្នកបង្កើតហ្គេមជនជាតិកម្ពុជា ដើម្បីកសាងសហគមន៍ដ៏រឹងមាំមួយ និងបង្កើតទំនាក់ទំនងពោរពេញដោយអត្ថន័យជាមួយអ្នកគាំទ្ររបស់ពួកគេ ខណៈក្នុងពេលជាមួយគ្នានេះដែរផ្តល់ជូនមធ្យោបាយជាច្រើនសម្រាប់អ្នកបង្កើតហ្កេមទាំងនេះដើម្បីបង្កើតអាជីវកម្មដែលសាកសមបំផុតទៅនឹងមាតិកា និងអ្នកទស្សនារបស់ពួកគេ”។

ប្រព័ន្ធអេកូអ្នកបង្កើតហ្គេមដ៏ជោគជ័យនេះ ក៏ទទួលបានការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍ សម្រាប់អ្នកបង្កើតហ្គេមក្នុងស្រុករបស់ក្រុមហ៊ុន Facebook ផងដែរ ដើម្បីជួយពួកគេឱ្យកសាងអាជីពមួយ និងរកប្រាក់ចំណូលសម្រាប់ជីវិតរស់នៅ។
កម្មវិធីទាំងនេះរួមមានកម្មវិធីអ្នកបង្កើតហ្គេមដែលជាដៃគូ ដើម្បីជួយអ្នកបង្កើតហ្គេមដែលត្រូវបានបង្កើតឡើងឱ្យកសាង និងធ្វើឱ្យសហគមន៍របស់ពួកគេរីកចម្រើននៅលើផ្លែតហ្វមនេះ និងកម្មវិធី Level Up សម្រាប់ជំរុញអ្នកបង្កើតហ្គេម។
Ream Angkor បានថ្លែងបន្តថា៖ “សម្រាប់មនុស្សភាគច្រើន រួមទាំងខ្ញុំផង ការផ្សាយបន្តផ្ទាល់ហ្គេម បានចាប់ផ្តើមជាផ្នែកមួយនៃចំណង់ចំណូលចិត្ត។ កាលខ្ញុំនៅក្មេង ខ្ញុំមិនដែលប៉ងក្លាយជាអ្នកផ្សាយបន្តផ្ទាល់ហ្គេម ឬអ្នកបង្កើតមាតិកាទេពេលខ្ញុំធំឡើង ប៉ុន្តែខ្ញុំចូលចិត្តវា និងបន្តធ្វើវា ពីព្រោះខ្ញុំស្រលាញ់សហគមន៍នេះ និងមិត្តថ្មីទាំងអស់ដែលខ្ញុំបានជួបតាមរយៈសកម្មភាពនេះ។ អ្នកអាចក្លាយជាអ្នកផ្សាយបន្តផ្ទាល់ហ្គេមពេញម៉ោងបាន ឬគ្រាន់តែលេងវាសម្រាប់ជាការកម្សាន្តក៏បាន”៕