កំពត ៖ តាមប្រព័ន្ធវីដេអូ Zoom អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ប្រជុំគណៈ កម្មការរៀបចំ និងដាក់ ដំណើរការរដ្ឋបាលក្រុងបូកគោ ក្រោមវត្តមាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំ និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត ឆាប់ៗនេះ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានឲ្យដឹងថា កិច្ចប្រជុំនោះបានការពិនិត្យពិភាក្សា លើ ការរៀបចំមន្ត្រីរាជការរដ្ឋបាលក្រុង អង្គភាព និងកងកម្លាំង, ការកំណត់ទីតាំងជាក់លាក់ សាងសង់អគាររដ្ឋបាលសាលាក្រុង, ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវផ្ទេរពីរដ្ឋបាលស្រុកទឹកឈូ មករដ្ឋបាលក្រុងបូកគោ, ការរៀបចំថវិកា ប្រចាំឆ្នាំរបស់ក្រុង និងការប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុង និងគណៈអភិបាលក្រុង។

ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារគណៈកម្មការថ្នាក់ជាតិ និងថ្នាក់ខេត្ត រួមនឹងអ្នកពាក់ព័ន្ធផ្សេងទៀត ខិតខំ យកចិត្ត ទុកដាក់ជំរុញអនុវត្តការងារចំពោះមុខ និងរៀបចំរចនាសម្ព័ន្ធនានាឱ្យបានឆាប់ ដើម្បីដំណើរការរដ្ឋបាលក្រុងជំហានដំបូង ដោយផ្ដល់អាទិភាពដល់មន្ត្រីដែលរស់នៅក្នុងមូលដ្ឋាននោះស្រាប់ និងរកទីកន្លែងបណ្ដោះអាសន្ន សម្រាប់ដំណើរការរដ្ឋបាលក្រុង។

ចំពោះទីតាំងសាងសង់អាគាររដ្ឋបាល គួរអនុវត្តលើប្លង់គោលមេ ជាលក្ខណៈបម្រើការងាររដ្ឋបាល មានការប្រមូលផ្ដុំការិយាល័យចំណុះក្នុងអាគាររដ្ឋបាលតែមួយ និងមានការគិតគូរទីតាំងទុកដី សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលនៅពេលការអភិវឌ្ឍរីកចម្រើនខាងមុខបន្តទៀត។ ដោយឡែកទីតាំងសម្រាប់អធិការដ្ឋាននគរបាលក្រុងក៏គួរយកទីតាំងឱ្យបានសមរម្យ ដាក់ដាច់ដោយ ឡែកពីសាលាក្រុងសម្រាប់បម្រើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពត តែងតែបានយក ចិត្តទុកដាក់សហការជា មួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធក្នុងដំណើរការរៀបចំក្រុងបូកគោនេះ។ ពិសេសជាងនេះ ការត្រៀមទីកន្លែងសម្រាប់បម្រើការងាររដ្ឋបាលបណ្ដោះអាសន្នរបស់ក្រុងបូកគោ រួចរាល់ហើយអស់ដែរ។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យរាជរដ្ឋាភិបាលលេខ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ដីពីការបង្កើត ក្រុងបូកគោនៃខេត្តកំពត ក្នុងនោះបានកាត់យកឃុំចំនួន៣ ប៉ែកខាងលិចចេញពីស្រុកទឹកឈូ ហើយតម្រូវឱ្យ មានទីតាំង រដ្ឋបាលសាលាក្រុងបូកគោ ស្ថិតនៅក្នុងសង្កាត់បឹងទូក ក្នុងគោលបំណង ដើម្បីការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ឱ្យមាន ការរីកចម្រើនផ្អែកលើសក្ដានុពលក្នុងតំបន់នោះ៕ រក្សាសិទ្ធិដោយ៖CEN
