Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតជប៉ុនប្រគល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿង ដល់ក្រសួងសុខាភិបាល

ភ្នំពេញ៖ រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿង ក្នុងចំណោម១០០គ្រឿង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ក្រោមគម្រោងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ជប៉ុន ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល។

ពិធីប្រគល់ទទួលរថយន្តគិលានសង្គ្រោះ ៣០គឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសកលលោក រដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿងបន្ថែមទៀតជូនដល់ ព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រគល់ទទួលត្រូវបានប្រារព្ធឡើងនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅឃ្លាំង ឱសថ កណ្ដាលនៃក្រសួងសុខាភិបាល ក្រោមវត្តមាន របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានគូសរម្លឹកថា ចាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩ ជប៉ុនបាននឹងកំពុងផ្ដល់ជំនួយជាច្រើនរួមមាន៖

១- ជំនួយបឋមខែកុម្ភៈ ឆ្នាំ២០២០ រួមមាន៖ កញ្ចប់តេស្ដរហ័សចំនួន ១,០០០, សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ដ្រីសុខាភិបាល ចំនួន១ម៉ឺនកំផ្លេ, កញ្ចប់ឧបករណ៍ពិសោធន៍ចំនួន ១ពាន់កញ្ចប់ និងម៉ាស។

២- តាមរយៈកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណង ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សរុបថវិកា ចំនួន ២ពាន់លានយេន ប្រមាណជា ១៨.លានដុល្លារអាមេរិក ដែលអនុវត្ដដោយ Japan International Cooperation System (JICS) រួមមាន៖ រថយន្ដគិលានសង្គ្រោះចំនួន ១០០គ្រឿង, Ultrasound Scanner ចំនួន១គ្រឿង, Thermographic Camera ចំនួន ១០គ្រឿង, Portable X-Ray ចំនួន ១០គ្រឿង, Mobile Ultrasound Scanner ចំនួន២៥គ្រឿង, Oxyen Conentrator ចំនួន១០០គ្រឿង, ឧបករណ៍វ៉ាស់សម្ពាធឈាម ចំនួន ១០០គ្រឿង, ម៉ាស៊ីនភ្លើងចំនួន ១០០គ្រឿង, គ្រែសម្រាប់ផ្នែក ICU ចំនួន ១០០គ្រែ, ការពង្រីកផ្នែកសង្គ្រោះបន្ទាន់សម្រាប់ជំងឺកូវីដ១៩ រួមទាំងការបំពាក់ឧបករណ៍វេជ្ជសាស្ដ្រ ទៅក្នុងគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប។

៣- រដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយឥតសំណងជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធីជំនួយបន្ទាន់នូវថវិកាចំនួន ៦.៣លានដុល្លារអាមេរិក ដែលនឹងអនុវត្ដដោយ UNOPS ដែលបាននឹងកំពុងរៀបចំគម្រោងអនុវត្ដ។

រដ្ឋមន្ដ្រីសុខាភិបាលបានថ្លែងថា ថ្ងៃនេះក្រសួងសុខាភិបាល បានទទួលរថយន្ដគិលានសង្រ្គោះចំនួន៣០គ្រឿង (សរុប៧០គ្រឿង) នៃរថយន្ដគិលានសង្រ្គោះទាំងអស់ចំនួន ១០០គ្រឿង ដែលភាគីជប៉ុនគ្រោង នឹងផ្ដល់ឱ្យហើយរថយន្ដគិលានសង្គ្រោះទាំង៣០គ្រឿង បានបែងចែកទៅអង្គភាពប្រតិបត្ដិនៅថ្នាក់កណ្ដាល និងមន្ទីរសុខាភិបាលដែលមានហានិភ័យខ្ពស់ នៃការរាតត្បាតជំងឺកូវីដ១៩។ ចំណែករថយន្ដគិលានសង្គ្រោះ ដែលនៅសល់៣០គ្រឿងទៀត នឹងមកដល់នៅពេលឆាប់ៗខាងមុខ ហើយក្រសួងនឹងបែងចែកទៅឱ្យអង្គភាពប្រតិបត្ដិ និងមន្ទីរសុខាភិបាលទៀត។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេស លោក MIKAMI Masahiro ដែលតែងតែសម្របសម្រួលក្នុងការផ្ដល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យសុខាភិបាល ហើយសង្ឃឹមថា នឹងមានគម្រោងថ្មីៗជាបន្ដទៀត។

ជំនួយនេះ គឺផ្នែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ានដែលត្រូវបានប្រកាសដោយលោក អតីតនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន បូកបីពិសេសកាលពីខែមេសាឆ្នាំមុន។ គំនិតផ្ដួចផ្តើមនេះ គឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាល ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូរីដ១៩ លើកម្រិតសកល។ រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការ ស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្ត្រដូចជារថយន្តគិលានសង្រ្គោះ ឧបករណ៍ត្រួតពិនិត្យ កាំ រស្មីអ៉ិច ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោន ឧបករណ៍ផលិតអុកស៊ីសែន និងគ្រែសង្គ្រោះបន្ទាន់ជូនដល់កម្ពុជា។ ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវឧបករណ៍ និង សម្ភារៈចាំបាច់ផ្សេងទៀត។ ប្រទេសជប៉ុនសង្ឃឹមថា ការផ្គត់ផ្គង់ទាំងនេះនឹងអាចជួយដល់ភាគីពាក់ព័ន្ធផ្នែកសុខាភិបាល នៅកម្ពុជាដែលកំពុងខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×