ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យ អះអាងថា នៅពេលគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៣ ពីរាជ ធានីភ្នំពេញ ទៅក្រុងកំពត ត្រូវបានបញ្ចប់ទាំងស្រុង វានឹងជួយជំរុញឱ្យវិស័យដីធ្លី និងអចលនទ្រព្យនៅតំបន់តាមបណ្តោយផ្លូវជាតិលេខ៣នោះ កាន់តែមានសក្តានុពល និងមានសន្ទុះសកម្មភាពទិញលក់ខ្លាំង។

រហូតមកដល់ពេលនេះ គម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ៣ សម្រេចបានជិត១០០% ហើយ ហើយវា នឹងលើកកម្ពស់ដល់សកម្មភាពសម្រាប់ការវិនិយោគនានានៅទីនោះ ឱ្យមានសក្តានុពល ទាំងវិស័យអចល នទ្រព្យ តម្លៃដីធ្លីដែលពុះឡូតិ៍លក់ និងវិស័យទេសចរណ៍ជាដើម។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញ ទៅក្រុងកំពត សម្រេចបាន ៩៨,០៤%ហើយ គិតរហូតមកទល់ពេលនេះ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ។ បច្ចុប្បន្ន ក្រសួង កំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយ៍ ។
គម្រោងនេះចំណាយថវិកា សរុបប្រមាណ២១៩,៩១១,០០០ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនចិន (China Road and Bridge Corporation)។

លោក ហួត មួយលាង ភ្នាក់ងារលក់អចលនទ្រព្យមួយរូប បានឱ្យដឹងថា ស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ៩នេះ សកម្មភាពទិញលក់មានការថយចុះខ្លះ ប៉ុន្តែតម្លៃអចលនទ្រព្យមិនថយចុះទេ ជាពិសេសតម្លៃដីធ្លី មិនមានការថយចុះនោះទេ ហើយមានតែឡើងថ្លៃបន្តទៀត នៅតាមតំបន់ដែលមានសក្ដានុពលមួយចំនួន។
លោកបន្តថា ដោយសារមនុស្សចេះតែកើន ហើយដីមិនកើននោះ ប្រជាជនមានលុយនៅតែបន្តស្វែងរកទិញអចលនទ្រព្យ ជាពិសេសដីធ្លី ដែលអាចទិញបាននៅតំបន់ដែលមានសក្ដានុពល ក្នុងតម្លៃចរចាគ្នា។
គួរបញ្ជាក់ថា បើតាមអ្នកជំនាញអចលនទ្រព្យ តម្លៃដីធ្លី នៅតាមបណ្តោយផ្លូវជាតិលេខ៣ នៅតែមានសញ្ញាល្អ សម្រាប់ការវិនិយោគលើវិស័យសំណង់ និងអចលន ទ្រព្យ ពីតំបន់ចោមចៅ រហូតដល់ដល់ខេត្តកំពត។ ដោយ រយៈកាលចុងក្រោយនេះ ខេត្តកំពតក៏កំពុងមានសក្តានុពលទាក់ទាញការវិនិយោគដីធ្លី និងអចលនទ្រព្យផង ដែរ ដោយក្នុងរយៈពេល៤ខែឆ្នាំ២០២១នេះ ទុនវិនិយោគជាង ១៨លានដុល្លារ ត្រូវបានចាក់បញ្ចូលក្នុងខេត្តមួយនេះ ឱ្យកាន់តែមានភាពរីកចម្រើន៕ រក្សាសិទ្ធិដោយ ៖ CEN




