ភ្នំពេញ ៖ ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន (ASEAN STOM Chair) បានធ្វើជាសហប្រធានជាមួយសហគមន៍អឺរ៉ុបដឹកនាំកិច្ច ប្រជុំវិសាមញ្ញឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន-សហភាពអឺរ៉ុប ដើម្បីចរចាគ្នាជុំចុងក្រោយ នៃព្រមព្រៀង ដឹកជញ្ជូនតាមផ្លូវអាកាសគ្រប់ជ្រុងជ្រោយ (Extraordinary ASEAN-EU Senior Transport Officials Meeting (STOM) on the ASEAN-EU Comprehensive Air Transport Agreement (CATA) រវាងអាស៊ាន-សហភាពអឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយថ្ងៃពុធ ទី២ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការ ក្រសួង។។

ការចរចានេះ បានប្រព្រឹត្តទៅយ៉ាងផុលផុស ដោយភាគីទាំងពីរបានពិភាក្សាគ្នាទៅលើចំណុចដែលនៅ សេសសល់ចំនួន ៤ ចុងក្រោយ ហើយដោយភាគីទាំងពីរ មានភាពបត់បែន និងមានសម្បទានឱ្យគ្នាទៅ វិញទៅមកនោះ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាទៅលើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស គ្រប់ជ្រុងជ្រោយ រវាងអាស៊ាន-សហភាពអឺរ៉ុប (AE-CATA)។ កិច្ចព្រមព្រៀងនេះ គ្រោងនឹងចុះហត្ថលេខា នៅពេលដែលប្រទេសកម្ពុជា ធ្វើជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី ២៧ ដែលគ្រោង ធ្វើឡើងខេត្តសៀមរាប នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ រដ្ឋជាភាគីហត្ថលេខី ត្រូវផ្តល់ សច្ចាប័នលើកិច្ចព្រមព្រៀងនេះតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរៀងៗខ្លួន ស្របតាមមាត្រា ២៩ នៃកិច្ចព្រមព្រៀង AE-CATA ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

កិច្ចព្រមពៀងដឹកជញ្ជូនតាមផ្លូវអាកាសគ្រប់ជ្រុងជ្រោយ រវាងអាស៊ាន និងសហភាពអឺរ៉ុប AE-CATA គឺជាសមិទ្ធផលមួយទៀត ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាកិច្ចព្រមព្រៀងរវាងតំបន់ និង តំបន់តែមួយគត់ ពង្រឹងការផ្សាភ្ជាប់ដឹកជញ្ជូនតាមផ្លូវអាកាសរវាងអាស៊ាន និងសហភាពអឺរ៉ុប។
AE-CATA មានសារសំខាន់ណាស់ក្នុងការស្តារឡើងវិញនូវវិស័យដឹកជញ្ជូនទំនិញ និងទេសចរណ៍តាម ផ្លូវអាកាស ហើយក៏នឹងជួយស្តារវិស័យសេដ្ឋកិច្ចរបស់បណ្តាលប្រទេសអាស៊ានផងដែរ ជាពិសេសនៅ ក្នុងយុគ្គសម័យក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ (Post-Covid-19 Recovery)។

គួរកត់សម្គាល់ផងដែរថា នៅពេលទទួលបានការផ្តល់សច្ចាប័នពីរដ្ឋជាភាគីហត្ថលេខី កិច្ចព្រមព្រៀង នេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយដល់វិស័យអាកាសចរណ៍ ទេសចរណ៍ និងសេវាកម្ម ដោយប្រជាជនចំនួនជាងមួយពាន់លាននាក់ (ក្នុងនោះប្រជាជនបណ្តាប្រទេសអាស៊ានប្រមាណ ៦៦០លាននាក់ ប្រជាជននៃបណ្តាប្រទេសនៅសហភាពអឺរ៉ុបប្រមាណ ៤៤០លាននាក់) នឹងទទួល បាននូវអត្ថប្រយោជន៍យ៉ាងធំធេងពីកិច្ចព្រមព្រៀង AE-CATAនេះ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


