ភ្នំពេញ៖ ពាក់ព័ន្ធនឹងប្រយុទ្ធប្រឆាំងការលាងប្រាក់ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា ត្រូវបានប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មើលឃើញថា វិស័យមានហានិភ័យខ្ពស់ ក្នុងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម គឺមានអំពើពុករលួយ ជួញដូរគ្រឿងញៀន ជួញដូរព្រៃឈើ ជួញដូរមនុស្ស ឆបោក បទល្មើឆ្លងដែន។
ថ្លែងក្នុងសិក្ខាសាលាស្តីពី ការប្រឆាំងការលាងប្រាក់ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលរៀចំដោយអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា សហកាជាមួយធនាគារពិភពលោក នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ភ្នំពេញ
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ការប្រឆាំងការសម្អាតប្រាក់ជាការងារបន្ទាន់ និងចាំបាច់បំផុតសម្រាប់កម្ពុជា ដោយភាគីអង្គភាពប្រឆាំងអំពើពុករលួយ បានសហការជាមួយធនាគារពិភពលោក ខិតខំស្វែងរកវិធីសាស្ត្រ ក្នុងការប្រឆាំងការ បោសសម្អាតប្រាក់ ជាពិសេសការរួមម្លាំងគ្នាលើការស៊ើបអង្កេត ដើម្បីចាប់ឲ្យបានជនល្មើសបញ្ជូនទៅតុលាការ។
ប្រធានអង្គភាព បានអះអាងថា កម្ពុជាមិនត្រូវបានសិ្ថតនៅក្នុងបញ្ជីពណ៌ប្រផេះឡើយ ដូច្នេះត្រូវរួមគ្នាក្នុងការទប់ស្កាត់ ។
លោក ឱម យ៉ិនទៀង បានថ្លែងបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងព្យាយាមស៊ើបអង្កេតចាប់ជនល្មើស ទោះបីព័ត៌មានមានការលំបាកទទួលបានក្តី ក៏ប៉ុន្តែត្រូវខិតខំស្វែងរកឲ្យ បាននូវភស្តុតាងច្បាស់លាស់ និងគ្រប់គ្រាន់ដើម្បីមានភាពងាយស្រួល បញ្ជូនជនល្មើសទៅតុលាការ។ ដូច្នេះហើយអង្គភាពស៊ើបអង្កេតហិរញ្ញវត្ថុរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលជាបង្គោលមួយដ៏ល្អរបស់កម្ពុជា ក្នុងប្រឆាំងការសម្អាតប្រាក់ ទាំងនៅក្នុងប្រទេសយើង ពីព្រោះពួកគាត់ជាស្នូល នៃការសហការជាមួយគ្រប់នគរបាល។ ជាពិសេសទៀត អង្គភាពហិរញ្ញវត្ថុជាបង្គោលមួយជាមួយ ស្ថាប័នអន្តរជាតិ។
លោកបានបន្ថែមថា កម្ពុជាមិនបានចូលទៅក្នុងបញ្ជីខ្មៅ និង បញ្ជីប្រផេះ ប៉ុន្ដែយើងសិ្ថតនៅលើមាត់ទ្វារមួយ យើងក៏ត្រូវគិតថាយើងបានឈរនៅចំខ្លោងទ្វារចូលនៅបញ្ជីពណ៌ប្រផេះ អ៊ីចឹងយើងមានពេល១៥ខែ គិតពីខែកក្កដា ២០១៧ រហូតដល់ខែតុលាឆ្នាំក្រោយ ដូច្នេះ កម្ពុជាត្រូវខិតខំធ្វើយ៉ាងណា បង្ហាញឲ្យអន្ដរជាតិបានឃើញពីការប្រឹងប្រែងកែលម្អបន្ថែមទៀត នៅចំណុចខ្វះខាតមួយចំនួន ៕ ដោយ៖កូឡាប