ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ស្អែកនេះ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងរក្សាទុកនៅវិមានឈ្នះ ឈ្នះ ដើម្បីទុកជាកេរដំណែលប្រវត្តិសាស្ត្រ។

ពិធីប្រគល់ និងទទួល កែវផ្ទុកដំណក់ប្រេង ដើម្បីដាក់តាំងនៅវិមានឈ្នះ ឈ្នះនេះ នឹងធ្វើឡើង ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ជាក់ថា ចំណូលទទួលបានពីវិស័យប្រេងកាតនេះ នឹងត្រូវផ្តល់អាទិភាព ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល។
បើតាមក្រសួងរ៉ែ និងថាមពល បរិមាណសក្តានុពលធនធានប្រេងកាតដែលត្រូវបានសិក្សារកឃើញ និងរំពឹងទុកគម្រោងប្រេងកាតប្លុក A សម្រាប់ដំណាក់កាលដំបូង 1A និង 1B ត្រូវបានប៉ាន់ស្មានថា អាចមានលើសពី ៣០លានបារ៉ែល ដែលមានរយៈពេលផលិតកម្ម ៩ឆ្នាំ ហើយអាចមានលទ្ធភាពពាណិជ្ជកម្មគ្រប់គ្រាន់ ដើម្បីជំរុញកម្ពុជាឲ្យក្លាយជាប្រទេសផលិតប្រេងឆៅផងដែរនៅពេលអនាគត។

កម្ពុជា បានទាញយកដំណក់ប្រេងលើកដំបូងនេះ ដោយការរកឃើញដំណក់ប្រេងនៅក្នុងតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដែលក្រុមហ៊ុន Kris Energy បានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា បើតាមផែនការរបស់ក្រុមហ៊ុន Kris Energy នេះ គ្រោងនឹងនាំចេញប្រេងកាតរបស់កម្ពុជា នៅខែឧសភា ឆ្នាំ២០២១នេះ ក្នុងបរិមាណចន្លោះពី ២៧ម៉ឺន ទៅ ៣០ម៉ឺនបារ៉ែល ដែល១បារ៉ែល ស្មើនឹង ១៥៨,៩៩លីត្រ ប៉ុន្តែត្រូវបានរាំងស្ទះនៃការនាំចេញទៅវិញ៕ រក្សាសិទ្ធិដោយ ៖ CEN
