ភ្នំពេញ៖ ការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នាថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ ត្រូវបានអ្នកធុរកិច្ចកម្ពុជា មើលឃើញថា ប្រទេសកម្ពុជា នឹងក្លាយជាទីតាំងផលិត និងចែកចាយទំនិញរបស់ប្រទេសចិន សំរាប់តំបន់អាស៊ាន។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យសារព័ត៌មានដឹងថា ក្រុមហ៊ុនធំៗរបស់ចិន ក្នុងនោះក៏មានអាមេរិក និងអឺរ៉ុបជាច្រើនផងដែរ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
លោកឧកញ៉ា បានលើកឡើងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចិនជាច្រើន បាននិងកំពុងចូលមកកម្ពុជា ហើយ ការចូលមករបស់អ្នកវិនិយោគធំៗនេះ អាចធ្វើឡើងនៅពេលឆាប់ៗ ដោយសារវ៉ាក់សាំងកូវីដ១៩ បានប្រកាសប្រើប្រាស់ជាផ្លូវការ។ ហេតុនេះការចូលមករបស់អ្នកវិនិយោគធំៗបាន និងកំពុងចាប់ផ្តើមបណ្តើរៗ ហើយនិងមកកាន់តែច្រើនបន្ថែមទៀតក្រោយវិបត្តិ Covid-19 បានបញ្ចប់។

ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុនផលិតកង់ឡានរបស់ប្រទេសចិន ឈ្មោះថា General Science Technology បានប្រកាសថា ក្រុមហ៊ុននេះ នឹងបោះទុន ១៦៦ លានផោន សាងសង់រោងចក្រ ផលិតសំបកកង់រថយន្ត នៅក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាព អាចផលិតសំបកកង់រថយន្តបាន៦លានសំបកក្នុងមួយឆ្នាំ។ រោងចក្រនេះ នឹងមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយរំពឹងថា អាចនឹងចាប់ផ្តើមដំណើរការ នៅខែកញ្ញា ឆ្នាំ២០២២ខាងមុខ។
គួរជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន បានផ្តល់ឲ្យប្រទេសកម្ពុជានូវកាលានុវត្តន៍ភាព ដ៏សំខាន់ជាច្រើន ក្នុងការពង្រីកទំហំពាណិជ្ជកម្មទៅក្រៅប្រទេស៕ រក្សាសិទ្ធិដោយ ៖ CEN



