ភ្នំពេញ ៖ បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២១ បានទទួលជួបពិភាក្សាការងារជាមួយ លោក ឈិន វិនស៊ឹង (Chen Wensheng) អនុប្រធានសមាគមពាណិជ្ជកម្មហ្វូជាន នៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានក្រុមហ៊ុនដឹកជញ្ជូន ឆាងហឺ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះ លោកបណ្ឌិត សុខ សុក្រឹត្យា បានលើកឡើងអំពីចំណងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន ដែល មានជាប្រវត្តិសាស្ត្រតាំងពីយូរលង់ណាស់មកហើយចំណងមិត្តភាពនេះនៅតែបន្តចាក់ឬសយ៉ាងរឹងមាំរហូតមក ទល់បច្ចុប្បន្ន ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែបន្តគោលជំហរឹងមាំគាំទ្រគោលនយោបាយចិនតែមួយ និងប្តេជ្ញាបន្តថែរក្សារក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិនទាំងសម្រាប់ពេលបច្ចុប្បន្ននិងទៅអនាគតចំណង មិត្តភាពសាមគ្គីភាព សុខសន្តិភាពនិងមិត្តភាពរវាងប្រទេសទាំងពីរនឹងកាន់តែស្អិតរមួត រឹងមាំថែមទៀត។
លោក ឈិន វិនស៊ឹង បានលើកឡើងថា ក្រុមហ៊ុនលោកមានគម្រោងពង្រីកការវិនិយោគទៅលើសេវាកម្មដឹកជញ្ជូនទេសចរណ៍រវាងកម្ពុជា-ចិន នាពេលខាងមុខ និងបានលើកសំណើ ក្នុងការផ្តល់កិច្ចសហការ គាំទ្រពីក្រសួងទេសចរណ៍លើគម្រោងនេះ។

លោកបណ្ឌិត សុខ សុក្រឹត្យា បានបង្ហាញការអបអរចំពោះគម្រោងរបស់ក្រុមហ៊ុន និងសន្យាលើកសំណើនេះជូនថ្នាក់លើពិនិត្យ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយក រដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ សម្តែងការកោរសរសើរ និងវាយតម្លៃខ្ពស់ចំពោះមហាមិត្តចិន ដែលបាន ជួយផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់កម្ពុជាបន្តបន្ទាប់ព្រមទាំងផ្តល់សម្ភារបរិក្ខាពេទ្យនិងបញ្ជូនក្រុមគ្រូពេទ្យជំនាញព្យាបាលកូវីដ-១៩មកជួយសង្គ្រោះប្រជាពលរដ្ឋកម្ពុជាបានទាន់ ពេលវេលា ស្របតាមសុភាសិតខ្មែរមួយឃ្លាពោលថា “ស្គាល់មិត្តល្អក្នុងគ្រាលំបាក”។

លោកបណ្ឌិត ក៏បានស្នើភាគីចិនបន្តជួយជំរុញវិនិយោគិនចិនឱ្យមកវិនិយោគលើសេវាកម្មផ្សេងៗទៀតក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្តោតជាពិសេស ខេត្តសៀមរាប និងខេត្តព្រះសីហនុ ព្រោះជាគោលដៅដែលមានសក្តានុពលទេសចរណ៍ខ្ពស់។ លោកបណ្ឌិត បានបន្ថែមថា កម្ពុជាគ្រោងនឹងបើកទទួលស្វាគមន៍ទេសចរចិននៅត្រីមាសទី ៤ ឆ្នាំ ២០២១ នេះ សម្រាប់ទេសចរដែលបានចាក់វ៉ាក់សាំងបានពេញលេញ តាមរយៈកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ ។
លោក ឈិន វិនស៊ឹង (Chen Wensheng) ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការរក្សានូវសុខសន្តិភាពពេញលេញដូចសព្វថ្ងៃដោយលោកឈិន វិនស៊ឹង បានសន្យាថានឹងខិតខំជួយជំរុញអ្នកវិនិយោគ និងទេសចរចិនឱ្យមកវិនិយោគ ក្នុងវិស័យទេសចរណ៍ វិស័យអប់រំ និងវិស័យសំខាន់ៗផ្សេងទៀត នាពេលដ៏ខ្លីខាងមុខនេះ។
សូមបញ្ជាក់ថា ថ្មីៗនេះ រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការ ស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ (២០២០-២០២៥) ដោយផ្តោតចក្ខុវិស័យក្នុងការកែទម្រង់វិស័យទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាពនិងនិរន្តរភាពដោយយកមកវិញនូវចំនួនទេសចរចិនចំនួន២លាននាក់ក្នុងឆ្នាំ២០២៣៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ