Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កែវដំណក់ប្រេងដំបូង គឺជានិមិត្តរូបនៃធនធានប្រេងកាតរបស់កម្ពុជា ដែលត្រូវបាន រៀបចំឡើងតាមរចនាបទខ្មែរ យកតំកល់ទុកនៅវិមាននយោបាយ ឈ្នះ- ឈ្នះ

ភ្នំពេញ ៖ ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា ដំណក់ប្រេងដំបូងរបស់ កម្ពុជាក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាកដែលគំរាមកំហែងដោយមេរោគរាតត្បាតកូវីដ-១៩ គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែង អំណត់ព្យាយាម និងពុះពារសម្រេច ជោគជ័យរបស់រាជរដ្ឋាភិបាលនិងវិនិយោគគិន។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងពិធីប្រគល់ទទួលកែវដំណក់ប្រេងដំបូងរបស់កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅវិមាននយោបាយឈ្នះ- ឈ្នះនាថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១។

ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថា ដំណក់ប្រេងដំបូងដែលកម្ពុជា ទទួលបានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃភាពជោគជ័យ របស់កម្ពុជាទាំងមូល ដែលយើងខ្ញុំព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសបានទន្ទឹងរង់ចាំជាច្រើនជំនាន់មកហើយ។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរ៉ែនិងថាមពល ខ្ញុំសូមអបអរសាទរដោយស្មោះអស់ពីដួងចិត្ត ចំពោះសមិទ្ធផលថ្មីក្រោមម្លប់នៃសន្តិភាពពេញលេញកើតចេញពីនយោបាយឈ្នះ- ឈ្នះ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ដំណក់ប្រេងដំបូងរបស់ កម្ពុជាក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាកដែលគំរាមកំហែងដោយមេរោគរាតត្បាតកូវីដ-១៩ គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែង អំណត់ព្យាយាម និងពុះពារសម្រេចជោគជ័យរបស់រាជរដ្ឋាភិបាលនិងវិនិយោគគិន ដែលយើង ខ្ញុំទាំងអស់គ្នាសូមចូលរួមកោតស្ញប់ស្ញែង។

កែវដំណក់ប្រេងដំបូងនេះ គឺជានិមិត្តរូបនៃធនធានប្រេងកាតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន រៀបចំឡើងតាមរចនាបទខ្មែរ និងសូមប្រគល់ជូន សម្តេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមាននយោបាយ ឈ្នះ-ឈ្នះ ដើម្បីតំកល់ទុកជា ប្រវត្តិសាស្ត្រ។

អត្ថន័យសំខាន់ៗ នៃកែវដំណក់ប្រេងដំបូងរបស់កម្ពុជានេះ មានដូចតទៅ៖

១- កែវដំណក់ប្រេងមានទម្រង់ក្រពុំឈូក ឬស្លឹកពោធិ តំណាងឲ្យភាពរុងរឿង បរិសុទ្ធ ការចម្រើនលូត លាស់ ដែលជាកំណប់ទ្រព្យរបស់កម្ពុជា។ កែវដំណក់ប្រេងមានកម្ពស់ ២៩ សង់ទីម៉ែត្រ តំណាងឲ្យ ថ្ងៃទី២៩ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

២-ជើងពានត្របកឈូក តំណាងឲ្យសេចក្ដីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរហូតទទួលបាននូវ លទ្ធផលផ្លែ គឺការទទួលបាននូវធនធានប្រេងកាតសម្រាប់អភិវឌ្ឍជាតិមាតុភូមិកម្ពុជា។ ជើងពានត្របកឈូក មានកម្ពស់ ១២ សង់ទីម៉ែត្រ តំណាងឲ្យខែ១២ ឬខែធ្នូ ដែលទទួលបានដំណក់ ប្រេងដំបូងរបស់កម្ពុជា។

៣-ពានជើងសឹង្ហ និងឋានជើងបាត តំណាងឲ្យការជ្រោមជ្រែងរបស់ប្រជាជនកម្ពុជា និងមន្ត្រីរាជការ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធនានាក្នុងការខិតខំប្រឹងប្រែងធ្វើការងារ ទាញយកភោគផលនៃធនធានធម្មជាតិដើម្បីយកមកអភិវឌ្ឍសង្គមជាតិ។ ពានជើងសឹង្ហ និងឋាន ជើងបាត មានកម្ពស់ ២០ សង់ទីម៉ែត្រ តំណាងឲ្យឆ្នាំ២០២០ ដែលទទួលបានដំណក់ប្រេងដំបូង របស់កម្ពុជា។

៤-ក្បាច់កញ្ចាំងភ្ញីភ្លើងលម្អដោយនាគក្បាលបី តំណាងឲ្យ តេជៈ ភាពចម្រុងចម្រើន សម្បូរសប្បាយ និងតំណាងឲ្យឆ្នាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ជាសម័យកាលដែលទទួលបាននូវដំណក់ប្រេងដំបូងរបស់កម្ពុជា។

៥-និមិត្តរូបរួមនៃដំណក់ប្រេងដំបូងរបស់កម្ពុជាត្រូវបានប្រសិទ្ធនាមថា បឋមតេលពិន្ទុកម្ពុជា។ បឋមតេលពិន្ទុកម្ពុជា (ភាសាបាលី) មកពីពាក្យ បឋម ប្រែថាដំបូង + តេលប្រែថាប្រេង + ពិន្ទុ ប្រែថាដំណក់ + កម្ពុជា គឺប្រទេសកម្ពុជា។ ប្រែជារួមថា “ដំណក់ប្រេងដំបូងរបស់កម្ពុជា”។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្រ្តី សូមគោរពថ្លែងនូវអំណរគុណប្រកបដោយកត្តញ្ញូតាធម៌ដ៏ ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍវិស័យប្រេងកាតកម្ពុជា៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×