Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បាននិងកំពុងកែលំអរពង្រីក សមត្ថភាពផលិតទឹកស្អាត ដើម្បីបំពេញនូវតម្រូវការដែលចេះតែកើនឡើង

ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងខិតខំប្រឹងប្រែង ពន្លឿនការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញនូវតម្រូវការ នៃការប្រើប្រាស់ទឹកស្អាតជូនដល់ប្រជាពល រដ្ឋ ដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ តម្រូវការនៃការប្រើប្រាស់ទឹកស្អាត បានកើនឡើងដល់ ៧៥៦.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយលើសពីសមត្ថភាពផលិត ព្រោះបច្ចុប្បន្ននេះ កម្ពុជាអាចផលិតទឹកស្អាតបានត្រឹមតែ ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ជាពិសេស ប្រជាពលរដ្ឋនៅតំបន់ជាយរាជធានីភ្នំពេញ ហើយគួបផ្សំនឹងអាកាសធាតុក្តៅផងនោះ ធើ្វឲ្យបរិមាណនៃការប្រើប្រាស់ទឹកស្អាត បានកើនឡើងយ៉ាងគំហុគ ដែលទាំងនេះ នាំឱ្យសំពាធទឹកធ្លាក់ចុះ។

សូមជម្រាបថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទាំងអស់មានចំនួន៤ រួមមាន រោងចក្រផលិតទឹកស្អាតភូមិព្រែក ជ្រោយចង្វារ និរោធ និងចំការមន បាននិងកំពុងកែលំអរ និងពង្រីកសមត្ថភាពផលិតជារៀងរាល់ថ្ងៃ។ ជាមួយ គ្នា នេះ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីមួយទៀត ក៏ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ផងដែរ គឺរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង។ ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនេះ នឹងត្រូវធ្វើឡើងចំនួន ២ជំហាន ដែលគ្រោងចំណាយថវិកាអស់ប្រមាណ ៣៤៨លានដុល្លារអាមេរិក។

ជំហានទី១ ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ១៩៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ បន្ទាប់មកនិងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខផងដែរ។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកនយោបាយទឹកស្អាត បង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកស្អាតជូនដល់ប្រជាពលរដ្ឋ។ ចក្ខុវិស័យរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានប្តេជ្ញាចិត្តបន្តធ្វើឲ្យសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួនឱ្យមានការរីកចម្រើនប្រកបដោយចីរភាព ព្រមទាំងធ្វើជាអ្នកផ្តល់ប្រឹក្សាជាអ្នកសម្របសម្រួល ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជនខេត្ត-ក្រុងនៅទូទាំងប្រទេសកម្ពុជា មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ទាំងអស់គ្នា៕រក្សាសិទ្ធិដោយ៖CEN

×