Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ គ្រោងពង្រីកវិសាលភាពការលក់ដូរ នៅផ្សាររដ្ឋទាំង២៥ ឱ្យបានទូលំទូលាយជាងមុន

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងពង្រីកវិសាលភាព នៃការលក់ដូរនៅតាមផ្សាររដ្ឋទាំង២៥ ឱ្យបានទូលំទូលាយជាងមុន ក្រោយពីផ្សាររដ្ឋនានា នៅទូទាំងរាជធានីភ្នំពេញ មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ថែមទៀត ខណៈបានបើកឱ្យដំណើរការ ប្រមាណ២សប្តាហ៍ហើយនោះ បើទោះបីនៅតាមបណ្ដាលរោងចក្រ សហគ្រាសមួយចំនួន នៅតែបន្តឆ្លងជាបន្តបន្ទាប់ក៏ដោយ។

នៅក្នុងកិច្ចប្រជុំតាមរយៈ video conference មួយ នៅសាលារាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៨ខែមិថុនា លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ផ្សាររដ្ឋទាំង២៥ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចឱ្យបើកឲ្យដំណើរការ លក់ដូរឡើងវិញ ប្រមាណ២សប្ដាហ៍កន្លងមកហើយ ដោយលក់ជាគ្រឿងឧបភោគបរិភោគ ត្រី សាច់ជាដើម ។ ប៉ុន្តែមកដល់ពេលនេះ ពោលគឺក្រោយពីបើកឲ្យដំណើរការឡើងវិញនោះ ឃើញថានៅតាមផ្សាររដ្ឋទាំង២៥ មិនមានការឆ្លងរាលដាលជំងឺកូវីដ-១៩នោះទេ។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីកវិសាលភាព នៃការបើកផ្សារទាំង២៥នេះ ឱ្យបានធំទូលាយជាងមុន ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបញ្ជាក់ថា មុននៃការបើកវិសាលភាព ផ្សារឱ្យបានទូលំទូលាយជាងមុននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការកោះប្រជុំជាមួយ នឹងគណៈកម្មការផ្សារទាំង២៥ជាមុនសិន ដើម្បីពិនិត្យលទ្ធភាព ថាតើយើងគួតែពង្រីកវិសាលភាពផ្សារ ឱ្យបានក្នុងកម្រិតណា ។ ក្រោយពីមានការប្រជុំពិភាក្សាគ្នាហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ដើម្បីជម្រាបជូនទៅគណៈកម្មការផ្សារទាំង២៥ និងសាធារណៈជន ឱ្យបានជ្រាបជាព័ត៌មាន ដោយសារតែប្រជាពលរដ្ឋភាគច្រើនបំផុត ហើយបានចេះការពារខ្លួន ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល និងការអនុវត្ត៣កុំ៣ការពារបានល្អ មានន័យថា ពួកគាត់ចេះរស់នៅក្នុងបរិបទថ្មី កូវីដ-១៩ហើយ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×