Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វឌ្ឍនភាព នៃការអនុវត្តគម្រោង សាងសង់ស្ថានីយ៍ ផលិតកូនត្រីពូជ នៅភូមិបាដើម ស្រុកសេសាន

ខេត្តស្ទឹងត្រែង ៖ ជាផ្នែកមួយគម្រោងកម្មវិធីទីបួន នៃការគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ (Mekong-Integrated Water Resources Management Phase 3, M-IWRMP3) ។ នេះបើតាមរបាយការណ៍របស់លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញផ្សាយនៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១។

ចំពោះលទ្ធផលគឺសម្រេចបានកន្លង មានដូចខាងក្រោម ៖ រដ្ឋបាលជលផល បាននិងកំពុងសាងសង់ស្ថានីយ៍ ផលិតកូនត្រីពូជមួយកន្លែង លើផ្ទៃដីទំហំ ១០,៤ហិកតា នៅភូមិបាដើម សង្កាត់សាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោមគម្រោងហិរញ្ញប្បទានធនាគារពិភពលោក (M-IWRMP3-C1) ចំនួន មួយលានពីរប្រាំសែនដុល្លារអាមេរិក ។

សំណង់នេះមានទ្រង់ទ្រាយធំ ដែលបានរៀបចំទៅតាមរចនាបទ និងបច្ចេកទេសខ្ពស់ បំពាក់ដោយឧបករណ៍ សម្ភារៈបរិក្ខារទំនើបៗសម្រាប់ដំណើរការ។ ស្ថានីយនេះនឹងបម្រើដល់ការសិក្សាស្រាវជ្រាវ បង្កាត់ភ្ញាស់ ប្រភេទត្រីកំពុងរងគ្រោះថ្នាក់ និងផ្គត់ផ្គង់កូនត្រីពូជ ដែលមានតម្លៃសេដ្ឋកិច្ច ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។

ស្ថានីយ៍ផលិតកូនត្រីពូជនេះ មានស្រះមេអាចស្ដុកទឹកបាន ២ ០១៤០ ម៉ែត្រត្រីគុណ ដែលយកប្រភពទឹកពីទន្លេសេកុង ដោយប្រើម៉ូទ័របូមទឹកចំនួន៣គ្រឿង និងមានស្រះកូនត្រីចំនួន១២ ស្រះបំប៉នត្រីសាច់ចំនួន៤ និងស្រះត្រីមេពូជចំនួន៦ទៀត មានប្រព័ន្ធប្រឡាយបញ្ចេញនិងបញ្ចូលទឹក ស្រះចម្រោះទឹកកខ្វក់និងកាកសំណល់ ដើម្បីកែលម្អរគុណភាពទឹក សម្រាប់ប្រើប្រាស់ឡើងវិញ និងការការពារបរិស្ថាន ដោយមិនបង្ហូរផ្ទាល់ចូលទៅក្នុងទន្លេ និងមានទំនប់ការពារទឹកជំនន់ដែលអាចកើតឡើងជាយថាហេតុ។

ស្ថានីយ៍នេះ មានអគារសម្រាប់ការងារពិសោធន៍ស្រាវជ្រាវ បណ្ដុះបណ្ដាល ការិយាល័យ បណ្ណាល័យ អគារបង្កាត់ ភ្ញាស់ និងថែបំប៉នកូនត្រីចំនួន៦ ព្រមទាំងអគារស្នាក់នៅ សម្រាប់មន្ត្រីរាជការ និស្សិត និងកម្មករ។ ក្នុងស្ថានីយ៍នេះ ក៏បានសាងសង់ឃ្លាំងផ្ទុកសម្ភារ ឃ្លាំងស្ដុកចំណី រោងម៉ាស៊ីនភ្លើង ប្រព័ន្ធផ្លូវបេតុង និង បណ្ដាញអគ្គិសនី ចំណតរថយន្ត របងការពារ រោងយាម និងអណ្តូងទឹកស្អាត។

ទោះបីស្ថានភាពជំងឺកូវីដ១៩កំពុងរាលដាលឆ្លងក្នុងសហគមន៍ក៏ដោយ ក៏រដ្ឋបាលជលផល បាននិងកំពុងជំរុញការសាងសង់ស្ថានីយ៍នេះ ឱ្យបានរួចរាល់ជាស្ថាពរនៅខែតុលាឆ្នាំ២០២១ តាមការគ្រោងទុក។
ស្ថានីយ៍នេះ នឹងមានតួនាទីយ៉ាងសំខាន់ ក្នុងវិស័យជលផល ពិសេសការអភិវឌ្ឍវារីវប្បកម្មនៅភូមិភាគ ឦសាន និងធនធានជលផលទឹកសាប៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×