Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​អាស៊ាន​-​អូស្ត្រាលី​បាន​ឯកភាព និង​ចុះ​អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​

spot_img

​អូស្ត្រាលី​៖​នៅ​ព្រឹក​ថ្ងៃទី ១៧ មីនា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី ដែល​បាន​ប្រារព្វ​ធ្វើ​នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ស៊ីដនី ប្រទេស​អូស្ត្រាលី​។ មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន ត្រូវ​បានទទួល​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រាក់ទាក់​បំផុត​ពី លោក ម៉ា​ល់​ខូ​ម ថើ​ន​ប៊ុល​(Malcolm Turnbull) នាយករដ្ឋមន្ត្រី​អូស្ត្រាលី​។​

​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី ឆ្នាំ​២០១៨​នេះ មាន​គោលបំណង​ពង្រឹង​ការរួមចំណែក​របស់​អា​ស៊ាន និង​អូស្ត្រាលី ក្នុងការ​ការលើកកម្ពស់​សន្តិសុខ និង​វិបុលភាព​តំបន់ ព្រមទាំង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​-​អូស្ត្រាលី ឲ្យ​កាន់តែ​ស៊ីជម្រៅ តាមរយៈ​ការបន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​នយោបាយ សេដ្ឋកិច្ច និង​ការតភ្ជាប់​សម្រាប់​រយៈពេល​ជា​ឆ្នាំ​ទៅមុខទៀត​។ ទំនាក់ទំនង​អាស៊ាន​-​អូស្ត្រាលី បានចាប់ផ្តើម​ឡើង​ក្នុង​ភាពជា​ដៃគូ​សន្ទនា​ដំបូង​គេ​បង្អស់​នៅ​ឆ្នាំ​១៩៧៤ ដោយមាន​សារសំខាន់​យ៉ាងខ្លាំង​សម្រាប់​សន្តិសុខ និង​វិបុលភាព​ក្នុង​តំបន់​។ ដោយ​មើលឃើញ​ពី​សារសំខាន់ នៃ​ភាពចាំបាច់​នៅក្នុង​ការថែរក្សា​ផលប្រយោជន៍​ស្នូល​ផ្នែក​សេដ្ឋកិច្ច សន្តិសុខ និង​ការដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា ទំនាក់ទំនង​ភាពជា​ដៃគូ​សន្ទនា​អាស៊ាន​-​អូស្ត្រាលី បាន​ឯកភាព ឈានទៅដល់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នៅក្នុង​ឆ្នាំ​២០១៤​។ នៅ​ឆ្នាំ​២០១៥ អាស៊ាន​-​អូស្ត្រាលី បាន​ឯកភាពគ្នា ក្នុងការ រៀបចំ​ឲ្យ​មាន កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី រៀងរាល់​២​ឆ្នាំ​ម្តង ក្នុងនោះ​នៅ​ឆ្នាំ​២០១៦ បានចេញ​សេដ្ឋកិច្ច​ថ្លែងការណ៍​រួមមួយ ស្តីពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី ជា​រៀងរាល់​២​ឆ្នាំ​ម្តង ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៨-២៩ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​។ ចាប់តាំងពី​បានក្លាយ​ជា​ដៃគូ​សន្ទនា​អស់​រយៈពេល​៤៤​ឆ្នាំ​មក ។​

​នេះ​គឺជា​លើក​ទី​១​ហើយ អូស្ត្រាលី​បានធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី នៅលើ​ទឹកដី​របស់ខ្លួន​។ ប្រធានបទ​សំខាន់ៗ​មួយចំនួន ត្រូវបាន​លើកយក​មក​ពិភាក្សា នៅក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ គឺ​ការផ្តោត​សំខាន់​ទៅលើ​ទិសដៅ​អនាគត​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​អូស្ត្រាលី និង​សារសំខាន់​នៃ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​យុទ្ធសាស្ត្រ​មួយចំនួន​ដើម្បី​រក្សា​សន្តិភាព សន្តិសុខ និង​ស្ថេរភាព ពោលគឺ​កិច្ចប្រជុំ​កំពូល​នៅពេលនេះ បានផ្តល់​អាទិភាព​ពិភាក្សា​លើ​របៀបវារៈ​សំខាន់​ចំនួន​ពីរ គឺ​ការប្រយុទ្ធប្រឆាំង​និង​អំពើ​ភេរវកម្ម និង​ការធ្វើ ពាណិជ្ជកម្ម​-​វិនិយោគ​។​

​អាស៊ាន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​មួយ​ក្នុងចំណោម​ដៃគូ​ពាណិជ្ជកម្ម​កំពូល​ទាំងបី របស់​អូស្ត្រាលី ដែល​តំណាង​ឲ្យ​ប្រមាណ ១៥% នៃ​ពាណិជ្ជកម្ម​សរុប​របស់​អូស្ត្រាលី​។ ការវិនិយោគ​ផ្ទាល់​របស់​អូស្ត្រាលី ក្នុងប្រទេស​អាស៊ាន នៅ​ចុងឆ្នាំ​២០១៦ មាន​ចំនួន​៣៨​ប៊ី​លាន​ដុល្លា​។ ជាមួយគ្នានេះ​អូស្ត្រាលី​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាង​១​លាន​នាក់ ពី​ប្រទេស​អាស៊ាន​ជា​រៀងរាល់ឆ្នាំ ហើយ​នៅ​ឆ្នាំ​២០១៦-២០១៧ ជនជាតិ​អូស្ត្រាលី​ជាង​៣​លាន​នាក់ បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អាស៊ាន​។ ទន្ទឹមនឹងនេះ​មាន​និស្សិត​ប្រមាណ​១​សែន​នាក់ ពី​ប្រទេស​អាស៊ាន កំពុង​សិក្សា​ក្នុងប្រទេស​អូស្ត្រាលី​។​

​នៅក្នុង​ពិធី​នេះ មេដឹកនាំ​អាស៊ាន​-​អូស្ត្រាលី បាន​អញ្ជើញ​ជួប​ប្រាស្រ័យ​ជាមួយ​អតីត​និស្សិត​អូស្ត្រាលី ដែល​បាន​សិក្សា​ក្នុងប្រទេស​អាស៊ាន ក្រោម​ផែនការ​កូ​ឡំ​បូ ថ្មី ៣​នាក់ និង​និស្សិត​នៃ​ប្រទេស​អាស៊ាន​កំពុង​សិក្សា​ក្នុងប្រទេស​អូស្ត្រាលី ក្រោម​អាហារូបករណ៍​ចំនួន​១​នាក់​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​នេះដែរ មេដឹកនាំ​អាស៊ាន​-​អូស្ត្រាលី​បាន​អញ្ជើញ​ជា​អធិបតី​នៃ​ពិធី​បិទ​សន្និសីទ ស្តីពី​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម ដែល​ក្នុងនោះ មេដឹកនាំ​អាស៊ាន​-​អូស្ត្រាលី​បាន​ឯកភាព និង​ចុះ​អនុស្សរណៈ​រវាង​អាស៊ាន​-​អូស្ត្រាលី ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​។ អនុស្សរណៈ​នេះ​នឹង​នាំមក​នូវ​លទ្ធផល​ចំពោះ​សេចក្តីថ្លែងការណ៍​រួម​សម្រាប់​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​អន្តរជាតិ ដែល​បាន​ឯកភាពគ្នា​ដោយ​ថ្នាក់ដឹកនាំ​អាស៊ាន​-​អូស្ត្រាលី កាលពី​ខែកញ្ញា​ឆ្នាំ​២០១៦​។​

​មេដឹកនាំ​ទាំងអស់​បាន​ចាត់ទុកថា កញ្ចប់​គាំទ្រ​គំនិត​ផ្តួ​ម​ផ្តើម​ដែល​បានស្នើ​ទ្បើង​នេះ គឺ​ស្រប​នឹង​មូលបទ​របស់​សន្និសីទ​អាស៊ាន​-​អូស្ត្រាលី ស្តីពី​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦-១៧ ខែមីនា ឆ្នាំ​២០១៨ ហើយនឹង​គាំទ្រ​ដល់​កិច្ច​ខំប្រឹងប្រែង​ទ្វេភាគី តំបន់ និង​ពហុភាគី ដែលមាន​ស្រាប់​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម និង​អំពើហិង្សា​ជ្រុលនិយម​។ អូស្ត្រាលី​នឹង​ផ្តល់ជំនួយ​បច្ចេកទេស​ដល់ដៃ​គូ​អាស៊ាន ដើម្បី​តាក់តែង និង​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម ដែល​ស្រប​ជាមួយនឹង​ស្តង់ដារ​អន្តរជាតិ និង​ឧ​ត្ត​ម្មា​នុ​វត្ត​។ បង្កើត​កិច្ចពិភាក្សា និង​វេទិកា​ថ្នាក់​តំបន់​នានា​ជាមួយ​អាស៊ាន និង​ជាមួយ​ដៃគូ​អនុវត្ត​ច្បាប់​អូស្ត្រាលី ក្នុង​គោលបំណង​ប្រយុទ្ធប្រឆាំង ការ​គំរាម​គំហែង​ភេរវកម្ម​ពាក់ព័ន្ធ និង​ក្រុម​អាយ​ស៊ី​ល (ISIL-affiliated terrorists)​។​

​នៅ​ចំពោះមុខ​មេដឹកនាំ​អាស៊ាន នាយករដ្ឋមន្ត្រី​អូស្ត្រាលី បានធ្វើការ​គូសបញ្ជាក់​ដែរ​ថា អូស្ត្រាលី​នឹង​ផ្តល់​កម្មវិធី​កសាង​សមត្ថភាព ដល់​ដៃគូ​អនុវត្ត​ច្បាប់​អាស៊ា​ន លើ​បច្ចេកវិទ្យា​ទប់ទល់​ឧក្រិដ្ឋកម្ម ដើម្បី​ជួយ​ក្នុងការ​ស្រាវជ្រាវ និង​កាត់ផ្តាច់​សកម្មភាព​ភេរវកម្ម​។​ការរៀបចំ​សិក្ខាសាលា​អាស៊ាន​-​អូស្ត្រាលី ស្តីពី​ការប្រើប្រាស់​ភស្តុតាង​អេ​ឡិច​ត្រូ​និ​ច​ក្នុង​ភេរវកម្ម និង​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការចោទប្រកាន់​។ ការរៀបចំ​សិក្ខាសាលា​អាស៊ាន​-​អូស្ត្រាលី ស្តីពី​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​ក្រុម​អ្នក​ប្រយុទ្ធ​បរទេស ដើម្បី​សន្តិសុខ​តាម​ព្រំដែន (​អន្តោប្រវេសន៍ គយ ការអនុវត្ត​ច្បាប់ និង​ស៊ើបការណ៍​)​។ ជាមួយគ្នានេះ អូស្ត្រាលី នឹង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នកវិភាគ​ស៊ើបការណ៍ ផ្នែក​ហិរញ្ញវត្ថុ​ថ្នាក់​តំបន់​ចំនួន​៤​វគ្គ ដល់​ប្រទេស​សមាជិក​អាស៊ាន ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​សមាហរណកម្ម​បន្ថែមទៀត ក្នុងការ​ផ្លាស់ប្តូ​រការ​ស៊ើបការណ៍​ពហុភាគី និង​ដំណើរការ​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្តល់​ហិរញ្ញវត្ថុ​ភេរវកម្ម​។ បង្កើត​កម្មវិធី​ផ្លាស់ប្តូរ​អ្នកវិភាគ​ពហុភាគី​អាស៊ាន​-​អូស្ត្រាលី សម្រាប់​អ្នកវិភាគ​ស៊ើបការណ៍ ផ្នែក​ហិរញ្ញវត្ថុ​។ ដើម្បី​គាំទ្រ​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ អូស្ត្រាលី​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ និង​រៀបចំ​ការប្រកួត​សរសេរ​កម្មវិធី​កុំព្យូទ័រ ដើម្បី​ធ្វើឱ្យ​ស៊ីជម្រៅ​កិច្ចសហការ​រវាង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ ធនាគារ អ្នក​អភិវឌ្ឍ និង​ដៃគូ​ដទៃទៀត​ក្នុង​តំបន់ ដើម្បី​ប្រយុទ្ធប្រឆាំង​ការផ្តល់​ហិរញ្ញវត្ថុ​ភេរវកម្ម និង​ពង្រឹង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​។ គាំទ្រ​ការពង្រីក​បណ្តាញ​អាស៊ីអាគ្នេយ៍​នៃ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ប្រឆាំង​អំពើហិង្សា​ជ្រុលនិយម ដោយ​រៀបចំ​កិច្ចប្រជុំ​ស្តីពី​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឯកភាព​លើ​យុទ្ធសាស្ត្រ និង​វិស័យ​អាទិភាព​សម្រាប់​ការភ្ជាប់​ទំនាក់ទំនង​។​

​នៅក្នុង​ពិធី​នោះដែរ មេដឹកនាំ​អាស៊ាន​-​អូស្ត្រាលី បាន​អញ្ជើញ​ជា​កិត្តិយស នៃ​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ រវាង​អាស៊ាន​-​អូស្ត្រាលី ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី ជាមួយនិង​លោក​អគ្គលេខាធិការ​អាស៊ាន​ប្រកបដោយ​បរិយាកាស​អធិក​អ​ធ័​ម​បំផុត​៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×