កាលពីថ្ងៃ ១៤ ខែមីនា ក្រុមអ្នកវិទ្យាសាស្ត្រអាហ្សង់ទីន ប្រកាសថា ពួកគេបានរកឃើញខ្លាឃ្មុំ១ក្បាល ដ៏ធំសម្បើមនៃយុគ Pleistocen កាលពីពេលមុននេះ ប្រហែល ១២០.០០០ឆ្នាំ ដែលស្ថិតនៅតំបន់កំណាយវត្ថុបុរាណភាគពាយ័ព្យ ខេត្ត Buenos Aires។
អម្បូរខ្លាឃ្មុំ Arectotherium
បុរាណវិទូ Leopoldo Soi នៃវិទ្យាស្ថានសារៈមន្ទីរ La Plata ឲ្យដឹងថា ផូស៊ីល ដែលត្រូវបានរកឃើញនេះគឺជាផ្នែកប្រអប់ខួរមានលក្ខណៈពេញលេញ ព្រមទាំងឆ្អឹងក្រអូមមាត់ នៃពពួកខ្លាឃ្មុំ Arectotherium ព្រមជាមួយនោះក៏បានវាយតម្លៃថា នេះជារបកគំហើញដ៏អស្ចារ្យ ព្រោះថា ផូស៊ីលនៃពូជខ្លាឃ្មុំនេះ ស្ទើរតែពុំមានសល់ក្នុងចំណោមអម្បូរខ្លាឃ្មុំដែលស៊ីសាច់ជាអាហារ។
មុននេះអ្នកវិទ្យាសាស្ត្រអាហ្សង់ទីន ក៏ធ្លាប់បានរកឃើញខ្លាឃ្មុំធំបំផុត ស្ថិតនៅក្នុងអម្បូរ Arctotherium angustidens ដែលមានអាយុកាលដល់ទៅប្រមាណ ៧៨០.០០០ឆ្នាំ ៕ ចន្ទ្រា