Friday, September 30, 2022

យុទ្ធនាការ​ផ្សព្វផ្សាយ​ស្តីពី​សិទ្ធិ​ជនពិការ​នៅក្នុង​សហគមន៍ ក្នុងស្រុក​បរិបូរណ៍​

spot_img

​កំពង់ឆ្នាំង ៖ យុទ្ធនាការ​ផ្សព្វផ្សាយ​ស្តីពី​សិទ្ធ​ជនពិការ​នៅក្នុង​សហគមន៍ ត្រូវបាន​ធ្វើឡើង​នៅ​ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧​។ យុទ្ធនាការ​នេះ រៀបចំ​ដោយ​អង្គការ​ករុណា​បាត់ដំបង ក្រោម​ការជួយឧបត្ថម្ភ​ពី​មូលនិធិ​នៃ​ប្រទេស អាល្លឺម៉ង់ និង ប្រទេស​កូរ៉េ ដែលមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​មកពី​ឃុំ​ចំនួន​៩ នៅក្នុង​ស្រុក​បរិបូរណ៍ ។​

​លោក ពៅ ឈាន ប្រធាន​គម្រោង នៃ​អង្គការ​ករុណា​បាត់ដំបង ប្រចាំ​នៅ​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា យុទ្ធនាការ​ផ្សព្វផ្សាយ​សិទ្ធ​ជនពិការ​នៅក្នុង​សហគមន៍ ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ «​ពិការភាព​មិនមែនជា​បញ្ហា​របស់​យើង » នាពេលនេះ គឺ​ដើម្បី​បង្កើន​ឱកាស​អោយ​ក្រុម​ជនពិការ​បាន​ជួបជុំគ្នា​ជាមួយ​អ្នកពាក់ព័ន្ធ​ទាំងអស់​ដើម្បី​បង្ហាញ​អំពី​កង្វល់​របស់​ពួកគាត់​នៅក្នុង​សហគមន៍​និង​ខ្លួន​គាត់​ផ្ទាល់ ហើយ​យុទ្ធនាការ​នេះ គឺ​ចង់អោយ​អាជ្ញាធរ​មូលដ្ឋាន​បញ្ចូល បញ្ហា​និង​តម្រូវការ​របស់​បងប្អូន​ជនពិការ ពិ​សេ​សេ​កុមារ​ពិការ​សតិបញ្ញា​ចូលទៅក្នុង​ផែនការអភិវឌ្ឍន៍​នានា ក្នុង​សហគមន៍​របស់គាត់ ។

​លោក​ទុំ ឈៀ​ត ប្រធាន​អង្គការ​ករុណ​បាត់ដំបង​បានអោយដឹងថា អង្គការ​ករុណា​បាត់ដំបង គឺជា​អង្គការ​មនុស្សធម៌​ក្រៅ​រដ្ឋាភិបាល បង្កើតឡើង​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ពិការ កុមារ យុវជន យុវនារី អ្នកជំងឺ​ងាយ​រងគ្រោះ និង រងគ្រោះ​មកពី​បុព្វហេតុ​ផ្សេងៗ និង គ្រួសារ​របស់​ពួកគេ​នៅក្នុង សហគមន៍ ។ អង្គការ​ករុណា​បាត់ដំបង មាន​គម្រោង​ជាច្រើន​សម្រាប់​ជួយ​ជនពិការ ដូចជា វិស័យ​អប់រំ សុខាភិបាល កសិកម្ម វិស័យសេដ្ឋកិច្ច ។

​លោក​ប្រធាន​បាន​អោយដឹងទៀតថា គម្រោង​ថ្មី​សម្រាប់​អង្គការ ករុណា​បាត់ដំបង បន្ត​ពី​គម្រោង​អង្គការ​មនុស្សលោក​ថ្មី គឺ គម្រោង​សមត្ថភាព​ជនពិការ ដែល​គម្រោង​នេះ​មាន​អ្នកទទួលផល​ចំនួន​២៣៩​នាក់ ជា​ជនពិការ​សតិបញ្ញា ដែល​អនុវត្ត​នៅ​ខេត្ត​គោលដៅ​ចំនួន​៣ គឺ​ខេត្តបាត់ដំបង ខេត្តកណ្តាល និង ខេត្តកំពង់ឆ្នាំង ។
​លោក ទុំ ឈៀ​ត បាន​អោយដឹងទៀតថា យុទ្ធនាការ​នាពេលនេះ គឺ​ពិត​ជាមាន​សារៈសំខាន់ ទាំង​ជនពិការ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ទូទៅ ដើម្បីអោយ​បាន​កាន់តែ​យល់ច្បាស់​អំពី​សិទ្ធ​សំខាន់​របស់​ជនពិការ និង រួមគ្នា​លុបបំបាត់​នូវ​ការរើសអើង​គ្រប់​រូបភាព មកលើ​ជនពិការ ដោយ​លើកទឹកចិត្ត​ដល់​ជនពិការ តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ បច្ចេកទេស វិជ្ជាជីវៈ និង ផ្តល់ឱកាស​អោយ​ពួកគាត់​បាន​ចូលរៀន​តាម​សាលា​ផងដែរ ដល់​ដើម្បីអោយ​ជនពិការ​មាន​សិទ្ធ​ពេញលេញ​រស់នៅ​ក្នុងសង្គម ៕ ដោយ​៖ ចៅ សន​