ខេត្តត្បូងឃ្មុំ ៖ សម្តេចពញាចក្រី ហេង សំរិន បានថ្លែងថា សមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា បានឆ្លុះបញ្ចាំងឲ្យឃើញអំពីវឌ្ឍនភាព ជំនឿ និងការគោរពប្រណិប័តន៍ ដ៏ជ្រាលជ្រៅ ចំពោះព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព មិត្តភាព និងការគាំទ្ររបស់បងប្អូនប្រជាជន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលជាច្រើន ស្ថិតនៅវត្តមង្គលនិវេសន៍ ហៅវត្តកណ្តោលជ្រុំក្នុង នៅភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។
សមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងពេលនេះមាន ឧបដ្ឋានសាលា ០១ខ្នង ទំហំ១៨ម៉ែត្រគុណ២៤ម៉ែត្រ សាលាពុទ្ធិកបឋមសិក្សាកម្រង សម្តេច ហេង សំរិន ពញាក្រែក ១ខ្នង កម្ពស់២ជាន់ ទំហំ៩ម៉ែត្រគុណ២៣ម៉ែត្រ កុដិថ្ម១ខ្នង ដែលមានទំហំ៩,៣០ម៉ែត្រគុណ ១៦,៦០ម៉ែត្រ អាងទឹក អណ្តូងទឹក ស្រះទឹក ខ្លោងទ្វារវត្ត សួនច្បារ ផ្លូវបេតុង រួមនឹងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនទៀត។
សមិទ្ធផលទាំងអស់នេះ បានផ្តើមកសាងតាំងពីឆ្នាំ២០០៥មក ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លោកជំទាវ ព្រមទាំងព្រះសង្ឃ គណៈកម្មការវត្ត ប្រជាពុទ្ធបរិស័ទ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលសរុបទឹកប្រាក់ក្នុងការសាងសង់អស់ជិត ៣០ម៉ឺនដុល្លារ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ការជួបជុំក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសាលាពុទ្ធិកបឋមសិក្សាកម្រង សម្តេច ហេង សំរិន ពញាក្រែក រួមនឹងសមិទ្ធផលនានា នាពេលនេះ គឺមិនត្រឹមតែឆ្លុះបញ្ចាំងឲ្យឃើញអំពីវឌ្ឍនភាព ជំនឿ និងការគោរពប្រណិប័តន៍ ដ៏ជ្រាលជ្រៅ ចំពោះព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព មិត្តភាព និងការគាំទ្ររបស់បងប្អូនប្រជាជនយើង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ក្នុងការកៀងគរធនធាន តាមគ្រប់មធ្យោបាយ ដើម្បីរួមគ្នាអភិវឌ្ឍន៍ ប្រទេសជាតិលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ឲ្យមានភាពរុងរឿងរីកចម្រើនដូចសព្វថ្ងៃនេះ។
សម្តេចបានគូសបញ្ជាក់បន្តថា ព្រះពុទ្ធសាសនាបានរស់រានមានជីវិតឡើងវិញ បន្ទាប់ពីឆ្លងកាត់នូវយុគសម័យដ៏ខ្មៅងងឹត និងជូរចត់ ក្នុងរបបវាល ពិឃាដប្រល័យពូជសាសន៍ ប៉ុល ពត។ របបប្រល័យពូជសាសន៍ ប៉ុល ពត វត្តនេះក៏ដូចបណ្តាវត្តនានានៅទូទាំងប្រទេស ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី ក្លាយជាគំនរផេះផង់គ្មានអ្វីសេសសល់ឡើយ។ ប៉ុន្តែក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ព្រះសង្ឃ គណៈកម្មការវត្ត អាចារ្យ និងពុទ្ធបរិស័ទ បានមូលមតិគ្នា កសាងទីអារាមនេះ រហូតមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាអាទិ៍ៈការកសាងព្រះវិហារ ឧបដ្ឋានសាលា របង កុដ្ឋិ និងសមិទ្ធផលជាច្រើនទៀត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវឲ្យបងប្អូនជនរួមជាតិទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាព ដែលជាមូល ដ្ឋានគ្រឹះនៃ ការអភិវឌ្ឍ ដោយមិនត្រូវជឿតាមការញុះញង់របស់ពួកអគតិ និងជនជ្រុលនិយមទាំងឡាយ ដែលចូលចិត្តញុះញង់បំភ័នបំភ្លៃការពិត និងតែងតែរារាំង ដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល និងត្រូវចូលរួមថែរក្សាសមិទ្ធផលទាំងអស់នេះ ឲ្យបានល្អប្រសើរ និងស្ថិតស្ថិរគង់វង្សយូរអង្វែង។
“បន្ទាប់ពីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា និងសាលាពុទ្ធិកបឋមសិក្សាដ៏ថ្មីសន្លាងនេះ នឹងក្លាយជាទីកន្លែងសមាទាន សីល សន្សំបុណ្យ កុសល និងជាមជ្ឈមណ្ឌលអប់រំ សិក្សាធិការ ព្រះធម៌ ព្រះវិន័យ គម្ពីរព្រះត្រៃបិដក ព្រមទាំងជាទីសេនាសនៈ សម្រាប់ប្រារព្ធពិធីបុណ្យនានា តាមគន្លង ព្រះពុទ្ធសាសនា” នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចប្រធានរដ្ឋសភា ៕ ដោយ៖បញ្ញាស័ក្តិ