តំបន់ជួរភ្នំក្រវាញ ៖ យោងតាមទិន្នន័យរូបភាព ដែលប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានដាក់នៅតាមតំបន់ការពារធម្មជាតិ ក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត និងតំបន់ជួរភ្នំក្រវាញកណ្តាល បានរកឃើញវត្តមាននៃសត្វឆ្កែព្រៃ។ ទោះបីជាមិនទាន់សូវសំបូរតែជាដំណឹងដ៏ល្អសម្រាប់អ្នកអភិរក្ស និងអ្នក បរិស្ថាននិយម។
នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃ ក្រសួងបរិស្ថាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ដោយបង្ហាញមោទកភាពថា នេះជាលទ្ធផលនៃកិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជាក្រោយ កម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ ដាក់ចុះដោយសម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាមានឱកាសគ្រប់គ្រាន់ ដើម្បីរៀបចំផែនការការពារនិងអភិរក្សធនធានធម្មជាតិ ដែលខ្លួនមាន ហើយបច្ចុប្បន្ននេះបាននិងកំពុងតែទទួលបាននូវផ្លែផ្កា។

ក្នុងរយៈពេលប៉ុន្មានខែនេះ ឆ្កែព្រៃត្រូវបានក្រុមអ្នកជំនាថតរូប បានតាមម៉ាស៊ីថតស្វ័យប្រវត្តិនៅក្នុង ដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងខេត្តពោធិ៍សាត់ និងនៅក្នុងឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនគិរី។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថាក្រៅពីដែនជម្រកសត្វព្រៃភ្នំសំកុសក្នុងតំបន់ជួរភ្នំក្រវ៉ាញកណ្តាល និងឧទ្យានជាតិវីរៈជ័យ គេឃើញវត្តមាននៃសត្វឆ្កែព្រៃក្នុងដែនជម្រកសត្វព្រៃផ្សេងទៀតក្នុងតំបន់ទេសភាព
ខ្ពស់រាបភាគខាងកើតដូចដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃកែវសីម៉ាជាដើម ដែលតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ បានចាប់បានរូបភាពនៃប្រភេទសត្វទាំងនេះរួមនឹង កូនតូចៗផងដែរ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថានេះ គឺជាសញ្ញាណដ៏ល្អមួយនៃជីវៈចម្រុះនៅកម្ពុជា ដែលប្រភេទសត្វកម្រដូចជាសត្វឆ្កែព្រៃនេះ ចាប់ផ្តើមបង្ហាញវត្តមានឡើងនៅតំបន់មួយចំនួន ហើយតំបន់ មួយចំនួនទៀតមានចំនួនកើនឡើង។
លោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវ នៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោក ខាងកើតទន្លេមេគង្គ នៃក្រសួងបរិស្ថាន ដែលបានដឹកនាំការស្រាវជ្រាវប្រភេទសត្វកម្រៗ នៅក្នុងឧទ្យានជាតិវីរៈជ័យ បានថ្លែងថា ឆ្កែព្រៃ Dhole ឬក៏ Asiatic wild dog (Cuon alpinus) ជាពពួកមំសាសត្វមាឌធំ និងត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជ (Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN។ ឆ្កែព្រៃរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ និងព្រៃល្បោះនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួន នៅភូមិភាគឦសាន ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ លោកបន្តថា ឆ្កែព្រៃខុសពីសត្វចចក វាចូលចិត្តរស់នៅជាហ្វូងធំៗ អាចមានរហូតដល់ជាងដប់ក្បាល ដែលបង្កលក្ខណៈងាយស្រួលក្នុងការប្រមាញ់ចំណី (ជាពិសេសប្រភេទសត្វមាឌធំ) និងទប់ទល់នឹងសត្រូវ។

លោកបានបន្តថា កត្តាគំរាមកំហែងដល់សត្វឆ្កែព្រៃមានដូចជា ការដាក់អន្ទាក់ បាត់បង់ទីជម្រក បាត់បង់សត្វដែលជាចំណី (ពពួកសត្ចក្រចកជើងចំពាម) ការចម្លងជំងឺពីឆ្កែស្រុកដែលត្រូវបានយកចូលក្នុងព្រៃ ក្នុងគោលបំណងផ្សេងៗ។ មានការសិក្សាស្រាវជ្រាវមួយ នៅដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ស្តីពីរបបអាហាររបស់សត្វឆ្កែព្រៃ (២០១៣-២០១៥) ដោយលោក Jan F. Kamler បានបង្ហាញថា សត្វឆ្កែព្រៃភាគច្រើនស៊ីឈ្លូស ជ្រូកព្រៃ និងសត្វទន្សោង ជាអាហារ។ តាមការបញ្ជាក់របស់លោក ពិន ច័ន្ទរតនា តំបន់ណាដែលសំបូរដោយវត្តមានខ្លារខិន នោះនឹង មិនសូវសំបូរវត្តមានសត្វឆ្កែព្រៃឡើយ ព្រោះសត្វទាំងពីរប្រភេទនេះស្វែងរកអាហារដូចគ្នា។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ការរកឃើញវត្តមានសត្វកម្រៗជាច្រើន ក្នុងនោះមានសត្វឆ្កែព្រៃនៅក្នុងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា បានបង្ហាញថាតំបន់ការពារធម្មជាតិ ត្រូវបានការពារនិងអភិរក្សបានល្អប្រសើរ និងបានក្លាយជាទីជម្រកដ៏មានសុវត្ថិភាពសម្រាប់សត្វព្រៃ។ ក្រសួងបរិស្ថានក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានដែនយុត្តាធិការការពារ និងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ នឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែម ដើម្បីការពារព្រៃឈើដែលជាទីជម្រករបស់ពពួកសត្វព្រៃ។ កម្ពុជាពិតជាមានមោទកភាពដែលមានវត្តមាន ប្រភេទសត្វកម្រនិងជិតផុតពូជ នៅលើពិភពលោកមាននៅកម្ពុជា។
ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សជីវៈចម្រុះជាពិសេសប្រភេទសត្វព្រៃជិតផុតពូជ កុំព្យាយាមនាំសត្វស្រុកចូលក្នុងព្រៃព្រោះសត្វស្រុកដូចជាសត្វឆ្កែជាដើម ដែលទឹកមាត់របស់វាមានផ្ទុលមេរោគអាចបង្កផលប៉ះពាល់ដល់សត្វឆ្កែព្រៃ និងរួមគ្នាថែរក្សាសត្ចព្រៃទាំងឡាយ ឱ្យបានគងវង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត ដោយនិយាយថាទេចំពោះសាច់សត្វព្រៃ និងកុំប្រើប្រាស់របរដែលផលិតពីវត្ថុធាតុដើមធ្វើពីសំណាកសត្វព្រៃ៕ រក្សាសិទ្ធិដោយៈ ចេស្តារ