ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងនូវែលសេឡង់ ដែលមកទទួលស្វាគមន៍វត្តមានរបស់មេដឹកនាំរបស់ខ្លួន នៅប្រទេសអូស្ត្រាលី ហើយក៏អរគុណ ចំពោះពលរដ្ឋខ្មែរ រស់នៅប្រទេសអូស្ត្រាលី ដែលមកធ្វើបាតុកម្មប្រឆាំងតវ៉ានឹងសម្តេច។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងក្នុងឱកាស អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់ មកពីតំបន់រោងចក្រ ជ្រៃកោង រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធទី២១ ខែមីនា ឆ្នាំ២០១៨នេះ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា “ប៉ូលិសអូស្ត្រាលី គឺថាភ្នែកកាក់ណាស់ ពីព្រោះប៉ូលិសអូស្ត្រាលី ជាទម្លាប់របស់គេ គេការពារមេដឹកនាំណាស់ គឺពួកគាត់ការពារមិនឲ្យអ្នកណាមកជិតមេដឹកនាំណាស់ ដោយគេខ្លាចមានកាំបិត និងរបស់ផ្សេងៗទៀត ហើយជាទម្លាប់ធម្មតារបស់កម្ពុជាមិនមានអ្វីជាបញ្ហានោះទេ នៅពេលដែលមេដឹកនាំចូលជួបជាមួយពលរដ្ឋរបស់ខ្លួន ។ នៅក្នុងពេលនោះ មានរបស់ដែលគេហៅថា មហាបាតុកម្ម មានមនុស្ស ១០០នាក់ ទល់ជាមួយមនុស្សជាង ១០០០នាក់ ដែលមកគាំទ្រដូចជាយ៉ាប់ពេក អ្វីទៅដែលហៅថាមហាបាតុកម្ម។ រួចអាថ្ងៃចុងក្រោយគេទៅធ្វើរួមគ្នា ធ្វើហ្នឹងមានឡាវ មានវៀតណាម មានភូមា មានថៃ មានហ្វីលីពីន រួចហើយឯងនេះ ទៅបន្លំទង់ជាមួយគេទៅថតឱ្យបានមនុស្សច្រើនបន្តិច។ នែករកស៊ីឱ្យវាស្អាតស្អំបន្តិចមើល”។
សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “យើងក៏សូមអរគុណអ្នកដែលបានមកធ្វើបាតុកម្មប្រឆាំងខ្ញុំផងដែរ ដើម្បីបង្ហាញថា លទ្ធិប្រជាធិបតេយ្យវាបែបហ្នឹងឯង រួចហើយកម្លាំងដ៏តូចតាចមួយនេះ ក៏បង្ហាញឱ្យឃើញថា អ្នកគ្មានឱកាស កុំថាឡើយមកដល់ក្នុងប្រទេសកម្ពុជា សូម្បីតែអ្នកនៅក្រៅប្រទេសក៏អ្នកគ្មានឱកាសរកមនុស្សច្រើនជាងនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំប្រទេស មិនគ្រាន់តែដឹកនាំប្រទេសរយៈពេលជាង ៤០ឆ្នាំមកហើយនោះទេ តែត្រូវដឹកនាំប្រទេស ១០ឆ្នាំទៀតយ៉ាងតិច”។
សម្តេចតេជោ បានបញជាក់ថា ” ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេស New Zealand និង Australia ទាំងអស់ដែលបានទទួលស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅបំផុត នៅក្នុងពេលទៅចូលរួមប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី កាលពីថ្ងៃទី១៦-១៨ មីនា កន្លងទៅនេះ។ វត្តមានរបស់បងប្អូនដែលមកទទួលខ្ញុំនៅទីនោះ បង្ហាញដ៏ជាក់លាក់ ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលមានមេដឹកនាំរបស់ខ្លួនទៅកាន់ប្រទេសអូស្ត្រាលី។ ខ្ញុំសូមផ្ញើនូវក្តីនឹងរលឹក និងអរគុណយ៉ាងខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងទាំងអស់ដែលនៅបន្តគាំទ្ររូបខ្ញុំ និងបន្តបោះឆ្នោតអោយ តែគណបក្សប្រជាជនមួយគត់ ដើម្បីដឹកនាំកសាងអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើនទៅមុខ”៕ ដោយ ៖ បញ្ញាស័ក្តិ