ភ្នំពេញ៖ អតីតតារាចម្រៀងយេយេ អ្នកនាង អ៊ុំ គន្ធា ត្រូវបានសមត្ថកិច្ចធ្វើការដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីចាប់ខ្លួនអ្នកនាង ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន និងល្បែងហ្គេមបាញ់ត្រី ។ ក្នុងដំណាក់កាលសមត្ថកិច្ចប៉ូលិសនិងអាជ្ញាធរខណ្ឌឫស្សីកែវ អ្នកនាង អ៊ុំ គន្ធា បានឆ្លើយសារភាពថា មិនពាក់ព័ន្ធនឹងរឿងនេះទេ។ ទោះយ៉ាងណា មហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានសរសេរខំមិន និងនិយាយរិះគន់យ៉ាងខ្លាំងមកលើអ្នកនាង អ៊ុំ គន្ធា ដោយបានលើកឡើង អ្នកនាងត្រូវបានគេជួយជ្រោមជ្រែង ទាំងជីវភាពឲ្យមានភាពប្រសើរឡើងវិញ ប៉ុន្តែជាមនុស្សចោលម្សៀត ទៅពាក់ព័ន្ធនឹងអំពើអបាយមុខ។
ករណីនេះ លោក អ៊ឹម ជីវ៉ា ជាតារាសម្តែងមួយរូប បានសរសេរក្នុងផេកហ្វេសប៊ុកថា សូមអបអរសាទរ សមត្ថកិច្ចបានដោះលែងអតីតារាចំរៀង អ៊ុំ គន្ធា វិញហើយនៅរសៀលថ្ងៃទី២៥តុលានេះ។
សមត្ថកិច្ចបានបញ្ជាក់ហើយថា អ្នកនាង អ៊ុំ គន្ធា មិនជាប់ពាក់ព័ន្ធនិងករណីប្រើប្រាស់គ្រឿងញៀននោះទេ កាលដែលចាប់នោះដោយសារតែពេលនោះវត្តមានអ្នកនាង នៅក្បែរនោះ ក៏ធ្វើឲ្យមានការយល់ច្រឡំ តែពេលសាកសួរដឹងថា មិនជាប់ពាក់ព័ន្ធសមត្ថកិច្ចបានដោះលែងវិញ ។ លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា “បើមិនអាណិតសប្បុសជន ដែលគេជួយ គួអាណិតខ្លួនឯងផង ។ ខ្ញុំពិតជាហួសចិត្តនិងសោកស្តាយបំផុត”។
បន្ទាប់ពីសមត្ថកិច្ចដោះលែងហើយ លោក អ៊ឹម ជីវ៉ា បានសង្ឃឹមថា អ្នកនាង អ៊ុំ គន្ធានិងឈប់ទៅរើសអេដចាយ ក្បែរអ្នកលេងថ្នាំញៀនទៀត ព្រោះផ្ទះអ្នកនាង នៅខណ្ឌសែនសុខទេ កុំទៅរើសនៅខណ្ឌឫស្សីកែវឆ្ងាយពីផ្ទះពេក អាណិតកូនផង ។
ជុំវិញរឿង អតីតអ្នកចម្រៀងជើងចាស់ អ្នកនាង អ៊ុំ គន្ធា ត្រូវបានមហាជនមានការចាប់អារម្មណ៍ជាខ្លាំង និងមានចិត្តអាណិតអាសូរ ដែលអ្នកនាងធ្លាប់មានឈ្មោះបោះសំឡេង និងធ្លាប់រស់នៅក្នុងជីវភាពហ៊ឺហា តែបែរជាមកធ្លាក់ខ្លួនមានជំងឺប្រចាំកាយ និងរស់នៅក្នុងស្ថានភាពក្រលំបាក ហើយស្រាប់តែឥលូវនេះ អ្នកនាង អ៊ុំ គន្ធា មកពាក់ព័ន្ធនឹងករណីគ្រឿងញៀនថែមទៀត។ អ្នកនាង អ៊ុំ គន្ធា ស្នាក់នៅសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ មហាជននិងតារាសិល្បៈទើបតែរួមគ្នាជួយលុយជួលកាក់ទៅផងនោះបានធ្វើឲ្យមានការរិះគន់ចំពោះទង្វើរបស់អ្នកនាងយ៉ាងខ្លាំង។
លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬឫស្សីកែវ ដែលជាអ្នកដឹកនាំប្រតិបត្តិការណ៍នោះ បានអះអាងថា ទីតាំងហ្គេមបាញ់ត្រីលួចលាក់ ដែលជាល្បែងស៊ីសងខុសច្បាប់ ដែលខាងសមត្ថកិច្ចទើបនឹងបានរកឃើញក្រោយការស្រាវជ្រាវអស់រយៈពេលមួយរយៈ។ លោកថា ក្រុមសមត្ថកិច្ចដកហូតបានទូបាញ់ត្រីចំនួន២និងឃាត់ខ្លួនបុរសម្នាក់ និងស្ត្រី២នាក់ដែលក្នុងចំណោមស្ត្រី២នាក់នោះមានម្នាក់ដែលគេស្គាល់ថា ជាតារាចម្រៀងជើងចាស់ឈ្មោះ អ៊ុំ គន្ធា ហើយអ្នកទាំង៣ក៏ត្រូវសមត្ថកិច្ចសង្ស័យថាបានសេពគ្រឿងញៀនផង។
ក្រោយការទម្លាយអោយដឹងពីករណីចុះបង្ក្រាបនេះហើយ ស្រាប់តែមានអតីតតារាចម្រៀង អ៊ុំ គន្ធា នៅក្នុងផង
បានធ្វើអោយម្នាក់ៗហួសចិត្តគ្រប់គ្នា ដែលអ្នកនាង អ៊ុំ គន្ធា ទើបតែបានអំពាវនាវសុំជំនួយឡើងផ្អើលស្រទាប់មហាជន ស្រាប់តែទៅជាប់ពាក់ព័ន្ធនឹងករណីលេងល្បែងស៊ីសងខុសច្បាប់ ហើយថែមទាំងជាប់ពាក់ព័ន្ធនឹងករណីសេពគ្រឿងញៀនទៅទៀត ដែលនេះមិនគួរកើតឡើងចំពោះអតីតតារាមួយរូបដែលតែងតែស្វែងរកជំនួយនៅពេលក្រលំបាកម្ដងៗ។
ម្ដាយរបស់អ្នកនាង អ៊ុំ គន្ធា បានប្រាប់ថា មិនមែនជាលើកទី១នោះទេ ដែលនាងបានប្រព្រឹត្តគ្រឿងញៀន គឺតាំងពីអ្នកនាងមានជំងឺអេដស៍ដំបូងៗម្ល៉េះ ហើយជាពិសេសអ្នកនាងអ៊ុំ គន្ធា ធ្លាប់ត្រូវបានបញ្ជូនទៅកាន់មណ្ឌលកែប្រែគ្រឿងញៀនផងដែរ។
តារាសិល្បៈដែលបាននាំជំនួយជួយដល់អ្នកនាង ក្នុងពេលអ្នកនាងដង្ហោយហៅ បានហៅថាទង្វើរបស់អ៊ុំ គន្ធា អស់កែហើយ ដោយសារតែក្រោយចាកចេញពីមណ្ឌលកែប្រែអ្នកនាង អ៊ុំ គន្ធា បានប្រកាសចេញពីមាត់របស់ខ្លួនហើយថាមិនពាក់ព័ន្ធនឹងករណីនេះជាថ្មីទៀតទេ អោយតែមានក្រុមសប្បុរសជនជួយដល់អ្នកនាងអោយបានរស់និងមានម៉ូតូជិះទុកគ្រាន់ទៅធ្វើការនឹងគេ។ ប៉ុន្តែផ្ទុយពីអ្វីដែលបានសន្យាគឺអ្នកនាងទើបត្រូវគេដឹងថាមានសប្បុរសជនរួមគ្នាប្រមូលលុយទិញម៉ូតូ ស្កូបពីឲ្យមួយគ្រឿង និងទទួលបានលុយកាក់ឧបត្ថម្ភមួយចំនួន ស្រាប់តែមានដំណឹងថាត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីករណីលេងល្បែងស៊ីសង និងជាប់ពាក់ព័ន្ធនឹងការសេពគ្រឿងញៀនផង។
លោក សាវិន ហ្វីលីព តារាជើងចាស់ដែលអះអាងថាជាអ្នកអំពាវរកលុយយកអោយអ្នកនាងទិញម៉ូតូបានមួយគ្រឿង កាលពីអំឡុងកន្លះខែមុន បានសម្ដែងអារម្មណ៍ខកចិត្តដែលអ្នកនាងទើបតែត្រូវបានមហាជនអាណិតអាសូនិងរួមគ្នាបេះពីមាត់ពង្រាត់ពីករយកទៅជួយ ស្រាប់តែមានដំណឹងថាទៅញៀនញ៉ាមល្បែងនិងមានពាក់ព័ន្ធរឿងសេពគ្រឿងញៀន ដែលលោកប្រាប់នេះជាទង្វើដែលអ្នកសិល្បៈ និងមហាជនទូទៅស្អប់ខ្ពើម។ លោកថាជារឿងអាម៉ាស់ណាស់ដែលអ្នកនាងមិនព្រមភ្ញាក់ខ្លួន ហើយលោកក៏អស់ជំនឿចិត្តក្នុងការបន្តស្វែងរកជំនួយទៅជួយទៀតដែរ ប្រសិនបើមានករណីក្រខ្សត់ជាថ្មីម្ដងទៀត។ មិនខុសគ្នាដែរ អ្នកនាង ខ្ញុង បានហៅការពាក់ព័ន្ធរបស់អ្នកនាង អ៊ុំ គន្ធា ថាជាទង្វើដាំមិនដុះនិងមិនអាចទទួលបាន។
អ្នកនាង ខ្ញុង បាននិយាយថា អ្នកនាងបានលុយបានកាក់ពីការផ្ដល់ជំនួយគួរតែយកថវិកាទាំងនោះទៅធ្វើដើមទុន និងគិតរឿងអ្វីដែលមានតម្លៃសម្រាប់ជីវិត គឺមិនអាចទៅវក់នឹងការលេងល្បែង និងរឿងដែលបំផ្លាញខ្លួនឯងនោះទេ។ អ្នកនាងអំពាវនាវឲ្យអ្នកនាង អ៊ុំ គន្ធា លះបង់នូវទង្វើទាំងនេះ ទាំងអ្នកនាង និងមហាជន មិនខ្លាចក្នុងការរួមគ្នាជួយសង្គ្រោះនោះទេ។
រឿងអ្នកនាង អ៊ុំ គន្ធា ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក៏មានការលើកឡើងថាអ្នកនាងនៅតែមិនចោលគន្លងចាស់ ដោយសព្វថ្ងៃធ្លាក់ខ្លួនឈឺ និងមានជីវភាពខ្វះខាត នៅតែពាក់ព័ន្ធនឹងករណីគ្រឿងញៀនបែបនេះ។
ដោយកន្លងមកក៏មានខាងសមាគមសិល្បៈដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា និងលោក អ៊ឹម ជីវ៉ា បានជួយជាអំណោយថវិកាមួយចំនួនជូនដល់អ្នកនាង អ៊ុំ គន្ធា ដែលធ្លាក់ខ្លួនខ្វះខាត និងមានបន្ទុកត្រូវចិញ្ចឹមកូនៗ។
បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង អតីតារាចម្រៀងសិចស៊ីរូបនេះ បាននិយាយតាមការឡាយវីដេអូឃ្លីបមួយថា មិនបានពាក់ព័ន្ធជាមួយគ្រឿងញៀនអ្វីទេ តែដោយសារពេលសមត្ថកិច្ចចុះរុករក ហើយប្រទះឃើញអ្នកនាងនៅក្រោមលូនោះតែម្ដង។ ដោយសារខ្លួនមានជំងឺឈឺឆ្អឹងខ្នង និងមានបំណងរត់ចោលកូនៗ ព្រោះមិនចង់ឱ្យកូនលំបាក និងមករងទុក្ខវេទនាក្នុងការមើលថែទាំ និងរស់នៅជាមួយអ្នកនាងតែប៉ុណ្ណោះ។ តាមរយៈវីដេអូដដែលនេះ អ្នកនាង អ៊ុំ គន្ធា បានប្រាប់ថា ដំបូងឡើងចង់ផឹកស្រាមួយកែវ ហើយក៏ត្រូវកូនប្រុស យកស្រាមួយកែវនោះចាក់ចោល ធ្វើឱ្យអ្នកនាងខឹងសម្បាយ៉ាងខ្លាំង ក៏រត់ចេញពីផ្ទះ។ នៅពេលនោះអ្នកនាងចង់ផឹកស្រាខ្លាំងណាស់ អ្នកនាងក៏បានជួបនឹងបុរសម្នាក់ ដែលជាអ្នកដើររើសកំប៉ុងអេតចាយ និងបានសួរនាំគ្នា និយាយត្រូវគ្នា ក៏បាននាំគ្នាទៅផឹកស្រានៅក្នុងផ្ទះគាត់ នៅម្ដុំចំណុចក្រោមលូទឹកស្អុយតែម្ដង។ អ្នកនាងបានបន្ដទៀតថា ខណៈដែលអ្នកនាងកំពុងសម្រាកនៅក្រោមលូនោះ អ្នកនាងមិនដឹងថា នៅខាងលើផ្ទះនោះ មានអ្នកណាធ្វើសកម្មភាពអ្វីឡើយ លុះដល់ឮសំឡេងក្ឌុងក្ឌាំងនៅខាងលើ ទើបផ្អើលឈូឆរឡើងតែម្ដង៕ ដោយ៖កូឡាប