នេះចាត់ទុកជាហេតុការណ៍កើតឡើងដ៏កម្រមួយ ដែលធ្វើឲ្យកូនក្រមុំ ជាពិសេសឪពុកម្តាយរបស់នាង ខកចិត្ត និងអាម៉ាសមុខយ៉ាងខ្លាំង ខណៈដែលពិធីមង្គលការកូនស្រីរបស់ពួកគេ បានរៀបចំរួចទៅហើ តែបែរជាគ្មានវត្តមានកូនកំលោះបែបនេះ ។ មង្គលការដ៏អភ័ព្ទនេះ បានកើតឡើងនៅក្នុងស្រុក Khao Phanom ខេត្ត Krabi ប្រទេសថៃ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មង្គលការនេះត្រូវបានបង្ខំចិត្តធ្វើឡើង បន្ទាប់ពីកូនស្រីម្ចាស់ដើមការដែលមានអាយុទើបតែ ១៥ ឆ្នាំ បានជ្រុលជ្រួសខុសប្រពៃណី ជាមួយយុវជនអាយុ ១៧ ឆ្នាំ ម្នាក់ រហូតមានផ្ទៃពោះ ៥ ខែ ។
មុនពេលពិធីមង្គលការនេះ បានរៀបចំរួចស្រេច១ខែមុន នោះខាងឪពុកម្តាយកូនកំលោះ បានចូលមកចែចូវតាមប្រពៃណី ហើយឪពុកម្តាយខាងកូនកំលោះបានបង្គាប់ថ្លៃទឹកដោះចំនួន ៣ សែនបាត ព្រោះពួកគាត់មានកូនស្រីតែ១គត់ ។ ប៉ុន្តែ នៅពេលនោះ ឪពុកម្តាយខាងកូនកំលោះ បានសុំបញ្ចុះតម្លៃត្រឹម ១សែន៥ម៉ឺនបាត និងក៏បានមើលវេលានៃថ្ងៃមង្គលការត្រឹមត្រូវ តាមការគន់គូរបស់លោកអាចារ្យ គឺកំណត់ថ្ងៃទី២៩ កញ្ញា ។
ទោះយ៉ាងណា មុនថ្ងៃមង្គលការមកដល់ ខាងប្រុសបានសុំបញ្ចុះថ្លៃដដែល ប៉ុន្តែ ខាងស្រីបានបញ្ជាក់ទៅវិញថា គឺនៅតែរក្សានូវពាក្សសម្តីដើម និងរៀបចំមង្គលការតែម្តង ។
ពិតជាស្លុតចិត្តជាខ្លាំង ខណៈសល់ពេលតែ១ថ្ងៃដល់ថ្ងៃរៀបការ ស្រាប់តែខាងប្រុសបានទូរស័ព្ទប្រាប់ថា មិនអាចមករៀបការបានទេ ដោយសារគ្មានប្រាក់បង្គ្រប់! ។
ឮដូច្នេះ ឪពុកម្តាយខាងស្រីសឹងតែធ្លាក់ថ្លើមប្រមាត់ និងក៏បានពិភាក្សាជាមួយបងប្អូន ថានឹងនៅតែបន្តពិធីមង្គលការនេះដដែល ។ ប៉ុន្តែ ឪពុកម្តាយខាងស្រី ក៏បានទៅប្តឹងឱ្យកូនខាងកូនប្រុសទទួលខុសត្រូវក្នុងរឿងនេះផងដែរ ប្រសិនបើមិនមកផ្តល់កិត្តយសដល់កូនស្រីរបស់ពួកគេ ។
រោងការដ៏ធំមួយ ត្រូវបានរៀបចំតុបតែងយ៉ាងហ៊ឺហា ដើម្បីត្រៀមទទួលភ្ញៀវប្រមាណជិត ១០០ តុ ។ ប៉ុន្តែ ពុទ្ធោអើយ! រង់ចាំតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ទៅហើយ បែរជាមិនឃើញវត្តមានកូនកំលោះមកទៀត ដែលជាហេតុធ្វើឱ្យកូនក្រមុំ ជាពិសេសឪពុកម្តាយរបស់នាង រួមទាំងបងប្អូនសាច់ញាតិ ជ្រួលច្របល់ និងខកចិត្តអាម៉ាសមុខយ៉ាងខ្លាំង ។
គួរបញ្ជាក់ថា កូនក្រមុំអាយុ ១៥ ឆ្នាំ បានកំពុងរៀនថ្នាក់ទី៤ បានលួចបង្កាត់ភ្លើងស្នេហាជាមួយកូនកំលោះអាយុ ១៧ ឆ្នាំ អស់រយៈពេល១ឆ្នាំ និងបានជ្រុលជ្រួសហួសប្រពៃណីរហូតមានផ្ទៃពោះ ៥ ខែ ៕ ចន្ទី