ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រ ព្រះបាទភូមិបុល អាឌុលយ៉ាដេត នៃព្រះរាជាណាចក្រថៃ
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នេះ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី អមដំណើរដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងសមាជិក នៃរាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។
ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងពិធីនេះ គឺដើម្បីសម្តែងនូវសមានចិត្ត និងមរណទុក្ខដ៏ស្មោះស្ម័គ្រ ថ្វាយ និងជូនចំពោះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជនថៃ ព្រមទាំងសម្តែងការគោរពចុងក្រោយចំពោះព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រថៃ ដែលបានសោយទីវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។
សូមជម្រាបថា អតីតព្រះមហាក្សត្រ ថៃ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គតនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងព្រះជន្ម ៨៨ព្រះវស្សា។ ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត ប្រសូត្រនៅឆ្នាំ ១៩២៧។ តាមរដ្ឋធម្មនុញ្ញថៃ ព្រះអង្គបានទទួលការតែងតាំងធ្វើជាស្តេចនៅឆ្នាំ១៩៤៦ បន្ទាប់ពីព្រះជេដ្ឋាគឺស្តេច អាណាន់ដា ម៉ាហ៊ីដុល សោយ ទីវង្គត។ ក្រោយពេលស្នងរាជ្យ ព្រះអង្គបានយាងទៅប្រទេសស្វីស ដើម្បីបញ្ចប់នូវកម្មវិធីជំនាញខាងផ្នែកច្បាប់និងវិទ្យាសាស្ត្រនយោបាយ។
អតីតព្រះមហាក្សត្រ ថៃ ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត ស្នងរាជ្យជាផ្លូវការនៅឆ្នាំ ១៩៥០ គឺជាព្រះរាជាគ្រងរាជ្យយូរជាងគេបំផុត។ តាមច្បាប់ស្នងរាជ្យនៃរាជវង្ស រាជទាយាទ មហា វ៉ាជីរ៉ាឡុងកន ក្លាយជាអ្នកស្នងរាជ្យរបស់ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត៕ ដោយៈ មុនីរាជ