ភ្នំពេញ៖ ព្រះមហាក្សត្រ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ច្បាប់ចំនួន៤ពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ។
ច្បាប់ចំនួនបួន គឺជាច្បាប់ទាក់ទងទៅនឹងការបោះឆ្នោត មានដូចជា ច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ សេចក្ដីស្នើច្បាប់ទាំងបួននេះ ត្រូវបានស្នើឡើងដោយតំណាងរាស្ត្រចំនួន៤៩រូប ដែលមាន លោក បណ្ឌិតរដ្ឋ ជាម យៀប ជាតំណាងក្រុមតំណាងរាស្ត្រហត្ថលេខី ជាអ្នកការពារសេចក្ដីស្នើច្បាប់ ហើយគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដឹកនាំដោយ លោក បណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ ជាអ្នករាយការណ៍ជូនអង្គសភាពីលទ្ធផលនៃការពិនិត្យ និងសិក្សាសេចក្ដីស្នើច្បាប់។ លទ្ធផលនៃការអនុម័តលើសេចក្ដីស្នើច្បាប់ទាំងបួន គឺទទួលបានការយល់ព្រមចំនួន៦៧សំឡេងដូចៗគ្នា៕ ដោយ៖ជាលី