Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រាជរដ្ឋាភិបាល ថ្កោលទោស​លើ​ការវាយប្រហារ​បន្ទាយ​ក​ង​ទ័ព​មួក​ខៀវ​កម្ពុជា​នៅ​ម៉ាលី​

spot_img

​ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ថ្កោលទោស ចំពោះ​ក្រុម​ប្រដាប់​អាវុធ​ដែល​បាន​ធ្វើ​ការវាយប្រហារ​ទៅលើ បន្ទាយ​កងទ័ព​មួក​ខៀវ​កម្ពុជា នៅ​ប្រទេស​ម៉ាលី កាលពី​ថ្ងៃ​ទី​២២ មីនា​។​

​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​១១ នា​ព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ក្រុមគ្រួសារ​របស់​កងកម្លាំង​មួក​ខៀវ​កម្ពុជា កុំ​មាន​ការព្រួយបារម្ភ ព្រោះថា​ករណី​នេះ មិនបាន​ធ្វើ​ឱ្យ​កងកម្លាំង​របស់​កម្ពុជា​រងរបួស​នោះ​ទេ​។ សម្តេច​តេជោ ហ៊ុន សែន ជំរុញ​ឱ្យ​កងកម្លាំង​មួក​ខៀវ​កម្ពុជា ដែល​កំពុង​បំពេញការងារ នៅ​ប្រទេស​ម៉ាលី ពង្រឹងស្មារតី​ឡើងវិញ ហើយ​បន្ត​បេសកកម្ម​មនុស្សធម៌ របស់​ខ្លួន​តទៅ​ទៀត​។​

​សម្តេច​តេជោ​បញ្ជាក់ថា “​កាលពី​ល្ងាច​ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៨ នៅ​ម៉ោង​ប្រមាណ​១​និង​៥៥ នាទី​ល្ងាច (​ម៉ោង​នៅ​កម្ពុជា​) មាន​អំពើ​វាយប្រហារ​ដ៏​ឃោរឃៅ​មួយ​មក​លើ​បន្ទាយ​កងទ័ព​កម្ពុជា​យើង​ដែល​កំពុង​ឈរជើង​រក្សា​សន្តិភាព​នៅ​ប្រទេស​ម៉ាលី ។ ប៉ុន្តែ​គ្មាន​អ្នកស្លាប់ និង​អ្នករបួស​ទេ នៅក្នុង​ពេល​ក្រុម​ឧទ្ទាម​វាយប្រហារ​។ ខ្ញុំ​សូម​អំពា​វា​នាវ​ដល់​នាយទាហាន និង​ពលទាហាន​ទាំងអស់​ត្រូវ​ពង្រឹងស្មារតី​ឲ្យបាន​រឹងមាំ​ក្នុងឋានៈ​ជា​ពលរដ្ឋ​កម្ពុជា​។ កម្ពុជា​សូម​ថ្កោលទោស​ដាច់ខាត​ចំពោះ​ក្រុម​ឧទ្ទាម​នៅ​ប្រទេស​ម៉ាលី​ដែល​បាន​បង្ក​ការវាយប្រហារ​មក​លើក​ង​ទ័ព​កម្ពុជា​យើង​។​
​ខ្ញុំ​ក៏​សូម​អរគុណ​រដ្ឋាភិបាល​បារាំង​ដែល​បាន​សហការ​ជាមួយ​កម្ពុជា​ក្នុង​បេសកកម្ម​អង្គការសហប្រជាជាតិ​។ កម្ពុជា​នឹង​បង្កើន​កម្លាំង​បន្ថែម​ទៀត ដើម្បី​ចូលរួម​ចំណែក​ថែរក្សា​ការពារ​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ (UN)”​។​

​សម្តេច​តេជោ ហ៊ុន សែន “​ខ្ញុំ​បាន​ប្រាប់​គាត់​ថា បើទោះបីជា​កើតឡើង​នូវ​ព្រឹត្តិការណ៍​នេះ ក៏​កម្ពុជា​មិន​ដកថយ ផ្ទុយទៅវិញ យើង​នឹង​បង្កើន​កម្លាំង​របស់​យើង​ថែម​ទៀត ដើម្បី​ចូលរួម​នៅ​ក្នុង​ការរក្សា​សន្តិភាព នៅក្នុង​ក្របខ័ណ្ឌ​ពិភពលោក​របស់​យើង​នេះ ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ​។​

​គួរបញ្ជាក់​ថា អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ នាយ​ឧត្តមសេនីយ៍ ឈុំ សុជាតិ បាន​ថ្លែងថា នៅវេលា​ម៉ោង​៦ និង​៥៥​នាទី​ព្រឹក ម៉ោង​នៅ​ម៉ាលី ដែល​ត្រូវ​នឹង​ម៉ោង​១ និង​៥៥​នាទី​រសៀល ម៉ោង​នៅ​កម្ពុជា ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែ​ចេត្រ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៨​នេះ មាន​ករណី​បំផ្លោង​គ្រាប់​ចំនួន​៣​គ្រាប់ ត្រូវចំ​ស្នាក់​ការ​របស់​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា ២​ខ្នង នៅ​តំបន់ Kidal ប្រទេស​ម៉ាលី បណ្តាលឲ្យ​មាន​ការខូច​ខាត​ទ្រព្យសម្បត្តិ​មួយចំនួន​ផង​ដែរ​។ ករណីនេះ មិន​បាន​បង្ក​ឲ្យ​កងកម្លាំង​វិស្វកម្ម​ព្រលាន​យន្តហោះ​លេខ​១៨៩ របស់​កម្ពុជា​ដែល​កំពុង​បំពេញ​ការងារ​នៅ​តំបន់​នោះ រងរបួស​នោះ​ទេ​។ រហូតដល់​ពេល​នេះ ស្ថានការណ៍​នៅ​កន្លែងកើតហេតុ មាន​ភាពប្រក្រតី​ឡើងវិញ​ហើយ​។ ជាមួយគ្នានេះ កម្លាំង​យើង​កំពុង​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ នៃ​ការវាយប្រហារ​ខាង​លើ​ផង​ដែរ​។​

​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ កងកម្លាំង​មួក​ខៀវ​កម្ពុជា ដែល​បម្រើ​ការងារ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ ប្រចាំ​នៅ​តំបន់​បេសកកម្ម ក្នុង​ប្រទេស​ម៉ាលី ក៏​បាន​រង​ការវាយប្រហារ​ពី​សំណាក់​ក្រុម​ឧទ្ទាម​បណ្តាល​ស្លាប់ និង​របួស​ជាច្រើន​នាក់​។​

​កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧ ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា កងកម្លាំង​មួក​ខៀវ​របស់​កម្ពុជា បម្រើ​ការងារ​នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល ក៏​បាន​រង​ការវាយប្រហារ​ដោយ​ក្រុម​ឧទ្ទាម បណ្តាលឲ្យ​កម្លាំង​កម្ពុជា ៤​នាក់​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×