Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ , បោះឆ្នោត​ជ្រើសរើស​មន្ត្រី​ចូលនិវត្តន៍​ម្នាក់​ធ្វើជា​ប្រធាន​ការិយាល័យ​

​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ បាន​បង្កើត​អោយមាន​ការិយាល័យ​ប្រជាពលរដ្ឋ ដើម្បី​ទទួល​និង​ដោះស្រាយ​ពាក្យបណ្តឹង ក្រៅ​ប្រព័ន្ធ​តុលាការ លើ​ការផ្តល់​សេវា​សាធារណៈ​និង​ការគ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​ដើម្បី​លើក​កំពស់ អភិបាលកិច្ច​ល្អ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​។​

​ពាក់ព័ន្ធ​នឹង​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នេះ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៣​មីនា​នេះ បាន​ប្រជុំ​បោះឆ្នោត​ជ្រើសរើស ប្រធាន អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ហើយ​ជា​លទ្ធផល​លោក​ជាម ហេង មន្ត្រី​ចូលនិវត្តន៍​ត្រូវ​បាន​ជាប់ឆ្នោត​ជា​ប្រធាន​ការិយា ល័យ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈកម្មាធិការ​បោះឆ្នោត ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​២១​រូប តំណាង​សភា​ពាណិជ្ជកម្ម​៧​រូប និង​អង្គកា​សង្គម​ស៊ីវិល​បម្រើ​ការងារ​នៅ​រាជធានី​ភ្នំពេញ​ចំនួន​៧​អង្គកា​ស្មើនឹង​៧​នាក់​។​

​ក្នុង​ការបោះឆ្នោត​នេះ​មាន​បេក្ខភាព​ជា​ប្រធាន​មាន​ចំនួន​៣​នាក់ ឈរឈ្មោះ​អោយគេ​បោះឆ្នោត ក្នុងនោះ​រួមមាន ៖ ១ លោក​ជាម ហេង មន្ត្រី​ចូល​និវត្ត​រដ្ឋបាល​រាជធានី ២៖ លោក​សែ​ស សុខ​កុសល មន្ត្រី​ចូល​និវត្ត​រដ្ឋបាល​រាជធានី និង​៣៖ លោក​អ៊ុំ ហ៊ីម មន្ត្រី​ចូលនិវត្តន៍​រដ្ឋបាល​រាជធានី ។ ចំណែក​បេក្ខភាព​ជា​អនុប្រធាន​ក៏មាន​ចំនួន​៣​រូប​ផង​ដែរ​។​

​លោកស្រី ដោ សម្ផស្ស ប្រធានការិយាល័យ​លេខាធិការ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានអោយដឹងថា​​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​នេះ លោក​ជាម ហេង បាន​ជាប់ឆ្នោត​ជា​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​លោកស្រី​ឈុន ដាលីន ជាប់​ជា​អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។​

​លោកស្រី ដោ សម្ផស្ស បាន​បញ្ជាក់​អោយដឹង​បន្តថា ការបង្កើត​អោយមាន​ការិយាល័យ​ប្រជាពលរដ្ឋ​នេះ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ធ្វើ​ឡើង ដើម្បី​ទទួល​សម្រុះសម្រួល​ដោះស្រាយ​ពាក្យបណ្តឹង ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ពាក់ព័ន្ធ​ទៅនឹង​ការផ្តល់សេវា សាធារណៈ​និង​ការគ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុង​គោលបំណង​លើក​កំពស់ អភិបាលកិច្ច​ល្អ ក្នុង​ការផ្តល់​សេវា​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ប្រកបដោយ​តម្លាភាព គណនេយ្យភាព​និង​ប្រសិទ្ធភាព សំដៅ​បង្កើន​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​៕​ ​ដោយ ៖ បញ្ញា​ស័ក្តិ​

×